អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

ការឆ្លងកូវីដ-១៩ទៅក្នុងសហគមន៍៖ លោក ហ៊ុន សែន បង្ខំចិត្តលះបង់សេដ្ឋកិច្ចខ្លះជាថ្នូរនឹងអាយុជីវិតពលរដ្ឋ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា AP - Heng Sinith
ដោយ៖ អេង គីមហុង
៩ នាទី

​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន តាម​សារបទ​អន្តរាគមន៍​រយៈ​ពេល​ជាង​២០​នាទី កាល​ពីយប់​​ថ្ងៃ​សៅរ៍​ទី​០៤​ធ្នូ បាន​រឹត​បន្តឹងផ្នែក​ខ្លះនៃ​សេដ្ឋកិច្ច​ដើម្បី​កាត់​បន្ថយ​ការ​ចម្លង​វីរុស​កូវីដ-​១៩​ចូល​ក្នុង​សហគមន៍​។ បើ​តាម​លោក​នាយក​រដ្ឋ​មន្ដ្រី ការ​លះបង់​សេដ្ឋកិច្ច​ខ្លះ​នា​ពេល​នេះ ធ្វើ​ឡើង​ក្នុង​បំណង​ជួយ​ជីវិត​ពលរដ្ឋ​កម្ពុជា​ដែល​ប្រឈម​នឹង​វិបត្តិ​កូវីដ​-១៩​។

ផ្សាយពាណិជ្ជកម្ម

ការ​លះ​បង់ខ្លះ​ដើម្បី​អាយុ​ជីវិត​របស់​ពលរដ្ឋ​កម្ពុជា ដែល​លោក ហ៊ុន សែន លើក​ឡើង​នេះ សំដៅ​ដល់​ការ​រឹត​បន្ដឹងការ​ធ្វើ​ចត្តាឡីស័ក​របស់​ធុរជន​ដែលកន្លង​មក​​មាន​ត្រឹម​២​ថ្ងៃ ដោយ​ពន្យារ​ពេលធ្វើ​ចត្តាឡីស័ក​រហូត​​ដល់​១៤​ថ្ងៃ​។ លោក​បញ្ជាក់​ថា ការណ៍​នេះ អាច​នឹង​ប៉ះពាល់​ដល់​ដំណើរ​ការ​របស់​ក្រុមហ៊ុន​ក្នុង​ស្រុក ប៉ុន្តែ​មាន​តែ​មធ្យោ​បាយ​នេះ​ទេ ដែល​អាច​ការពារ​អាយុ​ជីវិត​ពលរដ្ឋ ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​រីករាល​ដាល​កូវីដ-​១៩​នៅ​ក្នុង​សហគមន៍។

ទោះបីជាក្រុមអ្នកជំនាញរកមិនទាន់ឃើញប្រភពចម្លងនៃការឆ្លងចូលសហគមន៍ក៏ដោយ តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានជំនឿចិត្តថា តិចឬច្រើន ការ​ឆ្លង​កូវីដ​-១៩​មក​ក្នុង​ប្រទេស​កម្ពុជា មួយផ្នែកគឺបណ្ដាលមកពីការធ្វើចត្តាឡីស័កមិនបានពេញលេញពីសំណាក់ជនបរទេសនិងធុរ:កិច្ចមួយចំនួននេះឯង​។

នៅ​ចំពោះ​មុខ​ការ​ឆ្លង​ចូល​សហគមន៍ លោក ហ៊ុន សែន បាន​សុំ​ចិត្ត​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​ដែល​មាន​ជាង​២០​នាក់ បង្ហាញ​ភាព​ស្មោះ​ត្រង់​ថា ខ្លួន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​ណា​ខ្លះ ទីតាំង​ណា​ខ្លះ ដើម្បី​ផ្ដាច់​ឫស​គល់​នៃ​ការ​ឆ្លង​ចូល​សហគមន៍ ព្រោះ​ប្រសិន​បើ​មិន​ដូច្នោះទេ វា​នឹង​នាំ​មក​នូវ​ភាព​មហន្តរាយ​ដល់​សុខភាព​សាធារណៈ។

ជាមួយ​គ្នានេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ឯកភាព​ឲ្យ​មាន​ការ​បញ្ចេញ​អត្តសញ្ញាណ​នៃ​អ្នក​ឆ្លង​កូវីដ-​១៩  ដើម្បី​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​និងដើម្បី​ទប់​ស្កាត់និង​រក​ឃើញ​អ្នក​ឆ្លង​កូវីដ-​១៩​ឲ្យ​បាន​ទាន់​ពេល​វេលា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ