កម្ពុជា-កូរ៉ូណាវីរុស

ក្រសួងសុខាភិបាល៖ការស្លាប់របស់បុរសម្នាក់នៅមណ្ឌលចត្តាឡីស័កគឺដោយសារជំងឺបេះដូង

ពលករខ្មែរពេលមកដល់ប្រទេសកម្ពុជាវិញ កាលពីខែមីនា ក្រោយការមានឆ្លងជំងឺកូវីដ១៩នៅប្រទេសថៃ
ពលករខ្មែរពេលមកដល់ប្រទេសកម្ពុជាវិញ កាលពីខែមីនា ក្រោយការមានឆ្លងជំងឺកូវីដ១៩នៅប្រទេសថៃ © FB

ក្រសួង​សុខាភិបាល​បានអះអាងថា ​ការស្លាប់​របស់បុរសម្នាក់​ជាពលករ​មកពីប្រទេស​ថៃ​​នៅក្នុង​មណ្ឌលចត្តាឡីស័ក​ខេត្តត្បូងឃ្មុំ​កាលពីម្សិលមិញ​គឺដោយសារ​តែជំងឺគាំង​បេះ​ដូង ​ពោលមិនមែន​ស្លាប់​ដោយសារកូវីដ១៩​ឡើយ​។​ បើតាម​ក្រសួង​សុខា​ភិបាល​​បុរស​អាយុ៥២ឆ្នាំ​រូបនេះ ​មិនបាន​ប្រាប់ជាមុនថា​គាត់មាន​ជំងឺបេះដូងនេះ​នៅ​ពេល​ចូល​ធ្វើ​ចត្តាឡីស័ក​ទេ​ តែភរិយារបស់គាត់​បាន​រាយការណ៍ថា ​សាមីសព ធ្លាប់មាន​​ជំងឺបេះដូង​ពីមុនមក​។

ផ្សាយពាណិជ្ជកម្ម

ពលករខ្មែរ​ម្នាក់ដែលមកពី​ប្រទេសថៃនោះ​ បានស្លាប់​ក្នុងមណ្ឌល​ធ្វើចត្តាឡីស័ក​ខេត្តត្បូងឃ្មុំ ​នៅព្រឹក​ថ្ងៃទី ​២​ខែមករា​។​ បុរសអាយុ​៥២​ឆ្នាំ​រូបនេះ ​មានទីលំនៅ​ក្នុងស្រុក​អូរាំងឪ​ ខេត្តត្បូងឃ្មុំ ​បានធ្វើដំណើរ​ពីខេត្ត​ឈុនបូរី​ប្រទេសថៃ ​ចូលមក​កម្ពុជា ​តាមច្រក​អន្តរជាតិ​អូស្មាច់ខេត្ត​ឧត្តរមានជ័យ​ កាលពី​ថ្ងៃទី ​២៨​ខែធ្នូ ​ហើយត្រូវបាន​ចាត់ចែង​ឲ្យចូល​ធ្វើចត្តាឡីស័ក ​នៅមណ្ឌល​ចត្តាឡីស័ក​កម្រិត ​២នៃ​ខេត្តត្បូងឃ្មុំ ​នាថ្ងៃទី ​២៩​ខែធ្នូ។ ​តែលទ្ធផល​ធ្វើតេស្ត​សំណាកលើកទី១ ​វិភាគ​នៅវិទ្យាស្ថាន​ប៉ាស្ទ័រភ្នំពេញ ​នៅថ្ងៃទី ​៣០ធ្នូ ​គឺ​អវិជ្ជមាន​វីរុសកូវីដ​ ១៩​។​ នេះបើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ​នៅពាក់កណ្តាល​យប់ថ្ងៃទី​២មករា​។

បើតាម​ក្រសួង​សុខាភិបាល ​ករណី​ស្លាប់របស់​ពលករខ្មែរ​រូបនេះ ​បណ្តាលមក​ពី​មានជំងឺគាំងបេះដូង ​ត្រូវបាន​រកឃើញថា​បានដេកស្លាប់ ​ក្នុងបន្ទប់ទឹក​ នៅវេលា​ម៉ោងប្រមាណ ​៩​ព្រឹក។ ​បើតាមការ​ធ្វើ​កោសល្យវិច្ច័យ ​គឺសាកសព​មានស្នាម​បែកក្បាល​ហូរឈាម​ ដែលតាមការប៉ាន់ស្មាន​ គឺអាចដួល​បោកក្បាល​នឹ​ង​ចាន​បង្គន់។

ក្រោយពេលស្លាប់ ​ទើបភរិយា​របស់​សពបាន​រាយការណ៍​ថា ​សាមីសព​ធ្លាប់មាន​ជំងឺបេះដូង​ ដែល​មុនពេល និង​ក្នុងអំឡុង​ធ្វើចត្តាឡីស័ក ​គឺមិន​បានប្រាប់​ពីជំងឺ​ប្រចាំកាយ​របស់សាមីសព​នោះទេ។ ​នេះបើតាមការបញ្ជាក់​របស់​ក្រសួង​ដដែល។

នេះជាករណី​ស្លាប់លើកទី២​ហើយ​ នៅមណ្ឌល​ចត្តាឡីស័ក ​ខេត្តត្បូងឃ្មុំ។ ​កាលពីយប់​ថ្ងៃទី​២២​ ខែកក្កដា ឆ្នាំ២០២០​ ក៏មាន​យុវជន​ម្នាក់អាយុ ​២១ឆ្នាំ ​ដែលមាន​ប្រវត្តិ ​ធ្លាប់ទៅធ្វើការ​នៅប្រទេស​ម៉ាឡេស៊ី​នោះ បាន​ស្លាប់ផងដែរ​។ ​ការស្លាប់​ពេលនោះ ​ត្រូវបាន​ក្រសួង​សុខាភិបាល ​អះអាងថា ​ដោយសារ​ខ្យល់គ​ និង​ប្រើប្រាស់ថ្នាំច្រើនមុខ​ប្រឆាំងជំងឺ​ផ្តាសាយ ​ដើម្បីយក​ទៅលេប​នៅពេល​កំពុង​ធ្វើចត្តាឡីស័ក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI