អានតួអត្ថបទ
កម្ពុជា-សង្គម

ការជួញដូរមនុស្សរយៈពេល៦ខែឆ្នាំ២០២០ កើនឡើងជិត១០០ករណី ខណៈកម្ពុជាកំពុងប្រឈមនឹងកូវីដ១៩

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស © Internet
ដោយ៖ ហេង សុខនី
១៥ នាទី

គណៈកម្មាធិការជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ ឲ្យ​ដឹងថា​ ខណៈ​ដែល​កំពុង​មាន​ការ​រាតត្បាត​កូវីដ១៩​ ឈ្មួញ​ជួញ​ដូរ​បាន​ឆ្លៀត​ឱកាស​នេះ​ ធ្វើ​សកម្មភាព​ជួញ​ដូរ​មនុស្ស​តាម​រូបភាព​ឆបោក​នានា​ ដូចជា​រក​ការងារ​ឱ្យ​ធ្វើ​ និង​ការ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ជន​បរទេស​នៅ​ក្រៅ​ប្រទេស​ជាដើម​។ រូបភាព​ទាំង​អស់​នេះ​ គឺ​ជា​ហេតុ​ផល​ដែល​ធ្វើ​ឱ្យ​ការ​ជួញដូរ​មនុស្ស​ក្នុង​៦​ខែ​ឆ្នាំ ​២០២០​នេះ​ កើនឡើង​ជាង​១០០​ករណី​។

ផ្សាយពាណិជ្ជកម្ម

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថា ការជួញដូរមនុស្សនៅកម្ពុជាមានការកើនឡើងជាង១០០ករណី ក្នុងរយៈពេល៦ខែឆ្នាំ ២០២០ បើធៀបទៅនឹង៦ខែដូចគ្នា ក្នុងឆ្នាំ២០១៩ ដែលមានការជួញដូរមនុស្សត្រឹមតែជិត១០០ករណីប៉ុណ្ណោះ។ 

ខណៈដែលរដ្ឋាភិបាល កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថានភាពកូវីដ១៩ មានឈ្មួញខិលខូច មានបំណងជួញដូរមនុស្ស បានបំផុសឱ្យប្រជាពលរដ្ឋ ធ្វើចំណាកស្រុកតាមច្រករបៀង តាមរយៈមេខ្យល់ជាអ្នកនាំផ្លូវ ដោយប្រជាពលរដ្ឋទាំងនោះ ត្រូវបង់ប្រាក់កម្រៃឱ្យទៅមេខ្យល់ ហើយក្រោយមកក៏បានក្លាយជាជនរងគ្រោះដោយសារអំពើជួញដូរទាំងនោះ។ នេះបើតាមលោកស្រី ជូ ប៊ុនអេង។

លោកស្រីបន្តថា ពួកគេមិនអាចរកការងារធ្វើបានតាមការសន្យារនោះឡើយ គឺមានតែត្រូវចំណាយប្រាក់ឱ្យមេខ្យល់ ហើយពួកគេត្រូវគេទុកចោលឲ្យរស់នៅក្រៅប្រទេសទៅតាមយថាកម្មនៅប្រទេសគេ ដោយខ្លះត្រូវបានគេចាប់ និងបញ្ជូនត្រឡប់មកប្រទេសកំណើតវិញ និងមានខ្លះទៀត ត្រូវមេខ្យល់នាំចេញឱ្យទៅរៀបការជាមួយជនបរទេស នៅក្រៅប្រទេសជាដើម ដែលស្ទើរតែមិនជឿសោះថា កាលៈទេសៈកូវីដ១៩បែបនេះ មានអ្នកគិតគូររឿងគូរស្រករឆ្លងដែន។ 

ជាមួយគ្នានេះ លោកស្រីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យពលរដ្ឋពិចារណាមុនធ្វើចំណាកស្រុក កុំឱ្យចាញ់បោកជនជួញដូរមនុស្ស ព្រោះការធ្វើចំណាកស្រុកពេលនេះ គឺជាការផ្សងព្រេង ដ៏ប្រថុយប្រថាន ដែលអាចទទួលបានត្រឹមតែការខាតបង់ប្រាក់កាសប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា ការស៊ើបអង្កេត និងស្រាវជា្រវរបស់ក្រសួងជំនាញ បានរកឃើញស្រ្តីខ្មែរ ដែលរងគ្រោះដោយអំពើជួញដូរមនុស្សប្រមាណ២០នាក់ ចាប់តាំងពីកើតមានករណីផ្ទុះជំងឺកូវីដ១៩មក ក្នុងនោះស្រ្តីភាគច្រើនមានអាយុក្រោម១៨ឆ្នាំ ខណៈឆ្នាំកន្លងទៅ មិនមានករណីបែបនេះច្រើននោះទេ។

ឆ្លើយតបនឹងបញ្ហាប្រឈមនេះ លោកស្រី ជូ ប៊ុនអេង បញ្ជាក់ថាគណៈកម្មាធិការ ក៏ដូចជាក្រសួង នឹងបន្តវិធានការសំខាន់ៗ២ចំនុច ដែលទី១ជាការអនុវត្តន៍ច្បាប់ និងទី២ការស៊ើបរកជនជួញដូរមនុស្ស ដោយមានការស្នើឱ្យអាជ្ញាធរនៅជាប់ព្រំដែនអនុវត្តវិធានការតឹងរឹង បិទការធ្វើចរាចរណ៍តាមច្រករបៀងនានា និងតាមមធ្យោបាយអប់រំផ្សព្វផ្សាយផងដែរ ដែលការផ្សព្វផ្សាយនេះ ធ្វើឲ្យពលករចំណាកស្រុក១២ម៉ឺននាក់បានយល់និងត្រូវបានទប់ស្កាត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ