សង្គមស៊ីវិលស្នើឲ្យរដ្ឋផ្ដល់វ៉ាក់សាំងទៅឲ្យក្រុមពលរដ្ឋដែលងាយរងគ្រោះដំណាលគ្នានឹងក្រុមគោលដៅ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សង្គមស៊ីវិលមួយចំនួនបានស្វាគមន៍ចំពោះការសម្រេចចិត្តយ៉ាងលឿនរហ័សរបស់លោក ហ៊ុន សែន ដែលប្រកាស ទិញវ៉ាក់សាំង១លានដូសជំហ៊ានដំបូង។ ក្រៅពីក្រុមគោលដៅ ដែលទទួលបានវ៉ាក់សាំងកូវីដ១៩មុនគេហើយនោះ ក្រុមអង្គការសង្គមស៊ីវិលដដែលស្នើឲ្យរដ្ឋាភិបាលគិតគូរផ្ដល់វ៉ាក់សាំងនេះទៅឲ្យក្រុមពលរដ្ឋ ដែលងាយរងគ្រោះជាជំហ៊ានបន្ទាប់ ឬដំណាលគ្នានឹងក្រុមគោលដៅ។
ការត្រៀមទិញវ៉ាក់សាំងបង្ការកូវីដ-១៩បានក្លាយជា ដំណឹងដ៏រីករាយសម្រាប់ពលរដ្ឋខ្មែរទាំងមូលនិង និយាយដោយឡែកសម្រាប់មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន ដែលធ្វើការងារទាក់ទងសិទ្ធិពលរដ្ឋ។
ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី៨ធ្នូនេះ លោក វន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាលើកឡើងថា ពលរដ្ឋងាយរងគ្រោះដូចជា ជនទីទាល់ក្រ ជនអនាថា ក្រុមអ្នករើសអេតចាយជាដើម ក៏ជាគោលដៅសំខាន់មួយ ដែលនឹងទទួលបានវ៉ាក់សាំងបង្ការកូវីដ១៩ ដំណាលគ្នានឹងក្រុមគោលដៅអាទិភាពផ្សេងទៀត ដែលរដ្ឋបានកំណត់ផងដែរ។ បើតាមលោក វន់ ពៅ ក្រុមពលរដ្ឋងាយរងគ្រោះទាំងអស់នេះ ពួកគេបានប្រឈមនឹងបញ្ហាលំបាក ដែលបណ្ដាលមកពីកូវីដ១៩ ម្ដងរួចមកហើយ ដូច្នេះការផ្ដល់វ៉ាក់សាំងដល់ពួកគេដំណាលគ្នានឹងក្រុមគោលដៅជារឿងល្អបំផុត។
លទ្ធភាពនៃការផ្ដល់វ៉ាក់សាំងនេះដែរ លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) មើលឃើញថា អ្នកសារព័ត៌មានក៏ជាក្រុមគោលដៅទទួលបានវ៉ាក់សាំងបង្ការកូវីដ១៩ដែរ ដែលរដ្ឋាភិបាលពុំគួរមើលរំលងឡើយ។ ដូច្នេះខេមបូចានឹងរៀបចំសំណើរមួយផ្ញើជូនរដ្ឋាភិបាល ដើម្បីស្នើសុំវ៉ាក់សាំងសម្រាប់ចែកជូនដល់ក្រុមអ្នកសារព័ត៌មាន។ នេះបើតាមលោក ណុប វី។
ចំពោះវិស័យទេសចរណ៍វិញលោក លី សែ នាយកប្រតិបត្តិគ្រឹះស្ថានអង្គរធ្លាប់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFIថា មួយផ្នែកដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឲ្យមកទស្សនារមណីយដ្ឋានអង្គរដូចគ្រាមុន កម្ពុជាត្រូវការជាចាំបាច់វ៉ាក់សាំងបង្ការកូវីដ១៩ ហើយបើការប្រើប្រាស់វ៉ាក់សាំងប្រើប្រាស់បានដោយសេរី នោះលំហូរភ្ញៀវទេសចរបរទេសនឹងធ្វើដំណើរកំសាន្តមកកម្ពុជាជាបណ្ដើរៗ។
សូមជម្រាបជូនថា ដោយតែកូវីដ១៩វិស័យទេសចរណ៍កម្ពុជានៅឆ្នាំ២០២០សឹងតែធ្លាក់ដល់ចំណុចសូន្យទៅហើយ។ ជាក់ស្ដែងទេសចរបរទេស ចូលទស្សនាប្រាសាទអង្គរវត្ត បន្តធ្លាក់ចុះចន្លោះជាង ៧៥ទៅ ៧៨ភាគរយគិតត្រឹមរយ:ពេល ១១ ខែមកនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ