កម្ពុជា-កូរ៉ូណាវីរុស

កម្ពុជាកំពុងពិនិត្យលក្ខណៈសម្បត្តិនៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុនមួយចំនួន

Foto de la vacuna Pfizer/BioNTech Covid-19 el 7 de enero de 2021
Foto de la vacuna Pfizer/BioNTech Covid-19 el 7 de enero de 2021 MEHDI FEDOUACH AFP/Archivos

ក្រុមការងារ​អន្តរក្រសួង​ទទួលបន្ទុក​ការចរចា​និង​ការពិគ្រោះយោបល់​ដើម្បីទិញវ៉ាក់សាំង​បង្ការជំងឺកូវីដ​-​១៩ ​បានបើក​កិច្ចប្រជុំលើកទី​១​នៅថ្ងៃទី ​០៨ ​មករានេះ ​ដើម្បី​ពិនិត្យមើល​លក្ខណៈសម្បត្តិ​នៃវ៉ាក់សាំង​របស់​ក្រុមហ៊ុន​មួយចំនួន​។​ ប៉ុន្តែកិច្ចប្រជុំ​លើក​ទី១​នេះ​ នៅមិនទាន់​កំណត់ថា​ តើនឹង​ត្រូវទិញវ៉ាក់សាំង​ពីក្រុមហ៊ុន​ណា និងពេលណាមួយ​នៅឡើយទេ​។

ផ្សាយពាណិជ្ជកម្ម

ក្រុមការងារ​អន្តរក្រសួង​ទទួលបន្ទុក​ការចរចា​និង​ការពិគ្រោះយោបល់​ ដើម្បី​ទិញវ៉ាក់សាំង​បង្ការ​ជំងឺកូវីដ​-​១៩ ​នៅមិនទាន់កំណត់​ថា ​តើនឹង​ត្រូវបញ្ជាទិញ​វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩​នេះ​ ពីក្រុមហ៊ុន​ណាមួយនៅ​ឡើយទេ ​ខណៈដែល​វ៉ាក់សាំង​របស់ក្រុមហ៊ុន ​Pfizer​/​BioNTech ​ដែលអង្គការ​សុខភាព​ពិភពលោក​ (WHO) ​ទើបតែបាន​ផ្តល់ការ​អនុញ្ញាត​អោយប្រើប្រាស់នោះ​ គឺសម្រាប់​តែករណី​បន្ទាន់​ប៉ុណ្ណោះ។ ​ប៉ុន្តែយ៉ាងណាក្តី ​កិច្ចប្រជុំលើកទី១​របស់​ក្រុមការងារ​អន្តរក្រសួង​ ដឹកនាំ​ដោយលោក​ វង្សី វិស្សុត ​រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋ​មន្រ្តី និង​ជារដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៅថ្ងៃទី ​០៨ ​មករា​នេះ បាន​ពិនិត្យ​មើលលក្ខណៈសម្បត្តិ​នៃ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​មួយចំនួន ​ដែលមាន​សក្តានុពល​ក្នុងការ​ទទួលបាន​នូវការ​ទទួលស្គាល់​ពី​អង្គការសុខភាព​ពិភពលោក។​

យោងតាម​កំណត់ហេតុ​នៃកិច្ចប្រជុំ​ក្រុមការងារ​អន្តរក្រសួងនៅ​លើកទី១​នេះ ​ក៏បាន​ពិភាក្សា​និង​ពិគ្រោះយោបល់ ​អំពីយុទ្ធសាស្ត្រ ​និង​ផែនការ​ធ្វើលទ្ធកម្មទិញវ៉ាក់សាំង​បង្ការជំងឺ​កូវីដ​១៩នេះ ​ដើម្បីផ្តល់ជូន​ប្រជាជនកម្ពុជា​អោយបាន​លឿននិង​ឆាប់រហ័ស​ សមល្មម​នឹង​តម្រូវការ​របស់កម្ពុជា ​ដោយធានា​បាន​នូវសុវត្ថិភាព​ គុណភាព ​និង​ប្រសិទ្ធភាព​ខ្ពស់។​ កិច្ចប្រជុំនេះ ​ក៏បាន​ពិភាក្សា​ពាក់ព័ន្ធនឹងការ​កំណត់​គោលការណ៍​ទិញ ការបែង​ចែក ​ព្រមទាំង​បរិមាណ​វ៉ាក់សាំង ​ទាំងសម្រាប់​ការប្រើប្រាស់​ក្នុងករណី​បន្ទាន់ ​និង​ទាំង​សម្រាប់​ការប្រើប្រាស់​ជាទូទៅដែរ។

គួររំលឹក​ជូន​ថា ​កាលពីខែធ្នូ ​ឆ្នាំ២០២០​កន្លងទៅ ​លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ប្រកាស​ពីការត្រៀម​បម្រុង​ថវិកា​ប្រមាណពី​១០០​ទៅ​២០០​លាន​ដុល្លារ​អាមេរិក​ សម្រាប់ទិញ​វ៉ាក់សាំង​បង្ការជំងឺកូវីដ​១៩ជំហាន​ដំបូង ​ចំនួន​១​លានដូស ​ដើម្បីចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ដោយឥតគិតថ្លៃ ​ប្រមាណជា​៥០​ម៉ឺន​នាក់។ ​ហើយក្រុមគោល​ដៅអាទិភាព​ដែលនឹង​ទទួលបានការចាក់វ៉ាក់សាំង​មុនគេ ​គឺជា​គ្រូពេទ្យ ​គ្រូបង្រៀន​ កងកម្លាំង​ប្រដាប់អាវុធ ​និង​មន្ត្រីរាជការ​ជាដើម។ ​បើតាម​លោកនាយករដ្ឋមន្ត្រី ​លោកក៏​បាន​​​ណែនាំ​អោយរដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​ត្រៀម​ថវិកា​សម្រាប់ទិញវ៉ាក់សាំង​បង្ការជំងឺកូវីដ​១៩​នេះ ​ពី​២​ទៅ៣លាន​ដូសថែមទៀត ​សម្រាប់​ដំណាក់កាល​បន្ទាប់ ​ខណៈដែល​ប្រជាជនកម្ពុជា​មានចំនួន​ជាង​១៦​លាន​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI