កម្ពុជា-ធនធានធម្មជាតិ

រាជរដ្ឋាភិបាលសម្រេចលុបចោលលិខិតមួយចំនួនដែលកាត់ផ្ទៃបឹងតាមោក

រូបភាព៖ មួយផ្នែកនៃបឹងតាមោក
រូបភាព៖ មួយផ្នែកនៃបឹងតាមោក @RFI

រាជរដ្ឋាភិបាល​កម្ពុជា​នៅថ្ងៃទី៤ ខែ​មករា ម្សិល​មិញ​បាន សម្រេច​និរាករលិខិត​អនុញ្ញាត កាត់​ដីចំនួន​ជាង​៣០ហិកតា​នៅបឹង​តាមោក ក្រោយ​ពី​មាន​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។ អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំង​មើល​ការ​លុបបឹង​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ​ចាត់​ទុក​ថា នេះ​ជា​ចំណុច​ល្អ តែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​មូលហេតុ។

ផ្សាយពាណិជ្ជកម្ម

លិខិត​របស់​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ចុះថ្ងៃទី០៤ ខែ​មករា ឆ្នាំ២០២១ បាន​និរាករណ៍ លិខិត​មួយ​ចំនួន​របស់​រាជរដ្ឋាភិបាល​ ដែល​អនុញ្ញាត​ឲ្យ​មាន​ការកាត់​ផ្ទៃបឹង​តាមោក​ទៅ​ឲ្យ​ស្ថាប័ន​រដ្ឋ និង​លិខិត​ដោះដូរដី របស់​ស្ថាប័ន​រដ្ឋទាំង​នោះ ជា​មួយ​ក្រុម​ហ៊ុន ឯកជន។ លិខិត​របស់​ទីស្តីការ​ពេល​នេះ មិន​មាន​បញ្ជាក់​ពី​មូល​ហេតុ​នៃ​ការ​និរាករណ៍​ទេ ប៉ុន្តែ​បាន​យោង​តាម លិខិត​ពី​ខុទ្ទកាល័យ​របស់​លោក​នាយករដ្ឋមន្ត្រី និង​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាលពីថ្ងៃ​ទី​០៤ ខែមករា។

តាម​រយៈលិខិត​របស់​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ដដែល ឲ្យ​ដឹង​ថា​រដ្ឋាភិបាល​បាន​សម្រេច​និរាករ សជណ.ចុះថ្ងៃទី១ ខែ​កញ្ញា ឆ្នាំ​២០២០ ស្តីពី​សំណើសុំ​គោល​ការណ៍​អនុញ្ញាត​កាត់​ផ្ទៃ​បឹង​តាមោក ឬ​បឹងកប់​ស្រូវ ទំហំ​១៥ហិកតា ស្ថិត​នៅ​ខណ្ឌ​ព្រែកព្នៅ សម្រាប់​សាងសង់​អគារ​ទីស្តី​ការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ។ រដ្ឋាភិបាល​ក៏​បាន​និរាករ​លិខិត​អនុញ្ញាត​ដោះដូរ​ទីតាំង​អគារ​ទីស្តី​ការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បបច្ចុប្បន្ន និង​ដី​ទំហំ​១៥.៣៣ហិកតា របស់​ក្រសួង​នេះ ជា​មួយ​ក្រុម​ហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប​ផង​ដែរ​។

ក្រៅពីនេះ​រដ្ឋាភិបាល​ក៏​បាន​និរាករ សជណ.ចុះថ្ងៃទី១ កញ្ញា ឆ្នាំ២០២០ មួយ​ទៀត ស្តីពី​ការ​ស្នើកាត់​ផ្ទៃ​បឹងទំហំ​១៥​ហិកតា ស្ថិត​នៅ​ខណ្ឌ​ព្រែកព្នៅ ដើម្បី​សាងសង់​អគារ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ អគារ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា និង​អគារ​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន និង​សង្គ្រោះ​ជនពិការ​។ ហើយ​រដ្ឋាភិបាល​ក៏​បាន​និរាករ​លិខិត​ស្តីពី​ការ​ដោះដូរ​ទីតាំង និង​ដី១៥​ហិកតា​របស់​អង្គភាព​ទាំង​បី​នេះ ជា​មួយ​ក្រុម​ហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុបផង​ដែរ។

ប្រធាន​អង្គការ​សមាគមធាងត្នោត​លោក សឿង សារ៉ន បាន​អះអាង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅថ្ងៃទី០៥ ខែមករា នេះថា នេះ​គឺ​ជា​ចំណុលល្អ​ ដែល​រដ្ឋាភិបាល​និរាករ​លើ​លិខិត​ដែល​កាត់​ផ្ទៃបឹង​តាមោក។ ប៉ុន្តែ​លោក​ចង់​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​ពី​មូល​ហេតុ ឬ​ការ​វាយតម្លៃ​ណា​មួយ​អំពីការ​និរាករណ៍​នេះ ហើយ​បង្ហាញ​របាយ​ការណ៍​ជា​សាធារណៈ​។

បឹង​តាមោក ឬ​បឹង​កប់​ស្រូវ ​គឺជា​បឹងធម្មជាតិ​ធំជាង​គេ​នៅ​រាជធានី​ភ្នំពេញ ដែល​មាន​ទីតាំង​នៅ​ភាគ​ខាង​លិចឈៀង​ខាង​ជើង​តាម​បណ្តោយ​មហាវិថី​ឈ្នះ-ឈ្នះ និង​មាន​ទំហំ​សរុប​ចំនួន ៣.២ពាន់​ហិកតា លាត​សន្ធឹង​លើ​ខណ្ឌ​ចំនួន ២ សង្កាត់​ចំនួន​ ៦ និង​ភូមិ​ចំនួន​ ២៥។ បច្ចុប្បន្ន​នេះ​ផ្ទៃ​បឹង​ទំហំ​ជាង​៥រយ​ហិកតា​ហើយ ត្រូវ​បាន​កាត់​ទៅ​ឲ្យ​ស្ថាប័ន​រដ្ឋ និង​ឯកជន​ធ្វើ​ជា​កម្មសិទ្ធិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI