កម្ពុជា-កូវីដ១៩

រដ្ឋាភិបាលកម្ពុជា ដាក់ចេញវិធានការជុំទី៧ ដើម្បីគ្រប់គ្រងផលប៉ះពាល់សេដ្ឋកិច្ចក្នុងបរិបទនៃជំងឺកូវីដ១៩

កម្មកររោងចក្រពេលចេញពីធ្វើការ
កម្មកររោងចក្រពេលចេញពីធ្វើការ AP - Heng Sinith

រដ្ឋាភិបាល​កម្ពុជា​ នៅ​ថ្ងៃ​ទី​ ២៣​ ធ្នូ​ បាន​ដាក់​ចេញ​នូវ​សេចក្ដី​ណែនាំ​ ស្តី​អំពី​ វិធានការ​បន្ថែម​ជុំ​ទី​៧ ​ដើម្បី​គ្រប់គ្រង​ផល​ប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​កម្ពុជា​ និង​ការ​ស្ដារ​ឡើងវិញ​ ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូវីដ១៩​។ បើ​តាម​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ វិធានការ​ជុំ​ទី​៧​នេះ​ គឺ​ដើម្បី​ធានា​រក្សា​លំនឹង​អាជីវកម្ម​និង​សេដ្ឋកិច្ច​កម្ពុជា​ និង​ធានា​ថា​ មិន​មាន​ពលរដ្ឋ​កម្ពុជា​ណា​ម្នាក់​ដាច់​បាយ​ ដោយ​សារ​ជំងឺ​កូវីដ១៩​នោះ​ទេ​។

ផ្សាយពាណិជ្ជកម្ម

ដោយប្រឈមនឹងភាពមិនច្បាស់លាស់នៃជំងឺកូវីដ១៩ រដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវវិធានការបន្ថែមជុំទី៧ សំដៅគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ដែលក្នុងនោះរួមមាន ការបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ រយៈពេល៣ខែបន្តទៀត គឺចាប់ពីខែមករា ដល់ខែ មីនា ឆ្នាំ ២០២១ខាងមុខនេះ។ បន្ថែមលើនេះ វិធានការជុំទី៧នេះ ក៏នឹងបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិកទាំងនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ ដេរស្បែកជើង ផលិតផលធ្វើដំណើរ កាបូប  និងទេសចរណ៍រយៈពេល៣ខែបន្ថែមទៀតដែរ ដោយចាប់ផ្តើមពីខែមករា ដល់ខែមីនា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលកម្ពុជា។

យោងតាមសេចក្តីប្រកាសនេះ រដ្ឋាភិបាលកម្ពុជាក៏បានប្រកាសបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ រយៈពេល៣ខែ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ ២០២១ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដា និងមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ កែប កំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែតជាដើម។ ដោយឡែក លើវិធានការបន្តជួយវិស័យអាកាសចរណ៍វិញ រដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តលើកលែងការបង់ពន្ធអប្បរមាសម្រាប់រយៈពេល០៣ខែបន្ថែមទៀត ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា និងបន្តពន្យាពេលការបង់ប្រាក់ជំពាក់កម្រៃអាកាសចរស៊ីវិល ជាមួយនឹងការអនុញ្ញាតអោយក្រុមហ៊ុនទាំងនោះរៀបចំបង់ប្រាក់ជំពាក់នោះ ជាដំណាក់កាលៗ ក្រោយពីរយៈពេលពន្យា៣ខែនេះ។

ដោយឡែកសម្រាប់វិធានការជួយដល់រោងចក្រ សហគ្រាស និងអាជីវកម្ម ក៏ដូចជា ការជួយសម្រួលដល់ជីវភាពរស់នៅរបស់កម្មករ-និយោជិតវិញ រដ្ឋាភិបាលនឹងបន្តអនុញ្ញាតអោយរោងចក្រ សហគ្រាស និងអាជីវកម្មក្នុងគ្រប់វិស័យ ពន្យាពេលទូទាត់ប្រាក់រំលឹក ប្រាក់បំណាច់អតីតភាពការងារមុនឆ្នាំ២០១៩ និងការទូទាត់ប្រាក់បំណាច់អតីតភាពការងារសម្រាប់ឆ្នាំ២០២០និងឆ្នាំ២០២១ ទៅធ្វើនៅឆ្នាំ២០២២វិញ។ ចំណែកលើវិធានការទ្រទ្រង់កំណើនវិញ រដ្ឋាភិបាលកម្ពុជា ក៏នឹងបន្តលើកលែងការពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះ ដែលមានថ្លៃទាបជាង៧ម៉ឺនដុល្លារអាមេរិក គិតចាប់ពីខែមករា ដល់ដំណាច់ខែធ្នូឆ្នាំ២០២១ និងបានអំពាវនាវអោយក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានទាំងអស់ ចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចុះថ្លៃផ្ទះទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ចំពោះវិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុវិញ តាមរយៈវិធានការជុំទី៧នេះ រដ្ឋាភិបាលកម្ពុជា ក៏បានណែនាំអោយមានការទម្លាក់អត្រាពន្ធកាត់ទុក ៥% និង១០% លើកម្ចីរបស់ធនាគារនិងស្ថាប័នមីក្រូហិរញ្ញវត្ថុ ទាំងសម្រាប់កម្ចីថ្មីនិងកម្ចីចាស់ ទាំងពីប្រភពខាងក្រៅស្រុក និងខាងក្នុងស្រុក។ បើតាមលោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិធានការជុំទី៧នេះ គឺដើម្បីធានារក្សាលំសេដ្ឋកិច្ច នឹងអាជីវកម្មរបស់ប្រជាពលរដ្ឋកម្ពុជា និងធានាថា មិនមានពលរដ្ឋកម្ពុជាណាម្នាក់ដាច់បាយ ដោយសារជំងឺកូវីដ១៩នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI