កូវីដ១៩៖សហភាពអឺរ៉ុបបន្ថែមថវិកា៣,៤៥ លានដុល្លារទៀតដល់កម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
សហភាពអឺរ៉ុបប្រកាសនៅថ្ងៃទី៤ធ្នូម្សិលមិញថា ក្រុមអឺរ៉ុបផ្តល់មូលនិធិជាទឹកប្រាក់សរុបចំនួន ២០ លានអឺរ៉ូ សម្រាប់គាំទ្រដល់ ប្រព័ន្ធសុខាភិបាល នៅសហគមអាស៊ាន ក្នុងនោះទឹកប្រាក់ចំនួន ២,៨៥ លានអឺរ៉ូ ឬស្មើនឹង៣,៤៥ លានដុល្លារសម្រាប់ជួយកម្ពុជាក្នុងបញ្ហាកូវីដ១៩។ នេះជាជំនួយលើកទី២របស់សហភាពអឺរ៉ុបមកកាន់កម្ពុជា ដែលពីពេលកន្លងទៅនេះ សហភាពអឺរ៉ុបក៏បានផ្តល់ជំនួយជាថវិកាប្រមាណ ៦០លានដុល្លារអាមេរិកផងដែរ សម្រាប់ដោះស្រាយបញ្ហាកូវីដ១៩នៅកម្ពុជា។
ការប្រកាសដូច្នេះ គឺនៅពេលសហភាពអឺរ៉ុបប្រកាសបើកដំណើរការនូវកម្មវិធីថ្មីមួយដើម្បីជួយគាំទ្រ ដល់ប្រព័ន្ធសុខាភិបាលរបស់ដៃគូអភិវឌ្ឍទាំង ៨ របស់ខ្លួនដែលស្ថិត ក្នុងតំបន់អាស៊ាន។ កម្មវិធីឆ្លើយតបនឹងការត្រៀមបង្ការជម្ងឺរាតត្បាត នៅតំបន់អាស៊ីអាគ្នេយ៍ នឹងត្រូវអនុវត្តកម្មវិធីដោយអង្គការសុខភាពពិភពលោក ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអាជ្ញាធរជាតិ និងលេខាធិការដ្ឋានអាស៊ាន។
ក្នុងចំណែកនៃថវិកាសកលចំនួន២០លានអឺរ៉ូ ថវិកាចំនួន ២,៨៥ លានអឺរ៉ូ (៣,៤៥ លានដុល្លារ) នឹងត្រូវចំណាយនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះ នឹងត្រូវអនុវត្តដោយការិយាល័យអង្គការសុខភាពពិភពលោកនៅភ្នំពេញ និងសហការជាមួយក្រសួងសុខាភិបាល ដើម្បីគាំទ្រដល់ផែនការឆ្លើយតប ថ្នាក់ជាតិនៃការប្រយុទ្ឋប្រឆាំងជំងឺរាតត្បាតកូវីដ១៩ ។ នេះជាជំនួយលើកទី២ហើយរបស់សហភាពអឺរ៉ុបមកកម្ពុជា។
កាលពីពេលកន្លងទៅនេះសហភាពអឺរ៉ុបក៏បានផ្តល់ជំនួយជាថវិកាប្រមាណ ៦០លានដុល្លារអាមេរិកផងដែរដើម្បីដោះស្រាយបញ្ហាកូវីដ១៩នេះ ខណៈសហរដ្ឋអាមេរិកបានរួមចំណែកចំនួន១១ លានដុល្លារដល់កម្ពុជា។
រីឯអាល្លឺម៉ង់វិញ ក៏បានផ្តល់នូវទឹកប្រាក់១លាន៦សែនដុល្លារអាមេរិក ខណៈប្រទេសជប៉ុន និងចិន ជួយផ្តល់គ្រូពេទ្យជំនាញ និងបរិក្ខារពេទ្យចាំបាច់សម្រាប់ប្រទេសកម្ពុជា។ ដោយឡែក ប្រទេសវៀតណាម ក៏បានផ្តល់ថវិកាចំនួន២០ម៉ឺនដុល្លារដល់កម្ពុជា និងឡាវ ដើម្បីដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ១៩នេះដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ