កូវីដ១៩ សេដ្ឋកិច្ច

ការវិនិយោគរបស់ចិននៅកម្ពុជាឆ្នាំ២០២០បានកើនឡើង៧០% បើធៀបនឹងឆ្នាំ២០១៩

គម្រោងវិនិយោគនានារបស់ចិននៅកម្ពុជា
គម្រោងវិនិយោគនានារបស់ចិននៅកម្ពុជា © Facebook

បើទោះបីជាស្ថិតនៅក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ក្តី តែការវិនិយោគរបស់ចិនមកកាន់ប្រទេសកម្ពុជានៅឆ្នាំ២០២០កន្លងទៅនេះ មានកំណើនកើនឡើងដល់ទៅ៧០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ ដោយឡែក សម្រាប់ឆ្នាំថ្មីឆ្នាំ២០២១នេះវិញ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានចាត់ទុកថា គឺជាឆ្នាំដែលពោរពេញដោយក្តីសង្ឃឹម សម្រាប់ទំនាក់ទំនងកម្ពុជា-ចិន។

ផ្សាយពាណិជ្ជកម្ម

ចាប់តាំងពីខែមករា ដល់ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ការវិនិយោគដោយផ្ទាល់របស់ចិនមកកាន់ប្រទេសកម្ពុជា មានចំនួន៨៦០លានដុល្លារសហរដ្ឋអាមេរិក។ គម្រោងវិនិយោគនេះ បានកើនឡើងដល់៧០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៩។ នេះបើយោងតាមរបាយការណ៍របស់ស្ថានទូតចិនប្រចាំនៅកម្ពុជា ដែលបានបង្ហោះនៅលើគណនីយហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី ០១ មករា ឆ្នាំ ២០២១នេះ។

 

 

បើតាមរបាយការណ៍ដដែលនេះ គម្រោងវិនិយោគសំខាន់ៗរបស់ចិននៅកម្ពុជា ដែលបានពុះពាររាល់ផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងបានដំណើរការទៅមុខយ៉ាងរលូននោះ រួមមាន គម្រោងសាងសង់ស្ថានីយ៍អគ្គិសនី Huadian ខេត្តព្រះសីហនុ ដែលដើរដោយថាមពលកម្តៅ បានបញ្ចប់ការតម្លើងគ្រោងដែកនៃរោងចក្ររួចហើយ។ រីឯគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុវិញ ក៏សម្រេចបានការសាងសង់ចំនួន ៣៩% នៃសំណង់វិស្វកម្មសរុបដែរ។ ដោយឡែក បើនិយាយពីចំនួនសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុវិញ ក៏មានចំនួនកើនឡើងជាបន្តបន្ទាប់ ហើយបរិមាណនៃការនាំចូលនិងនាំចេញ ក៏បានឈានដល់កម្រិតខ្ពស់ជាប្រវត្តិសាស្រ្តផងដែរ ខណៈដែលប្រទេសទាំងពីរទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី កាលពីថ្ងៃទី ១២ តុលា។ បន្ថែមលើនេះ នៅមានគម្រោងវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIA) ដែលបានចាប់ផ្តើមសាងសង់អគារ Terminalនិងតំបន់សម្រាប់ការហោះហើរជាដើម។

 

នៅក្នុងសារជូនពរឆ្នាំថ្មីឆ្នាំសកល២០២១ កាលពីថ្ងៃទី ៣១ ធ្នូ លោក វ៉ាង វិនទៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានចាត់ទុកថា ឆ្នាំ២០២០ គឺជាឆ្នាំដែលទំនាក់ទំនងរវាងកម្ពុជានិងចិនត្រូវបានបន្តកាន់តែស៊ីជម្រៅ និងមានការអភិវឌ្ឍខ្លាំង។ ស្ថិតក្រោមស្ថានភាពនៃជំងឺកូវីដ១៩ ចិននិងកម្ពុជាបានដកដង្ហើមរួមគ្នា និងបានពុះពារការលំបាកជាមួយគ្នា ហើយការកសាងសហគមន៍ជោគវាសនារួម ក៏ទទួលបានសមិទ្ធផលយ៉ាងច្រើនផងដែរ។ ដោយឡែកសម្រាប់ឆ្នាំថ្មីឆ្នាំសកល២០២១នេះវិញ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានចាត់ទុកថា «២០២១ គឺជាឆ្នាំដែលពោរពេញដោយក្តីសង្ឃឹម សម្រាប់ទំនាក់ទំនងចិន-កម្ពុជា»។ តាមរយៈសារអេឡិចត្រនិចនេះ លោកឯកអគ្គរដ្ឋទូតចិនរំពឹងថា ចិននឹងបន្តលើកទឹកចិត្តដល់ក្រុមហ៊ុនចិន អោយមកវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើន ព្រមទាំងជំរុញឲ្យកាន់តែឆាប់រហ័យលើគម្រោងវិនិយោគធំៗជាច្រើន ដូចជា គម្រោងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គម្រោងអាកាសយានដ្ឋានថ្មីក្នុងខេត្តសៀមរាប និង គម្រោងស្ថានីយអគ្គិសនីស្ទឹងតាតៃលើជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI