កូវីដ១៩៖អាជ្ញាធរថៃបិទទាំងស្រុងមិនឲ្យអាជីវករខ្មែរចូលទៅផ្សាររោងក្លឿចាប់ពីថ្ងៃទី១០មករា
ចាប់ពីថ្ងៃ១០មករានេះតទៅ អាជ្ញាធរថៃបានបិទទាំងស្រុងមិនឲ្យអាជីវករខ្មែរបើករថយន្តចូលទៅដឹកជញ្ជូន និងត្រួតពិនិត្យទំនិញនៅផ្សាររោងក្លឿទៀតឡើយ ក្រោមហេតុផលកូវីដ១៩កំពុងផ្ទុះឡើងនៅក្នុងសហគមន៍ប្រទេសថៃ។ វិធានការតឹងរឹងរបស់អាជ្ញាធរថៃបែបនេះ ធ្វើឡើងមិនមានតុល្យភាពជាមួយភាគីកម្ពុជាឡើយ។ បើតាមមន្ត្រីសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រចាំខេត្តបន្ទាយមានជ័យ រថយន្តដឹកទំនិញរបស់ភាគីថៃនៅតែអាចចូលកម្ពុជាបានរាប់រយគ្រឿងក្នុងមួយថ្ងៃៗ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ការដែលអាជ្ញាធរថៃបិទទាំងស្រុងមិនឲ្យអាជីវករខ្មែរចូលទៅផ្សាររោងក្លឿក្នុងទឹកដីថៃនៅពេលនេះគឺធ្វើឲ្យប៉ះពាល់កាន់ធ្ងន់ធ្ងរថែមមួយកម្រិតទៀត ដល់សេដ្ឋកិច្ចរបស់ពលរដ្ឋខ្មែរដែលរស់នៅតាមបន្ទាត់ព្រំដែន។ នេះជាការព្រួយបារម្ភរបស់ លោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា។
នេះមិនមែនជាលើកទី១ទេ ដែលអាជ្ញាធរថៃបានបិទទាំងស្រុងមិនឲ្យអាជីវករខ្មែរចូលទៅផ្សាររោងក្លឿ។ កាលពីខែមីនាឆ្នាំ២០២០រហូតដល់ខែកក្កដា ទំនិញរបស់អាជីវករខ្មែរ ត្រូវបានជាប់គាំងនៅផ្សារជាប់ព្រំដែនមួយនេះ ដោយសារតែការបិទព្រំដែនក្រោមហេតុផលកូវីដ១៩។ ប៉ុន្តែនៅពាក់កណ្តាលខែកក្កដា២០២០ អាជ្ញាធរកម្ពុជាបានចរចាជាមួយភាគីថៃសុំបើកព្រំដែនឡើងវិញ។ តែភាគីថៃនៅតែមិនព្រមបើកព្រំដែនទាំងស្រុងឡើយ ពោលគឺភាគីថៃអនុញ្ញាតឲ្យរថយន្តដឹកទំនិញរបស់អាជីវករខ្មែរតែចំនួន៥០គ្រឿងប៉ុណ្ណោះចូលទឹកថៃក្នុងមួយថ្ងៃ។
លោក ឌិន ពុទ្ធី ហៅវិធានការតឹងរឹងរបស់អាជ្ញាធរថៃចាប់ពីថ្ងៃ១០មករានេះទៅថា ធ្វើឡើងមិនមានតុល្យភាពជាមួយភាគីកម្ពុជាឡើយ។ បើតាមមន្ត្រីសេដ្ឋកិច្ចក្រៅប្រព័ន្ធរូបនេះ រថយន្តដឹកទំនិញរបស់ភាគីថៃនាពេលកន្លងទៅ បានចូលមកកម្ពុជារាប់រយគ្រឿងក្នុងមួយថ្ងៃៗ ក្នុងរយៈចំងាយពី៥ទៅ១០គីឡូម៉ែត្រ ហើយថែមទាំងមានជនជាតិថៃជាអ្នកបើករថយន្តចូលដោយផ្ទាល់ទៀតផង។
យ៉ាងណាក៏ដោយ លោក លី សារី អ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ អះអាងថា រថយន្តថៃអាចចូលកម្ពុជាបានត្រឹមកន្លែងដោះដូរទំនិញនៅតាមព្រំដែន ហើយជាទំនិញដូចជា ដែក និងស៊ីម៉ង់ ប៉ុណ្ណោះ។ នៅក្រោមហេតុផលកូវីដ១៩ដែលអាជ្ញាធរថៃផ្អាកទាំងស្រុងមិនឲ្យរថយន្តរបស់អាជីវករខ្មែរ៥០គ្រឿងចូលទៅផ្សាររោងក្លឿនៅពេលនេះ អ្នកនាំពាក្យដដែលយល់ថា វិធានការនេះគឺមិនមានពេលកំណត់ទេ តែលោកថាយ៉ាងយូរបិទត្រឹមរយៈ១ខែ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ