កម្ពុជា ច្បាប់

ជនរងគ្រោះដោយការបង្ក្រាបនៅក្នុងព្រឹត្តិការណ៍ ៣ មករា ២០១៤ បន្តទាមទារយុត្តិធម៌នៅថ្ងៃខួបគម្រប់៧ឆ្នាំ

ក្រុម​គ្រួសារ​សាច់ញត្តិ​របស់ជនរងគ្រោះ​ក្នុ​ង​ព្រឹត្តិការណ៍ ​០៣ ​មករា ​២០១៤ ​ធ្វើពិធី​បង្សុកូល​ជូនដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ជាកម្មករ​ចំនួន​៥នាក់​ដែលបាន​ស្លាប់​នៅក្នុង​ព្រឹត្តិការណ៍ កាល​ពី៧ឆ្នាំមុន​​។
ក្រុម​គ្រួសារ​សាច់ញត្តិ​របស់ជនរងគ្រោះ​ក្នុ​ង​ព្រឹត្តិការណ៍ ​០៣ ​មករា ​២០១៤ ​ធ្វើពិធី​បង្សុកូល​ជូនដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ជាកម្មករ​ចំនួន​៥នាក់​ដែលបាន​ស្លាប់​នៅក្នុង​ព្រឹត្តិការណ៍ កាល​ពី៧ឆ្នាំមុន​​។ © លីកាដូ

ថ្ងៃទី៣ ​មករា ​ឆ្នាំ២០២១នេះ ​គឺជាខួប​៧​ឆ្នាំគត់​ នៃព្រឹត្តិការណ៍​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​​បាតុកម្ម​ទាមទារ​ប្រាក់ខែ​១៦០​ដុល្លារ​របស់​កម្មករ​-​កម្មការិនី​នៅមុខរោងចក្រ​យ៉ាក​ជីន​ និង​ផ្លូវវ៉េងស្រេង​។​ នៅថ្ងៃនេះ ​តំណាងកម្មករ​ និង​មេដឹកនាំ​សហជីព​មួយចំនួន​ បានជួបជុំគ្នា​ដើម្បីរំលឹក​ខួប​០៧​ឆ្នាំនេះ ​និង​ទទូចទាមទាររក​យុត្តិធម៌​សម្រាប់​សាច់ញត្តិ ​និង​ក្រុមគ្រួសារ​របស់​ពួកគេ។​ ប៉ុន្តែ​សម្រាប់​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ចាត់​ទុកព្រឹត្តិការ​ណ៍​​៧​​ឆ្នាំ​មុនថា​ ជាសមរភូមិ ​ជាបាតុកម្ម​ប្រឆាំង​នឹង​អាជ្ញាធរ​ ប្រឆាំង​នឹង​ទ្រព្យសម្បត្តិ​ឯក​ជន​​ជាដើម។

ផ្សាយពាណិជ្ជកម្ម

«​យុត្តិធម៌​នៅឆ្ងាយ​ដូចជើងមេឃ​»! នេះគឺ​ជាការ​លើកឡើង​របស់លោក ​ថេង សាវឿន ​ដែល​បច្ចុប្បន្ន ​គឺ​ជាប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​។​ លោក ថេង សាវឿន ​ដែលត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​កងពល​តូច​ឆ័ត្រយោង​ ៩១១​ វាយបង្ក្រាប ​កាលពីថ្ងៃទី​ ០៣​ មករា​ ឆ្នាំ ​២០១៤​នោះ ​បានថ្លែងរិះគន់​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជាថា ​មិនបាន​ផ្តល់យុត្តិធម៌​ដល់​រូបលោក​និង​ជនរងគ្រោះ​ផ្សេងទៀត​នោះទេ ​ក្នុងរយៈពេល​៧​ឆ្នាំមក​នេះ។

គួររំលឹក​ជូនថា ​កាលពីចុង​ឆ្នាំ២០១៣​ និង​ដើម​ឆ្នាំ២០១៤​ កម្មករ​-​កម្មការិនី​រាប់ម៉ឺននាក់​ បានផ្ទុះ​បាតុកម្មតវ៉ា​នៅមុខ​រោងចក្រ​យ៉ាកជីន​ និង​នៅកំណាត់​ផ្លូវវ៉េងស្រេង​ ដើម្បីទាម​ទារ​​ដំឡើង​ប្រាក់ឈ្នួល​១៦០​ដុល្លារ ក្នុង​មួយខែ​ ស្របពេល​កំពុងមាន​វិបត្តិនយោបាយ​រវាង​គណបក្ស​ប្រជាជនកម្ពុជា​ និង​អតីត​គណបក្ស​ស​ង្គ្រោះជាតិ​។ ​លុះថ្ងៃទី២ ​ខែមករា​ ឆ្នាំ២០១៤ ​កងទ័ពឆ័ត្រ​យោង​ ៩១១​ បាន​បើកប្រតិបត្តិការ​វាយ​បង្ក្រាប​ ទៅលើ​ក្រុមកម្មករ​ រួមទាំង​អ្នកការពារ​សិទ្ធិ​មនុស្ស​នៅមុខ​រោងចក្រ​យ៉ាកជីន​ ហើយ​ថែមទាំង​ចាប់ខ្លួន​កម្មករ៧​នា​ក់ ​និងអ្នកការពារ​សិទ្ធិមនុស្ស​៣នាក់ ​គឺលោក​ ថេង សាវឿន ​លោក វ៉ន ពៅ​ និង​លោក​ ចាន់ ពុទ្ធិស័ក្កិ ដាក់​ពន្ធនាគារ​រយៈពេល​ជិត​៥​ខែ។​ លុះម​ក​ដល់​នៅថ្ងៃទី​៣​ ខែមករា​ ឆ្នាំ២០១៤​ដដែល ​កងកម្លាំង​ចម្រុះរបស់​រដ្ឋាភិបាល​កម្ពុជា ​បានបន្ត​បើកការ​បង្ក្រាប​ទៅលើ​កម្មករ​នៅលើផ្លូវវ៉េ​ងស្រេង​ ដែលបណ្ដាល​ឱ្យកម្មករ៤​នាក់​ស្លាប់ ​យុវជន​ម្នាក់ឈ្មោះ ​ខឹម សុផាត​ បាត់ខ្លួន ​និង​រងរបួសជាង​៤០នាក់ ​ហើយ​កម្មករ​ចំនួន​១០​ទៀត​​ត្រូវបាន​ចាប់ខ្លួន។​ បន្ទាប់មក​ ពួកគេ​ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​ កាត់ទោស​អោយ​ជាប់ពន្ធនាគារ ចម្លោះពី​៤ឆ្នាំទៅ៤​ឆ្នាំកន្លះ ​ក្រោមការចោទ​ប្រកាន់ពី​បទញុះញង់​អោយ​មានការ​ប្រើប្រាស់​អំពើហិង្សា។​

ប៉ុន្តែពួកគេ​ទាំង២៣​នាក់​ ត្រូវបាន​ដោះលែងវិ​ញ ​នៅថ្ងៃទី ​៣០​ ឧសភា ​ឆ្នាំ ២០១៤​ ក្រោយ​​តុលាការបា​នព្យួរទោស​ដែលនៅសេសសល់​។ ​យ៉ាងណាក្តី ​ពួកគេ​បាន​ប្តឹង​ឧទ្ធរណ៍​​ចំពោះសាលក្រមនោះ ​ដោយទាមទារ​អោយតុលាការ​លុបចោលការចោទ​ប្រកាន់​​របស់​តុលាការ​ក្រុងភ្នំពេញ ​និង​ស្វែងរកមុខ​ជនដៃ​ដល់ដែលបាន​វាយបង្ក្រាប​មក​លើ​​ពួកគេ​យកមកកាត់ទោស​វិ​ញ។​ ប៉ុន្តែ​បើតាម​លោក ថេង​ សាវឿន ​រយៈពេល៧​ឆ្នាំ​មក​ហើយ​ ដែល​តុលាការ​សាលាឧទ្ធរណ៍ ​មិនបាន​បើកសវនាការ​ករណីនេះ​ឡើយ​។​ នៅ​ក្នុង​​សម្លៀកបំពាក់​អាវខ្មៅ ​ខោខ្មៅ ​លោក ថេង សាវឿន ​បានអំពាវនាវ​អោយជន​រងគ្រោះ​ទាំងអស់ ​កែប្រែការ​ឈឺចាប់ទាំងនេះ ​ទៅជាការតស៊ូ​ដើម្បីកែ​ប្រែប្រព័ន្ធ​យុត្តិធម៌​នៅកម្ពុជា​។​ បើតាម​លោក ​ថេង សាវឿន ​លោកមិនដែល​បំភ្លេចឡើយ​ចំពោះព្រឹត្តិការណ៍ ​០៣ មករា​ ឆ្នាំ ​២០១៤​។

យ៉ាងណាក្តី ​សម្រាប់អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ​លោក ផៃ ស៊ីផាន ​បានចាត់ទុកថា ​ព្រឹត្តិការណ៍​ថ្ងៃទី ០៣ ​មករា​ គឺជាសមរភូមិមួយ ​ដើម្បីឈាន​ទៅផ្តួលរំលំ​រដ្ឋាភិបាល​ក្រោយពីការបោះឆ្នោត​ឆ្នាំ២០១៣​។​ បើតាមលោក ​ផៃ ស៊ីផាន ​បាតុកម្ម​កាលណោះ ​វាមិនមែនជាការ​បញ្ចេញមតិ​នោះទេ ​ហើយវា​ក៏មិនមែន​ជាការទាមទារ​នោះដែរ​ តែជា​យុទ្ធសាស្ត្រឧទ្ទាម ​ជាបាតុកម្ម​ប្រឆាំងនឹ​ងអាជ្ញាធរ​ និង​ជាបាតុកម្ម​ប្រឆាំងនឹ​ងទ្រព្យសម្បត្តិឯកជន​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI