លោក អ៊ូ ច័ន្ទរ័ត្ន៖គណបក្សនយោបាយថ្មីនឹងបង្ហាញឈ្មោះផ្លូវការក្រោយថ្ងៃ១៧មករា
ចុះផ្សាយនៅថ្ងៃ៖
គណបក្សនយោបាយថ្មីមួយរបស់អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ អាចនឹងត្រូវបង្ហាញឈ្មោះជាផ្លូវការនៅក្រោយថ្ងៃទី១៧ មករា ២០២១ ខាងមុខនេះ។ ការពន្យាពេលនៃការបង្កើតគណបក្សថ្មីរបស់លោក អ៊ូ ច័ន្ទរ័ត្ន គឺដោយសារតែ គម្រោងមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សប្រឆាំងដឹកនាំដោយលោកស្រី មួរ សុខហួរ ត្រូវបានពន្យាពេល។
គ្មានការប្រែប្រួលក្នុងគោលជំហរបង្កើតគណបក្សនយោបាយថ្មីនោះឡើយ។ នេះជាការអះអាងរបស់លោក អ៊ូ ច័ន្ទរ័ត្ន អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ។ តែការបង្ហាញឈ្មោះផ្លូវការនៃគណបក្សថ្មីនេះគឺត្រូវបានពន្យាពេល។ ពន្យាពេលដោយសារតែ គម្រោងមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សប្រឆាំងដឹកនាំដោយលោកស្រី មួរ សុខហួរ ត្រូវបានពន្យាពេលដល់ថ្ងៃទី១៧មករា។
តែបើតាម លោក អ៊ូ ច័ន្ទរ័ត្ន យ៉ាងយូ នៅត្រឹមដំណាច់ ខែមករា ឆ្នាំ ២០២១ នេះ គណបក្សថ្មីរបស់លោកអាចនឹងត្រូវបង្កើតឡើង ខណៈពេលនេះលោកអះអាងថាមានរចនាសម្ព័ន្ធ និងលិខិតបែបបទត្រៀមរួចអស់ហើយដើម្បីដាក់ទៅក្រសួងមហាផ្ទៃ។ តែពេលនេះលោកនៅរងចាំមើលលទ្ធផលឬដំណោះស្រាយនយោបាយ នៅក្រោយមាតុភូមិនិវត្តន៍របស់លោកស្រី មួរ សុខហួរ។ លោកស្រី មូរ សុខហួរ ដែលបានពន្យាពេលមកដល់កម្ពុជារហូតដល់ថ្ងៃទី១៧ មករា ខាងមុខ ដោយអះអាងថាមកពីគ្មានយន្តហោះធ្វើដំណើរ។
ហេតុផលនេះត្រូវបានលោក អ៊ូ ច័ន្ទរ័ត្ន យល់ស្រប។ អ្នកនយោបាយរូបនេះជឿថា លោកស្រី មូរ សុខហួរ នឹងមិនផ្លាស់ប្តូរជំហទេ ដោយយល់ថាប្រសិនបើលោកស្រីមកដល់កម្ពុជា នោះរដ្ឋាភិបាលនឹងត្រូវដាក់លោកស្រីឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃដូចអ្នកដំណើរទូទៅដែរ។ ដូច្នេះមិនអាចកើតឡើងឡើយសកម្មភាពទៅគាំទ្រឬហែរហមនោះ។
បើតាម លោក អ៊ូ ច័ន្ទរ័ត្ន ប្រសិនបើលោកស្រី មូរ សុខហួរ មកដល់កម្ពុជា នោះនឹងមានវាសនាដូចលោក កឹម សុខា គឺសេរីភាពមួយចំនួនត្រូវបានដកហូត ហើយលោកស្រីនឹងត្រូវហាមឃាត់មិនឲ្យត្រឡប់ទៅក្រៅប្រទេសវិញឡើយ រហូតដល់ការបោះឆ្នោតថ្មីត្រូវបានបញ្ចប់។
ប្រសិនបើ នៅតែគ្មានដំណោះស្រាយនយោបាយឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញទេ លោក អ៊ូ ច័ន្ទរ័ត្ន អះអាងថាគណបក្សនយោបាយថ្មីរបស់លោក ត្រូវតែបង្កើតឡើងមិនឲ្យហួសពីដំណាច់ខែមករា ឆ្នាំ ២០២១ នេះឡើយ។
គួរឲ្យដឹងថា មានអ្នកនយោបាយរបស់អតីតគណបក្សសង្គ្រោះជាតិ១៤នាក់ ដែលបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ក្នុងចំណោម១១៨រូប ដែលត្រូវបានដកសិទ្ធិធ្វើនយោបាយ៥ឆ្នាំ។ ក្នុងនោះមានមួយចំនួនទៅបង្កើតគណបក្សថ្មីដូចជា លោក រៀល ខេមរិន្ទ បង្កើតថ្មីឈ្មោះថា «ខ្មែរអភិរក្សនិយម» លោក ជីវ កត្តា និងកង គឹមហាក់ បង្កើតបក្សថ្មីឈ្មោះថា «ខ្មែរស្រឡាញ់ជាតិ» ខណៈ លោក គង់ គាំ ទៅចូលរួមជាគណបក្សថ្មីរបស់កូនគាត់ គឺគណបក្សឆន្ទៈខ្មែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ