លោក សម រង្ស៊ី៖ជនផ្តាច់ការ និងជនខិលខូចនៅកម្ពុជានឹងទទួលទណ្ឌកម្ម ក្រោមច្បាប់ថ្មីរបស់អឺរ៉ុប
ចុះផ្សាយនៅថ្ងៃ៖
ប្រធានស្តីទីអតីតបក្សប្រឆាំងបានចាត់ទុកថាជាដំណឹងល្អសម្រាប់ពលរដ្ឋខ្មែរ ខណៈដែលសហភាពអឺរ៉ុបបានសម្រេចអនុម័តច្បាប់ថ្មីមួយដើម្បីដាក់ទណ្ឌកម្មទៅលើបុគ្គល និងក្រុមហ៊ុននានា ដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ បើតាមលោក សម រង្ស៊ី ទាំងជនផ្តាច់ការ និងជនខិលខូចនៅកម្ពុជានឹងទទួលទណ្ឌកម្ម ក្រោមច្បាប់ថ្មីនេះ។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានចាត់ទុកច្បាប់ថ្មីរបស់អឺរ៉ុបថាសំដៅទៅលើប្រទេសចិនច្រើនជាងកម្ពុជា។
ដោយភ្ជាប់នឹងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃ ១០ ធ្នូ ២០២០ លោក សម រង្ស៊ី បានអះអាងថា ការដែលសហភាពអឺរ៉ុបអនុម័តច្បាប់ថ្មីមួយនៅសប្តាហ៍នេះ គឺជាដំណឹងល្អ សម្រាប់ប្រទេសកម្ពុជា ដែលលោកមានជំនឿកាន់តែខ្លាំងថាប្រជារាស្ត្រខ្មែរ នឹងទទួលបានសេរីភាព យុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យ ក្នុងរយៈពេលដ៏ខ្លីខាងមុខ។
ការលើកឡើងបែបនេះរបស់ប្រធានស្តីទីអតីតបក្សប្រឆាំង គឺបន្ទាប់ពីសហភាពអឺរ៉ុបចំនួន២៧ ប្រទេស បានអនុម័តច្បាប់ជាលើកទី១របស់ខ្លួន ប្រហាក់ប្រហែលគ្នានឹងច្បាប់ (Global Magnitsky Act ) របស់សហរដ្ឋអាមេរិកដែរ ដើម្បីដាក់ទណ្ឌកម្មទៅលើបុគ្គល និងក្រុមហ៊ុននានា ដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
ច្បាប់ថ្មីនេះ បើកផ្លូវឲ្យប្រទេសសេរី អាចដាក់ទណ្ឌកម្ម លើជនសាហាវ ខិលខូច និងពុករលួយ ទោះជាជនទាំងនោះរស់នៅនិងបានប្រព្រឹត្តនៅលើទឹកដីប្រទេសណាក៏ដោយ។ បទឧក្រិដ្ឋនោះ សំដៅដល់ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដូចជា ការលួចសម្លាប់មនុស្ស ការឃុំឃាំងតាមទំនើងចិត្ត ការរំលោភសិទ្ធិកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋជាដើម។
ចំពោះទណ្ឌកម្មវិញ គឺហាមឃាត់មិនឲ្យជនឧក្រិដ្ឋទាំងនោះ មកជាន់ទឹកដីប្រទេសសេរី ការបង្កកទ្រព្យសម្បត្តិរបស់ពួកគេ និងការហាមឃាត់មិនឲ្យស្ថាប័នទាំងអស់ នៃលោកសេរី ដូចជាធនាគារ ឬក្រុមហ៊ុនពានិជ្ជកម្ម មានទំនាក់ទំនងជាមួយជនឧក្រិដ្ឋ តាមការចាត់ទុករបស់ប្រទេសលោកសេរី។
សម្រាប់ លោក ផៃ ស៊ីផាន ប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ច្បាប់ថ្មីរបស់អឺរ៉ុបនៅពេលនេះគឺសំដៅហ៊ុំព័ទ្ធប្រទេសចិនមុនគេ ក្រោមភូមិសាស្ត្រនយោបាយ ហើយថាប្រទេសផ្សេងទៀតដូចជាកម្ពុជាគឺត្រូវរងចាំមើលសិនចំពោះឥទ្ធិពលរបស់ច្បាប់ថ្មីនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ