កម្ពុជា-ពាណិជ្ជកម្ម

កម្ពុជា-កូរ៉េខាងត្បូងបានឯកភាពគ្នា៩០ភាគរយលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកប្រធានាធិបតី កូរ៉េខាងត្បូង ម៉ូន ជេអ៊ិន ក្នុងជំនួបកាទូតនាពេលកន្លងមក
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកប្រធានាធិបតី កូរ៉េខាងត្បូង ម៉ូន ជេអ៊ិន ក្នុងជំនួបកាទូតនាពេលកន្លងមក © សហការី

​ប្រទេស​កម្ពុជា​ ​និង​កូរ៉េ​ខាងត្បូង​ ​បាន​ឯកភាព​គ្នា​ជាង​៩​០​ភាគរយ​ ​លើ​អត្ថបទ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ​រវាងប្រទេស​ទាំងពីរ​ (CK​F​T​A​) ​និង​បាន​បញ្ចប់​ទាំងស្រុង​នូវ​ផ្នែក​មួយ​ចំនួន​ទៀត​។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់​ ​ពី​ ​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ ​នា​ថ្ងៃ​ទី​០​៧​ ​ខែ​ធ្នូ​ ​នេះ​ ​ក្រោយ​ពី​ភាគី​ទាំងពីរ​បាន​បញ្ចប់​ការចរចា​ដំណាក់កាល​ទី​៤​ ​កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា​ ​កន្លងទៅ​។​ 

ផ្សាយពាណិជ្ជកម្ម

​លោក​ ស៊ា​ង​ ​ថៃ​ ​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នា​ថ្ងៃ​ទី​០​៧​ ​ខែ​ធ្នូ​នេះ​ថា​ ​ការចរចា​ ​កិច្ចព្រមព្រៀង​ពាណិជ​កម្ម​សេរី​ ​កម្ពុជា​-​កូរ៉េ​ ​លើ​អត្ថបទ​នៃ​កិច្ចព្រមព្រៀង​បាន​ឯកភាព​៩​០​% ​និង​បាន​បញ្ចប់​ទាំងស្រុង​នូវ​ផ្នែក​៖​ ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​ឧបាស្រ័យ​ពាណិជ្ជកម្ម​ ​បទ​ប្បញ្ញត្តិ​ទូទៅ​ ​ការរៀបចំ​ស្ថាប័ន​ ​និង​អវ​សាន្ត​បញ្ញត្តិ​ ​យន្ត​ការ​ ​ដោះស្រាយ​វិវាទ​ ​និង​ឧប​ស​ម្ព័ន្ធ​ស្តីពី​វិធាន​ជាក់លាក់​សម្រាប់​ផលិតផល​។​

​កម្ពុជា​ ​និង​កូរ៉េ​ខាងត្បូង​បាន​ផ្តើម​សិក្សា​រួមគ្នា​ ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ​កាលពីដើម​ឆ្នាំ​២​០​២​០​ ​រហូតដល់​ពាក់កណ្តាល​ឆ្នាំ​ ​ហើយ​នៅ​ខែ​កក្កដា​ ​ភាគី​ទាំងពីរ​បាន​ប្រកាស​ចរចា​កិច្ចព្រមព្រៀង​នេះ​។​ ​កាលពី​ថ្ងៃ​ទី​១​៨​ ​ដល់​ថ្ងៃ​ទី​២​០​ ​ខែវិច្ឆិកា​ ​កន្លងទៅ​ ​ភាគី​ទាំងពីរ​បាន​ ​បញ្ចប់​ការចរចា​លើក​ទី​៤​ ​តាមរយៈ​ប្រព័ន្ធ​ ​Video Conference​។​

​បើ​តាម​លោក​ ស៊ា​ង​ ​ថៃ​ ​ផលប្រយោជន៍​ ​ដែល​កម្ពុជា​នឹង​ទទួល​បាន​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​ ​រួម​មាន​៖​ ​កម្ពុជា​នឹង​មាន​ទី​ផ្សារ​កាន់តែ​ធំ​ថែមទៀត​សម្រាប់​ការនាំចេញ​ ​ជាពិសេស​ ​កសិផល​ ​ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​។​ល​។​

​លោក​បន្ថែម​ថា​ ​កម្ពុជា​ ​និង​កូរ៉េ​ ​មាន​ភាព​ខ្លាំង​រៀងៗខ្លួន​ ​ហើយ​ភាព​ខ្លាំង​ទាំងនោះ​ ​មិនមែន​ជា​ការប្រកួតប្រជែង​គ្នា​ទេ​ ​តែ​ជា​ការ​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក​។​ ​ឧ​ទា​ហ​រ​ណ៍់​៖​ ​កម្ពុជា​នាំចេញ​កសិផល​ទៅ​កូរ៉េ​ ​ឯ​កូរ៉េ​នាំ​គ្រឿងចក្រ​ ​គ្រឿងម៉ាស៊ីន​ ​រថយន្ត​មក​កម្ពុជា​ ​ហើយ​គ្រឿងចក្រ​ ​គ្រឿងម៉ាស៊ីន​ទាំងនោះ​ ​នឹង​ត្រូវ​បាន​យកទៅ​ប្រើប្រាស់​ក្នុង​វិ​ស័យ​សំណង់​ វិ​ស័​យ​កសិកម្ម​ វិ​ស័​យ​ដឹកជញ្ជូន​..​គឺ​ជួយ​ទ្រទ្រង់​ដល់​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​កម្ពុជា​។​

​អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា​ ​កិច្ចព្រមព្រៀង​ CK​F​T​A​ ​ក៏​ជួយ​ទាក់ទាញ​វិនិ​យោគិន​បរទេស​ ​ពិសេស​វិនិ​យោគិន​កូរ៉េ​ផ្ទាល់​មក​ ​វិនិយោគ​ ​បន្ថែម​នៅ​កម្ពុជា​ ​ហើយ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នានា​ ​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​ ​នឹង​ជួយ​សម្រួល​ដល់​ការ​ ​នាំចេញ​-​នាំចូល​បាន​កាន់តែ​ប្រសើរ​ជាង​មុន​ ​ដែល​នឹង​ធ្វើឲ្យ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មានការ​កើន​ឡើង​។​ ​បន្ថែម​ពី​នេះ​ ​ភាគី​ទាំងពីរ​ ​នឹង​មានឱកាស​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​គ្នា​ ​និង​គ្នា​ ​បាន​កាន់តែ​ប្រសើរ​ជាង​មុន​ថែមទៀត​។​

​គួរ​បញ្ជាក់​ថា​នៅ​ឆ្នាំ​២​០​១​៩​ ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​កូរ៉េ​ខាងត្បូង​ ​គឺ​មាន​ប្រមាណ​ ​១​.​០​៣​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ដែល​បាន​កើន​ឡើង​ប្រមាណ​ ​៦​%​ធៀប​នឹង​ឆ្នាំ​២​០​១​៨​។​ ​កម្ពុជា​គឺជា​ទី​ផ្សារ​នាំចេញ​លំដាប់​ទី​៥​៨​របស់​កូរ៉េ​ខាងត្បូង​។​

​សូម​ជម្រាប​ជូន​ថា​ ​កាលពី​ថ្ងៃ​ទី​១​២​ ​ខែ​ ​តុលា​ ​កន្លងទៅ​ ​កម្ពុជា​ ​និង​ ​ចិន​ ​បាន​ចុះ​កិច្ច​ ​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ​ទ្វេភាគី​ជា​ផ្លូវការ​។​ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​ ​គឺជា​កិច្ចព្រមព្រៀង​លើក​ទី​១​ ​ហើយ​ ​ដែល​កម្ពុជា​ ​សម្រេច​បានជា​មួយ​បរទេស​។​ ​រដ្ឋាភិបាល​កម្ពុជា​រំពឹង​ថា​ ​ក្រោយ​មាន​កិច្ចព្រមព្រៀង​ ​នេះ​ ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ចិន​នឹង​មានការ​កើន​ឡើង​ ​២​៥​% ​បន្ថែម​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI