ព្រះមហាក្សត្រកម្ពុជាចេញព្រះរាជក្រឹត្យ ស្ដីពីការបន្ធូរបន្ថយនិងលើកលែងទោសដល់ទណ្ឌិតកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ព្រះមហាក្សត្រកម្ពុជា កាលពីថ្ងៃទី ១២ មករា បានចេញព្រះរាជក្រឹត្យមួយ ស្តីពី ការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតនៅក្នុងពិធីបុណ្យធំៗចំនួន៥ ក្នុងនោះ ក៏មាននៅក្នុង ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហមផងដែរ។ គោលបំណងនៃព្រះរាជក្រឹត្យនេះ គឺដើម្បីធ្វើសមាហរណកម្មទណ្ឌិតនៅកម្ពុជាឱ្យចូលទៅរួមរស់ក្នុងសង្គមវិញ ឬ ក្នុងគោលបំណងផ្នែកមនុស្សធម៌។
អំណឹះតទៅ ទណ្ឌិតនៅកម្ពុជាមានឱកាសស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោស នៅក្នុងពិធីបុណ្យសំខាន់ៗចំនួន៥នៅកម្ពុជា ដែលក្នុងនោះរួមមាន ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ប៉ុលពត ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពិធីបុណ្យវិសាខបូជា ពិធីបុណ្យឯករាជ្យជាតិ និងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រកម្ពុជា ចុះថ្ងៃទី ១២ មករា ឆ្នាំ ២០២១នេះ ចែងថា គោលបំណង គឺដើម្បីធ្វើសមាហរណកម្មទណ្ឌិតនៅកម្ពុជា ឱ្យចូលទៅរួមរស់ក្នុងសង្គមវិញ ឬ ក្នុងគោលបំណងផ្នែកមនុស្សធម៌ជាដើម។ ព្រះរាជក្រឹត្យនេះ នឹងមានវិសាលភាពគ្របដណ្ដប់ទៅលើការបន្ធូរបន្ថយទោស និងលើកលែងទោស ចំពោះទណ្ឌិតទាំងអស់ដែលត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារដោយសាលក្រម ឬសាលដីកាស្ថាពររបស់តុលាការកម្ពុជា និងចំពោះទណ្ឌិតដែលត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ដោយអំណាចតុលាការនៃរដ្ឋបរទេស ប៉ុន្តែត្រូវបានបញ្ជូនឲ្យមកអនុវត្តទោសនៅកម្ពុជា ដោយផ្អែកតាមការព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបរទេសនោះ។
យោងតាមព្រះរាជក្រឹត្យដដែល ការបន្ធូរបន្ថយទោស និងការលើកលែងទោស អាចអនុវត្តបានតែចំពោះទណ្ឌិតដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារដោយសាលក្រម ឬសាលដីកាស្ថាពររបស់តុលាការ និងចំពោះទណ្ឌិតដែលបានបំពេញលក្ខខណ្ឌទូទៅ ដូចជា៖ មានការភ្ញាក់រឭកខិតខំកែប្រែគំនិតមារយាទ ឱ្យក្លាយជាពលរដ្ឋសុចរិតដើម្បីធ្វើសមាហរណកម្មចូលរួមរស់ក្នុងសង្គមវិញ គោរពប្រតិបត្តិបានយ៉ាងហ្មត់ចត់ និងត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារនិងជាគំរូល្អដល់ទណ្ឌិតព្រមទាំងអ្នកជាប់ជាប់ឃុំដទៃទៀត ក៏ដូចជាចូលរួមអនុវត្តយ៉ាងសកម្ម និងទៀងទាត់នូវកម្មវិធីអប់រំកែប្រែ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីសមាហរណកម្ម ព្រមទាំងគោរពប្រតិបត្តិបានយ៉ាងហ្មត់ចត់និងត្រឹមត្រូវតាមសេចក្តីណែនាំផ្សេងទៀតរបស់ពន្ធនាគារ។
មាត្រា៦នៃព្រះរាជក្រឹត្យនេះបានចែងថា ការបន្ធូរបន្ថយទោស និងការលើកលែងទោស អាចអនុវត្តផងដែរ ក្នុងហេតុផលមនុស្សធម៌ ចំពោះទណ្ឌិតដែលមានវ័យចាស់ជរា ស្ត្រីមានគភ៌ ឬមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ វិបល្លាសស្មារតី ឬពិការភាព ដោយមានលិខិតបញ្ជាក់ពីគ្រូពេទ្យដែលទទួលស្គាល់ដោយក្រសួងមានសមត្ថកិច្ច។
រីឯលក្ខខណ្ឌដោយឡែកនៃការទទួលបានបន្ធូរបន្ថយទោសវិញ គឺចំពោះទណ្ឌិតដែលបានបំពេញលក្ខខណ្ឌតាមបញ្ញត្តិនៃមាត្រា៥នៃព្រះរាជក្រឹត្យនេះ អាចទទួលបានការបន្ធូរបន្ថយទោសបានលុះត្រាតែទណ្ឌិតនោះ បានអនុវត្តទោស ១ភាគ៣ នៃទោសដាក់ពន្ធនាគារសរុបដែលតុលាការបានកំណត់។ ចំពោះទោសដាក់ពន្ធនាគារមួយជីវិត ទណ្ឌិតត្រូវទទួលរងទោស១០ឆ្នាំជាមុនសិន។
រីឯលក្ខខណ្ឌដោយឡែក នៃការទទួលបានការលើកលែងទោសវិញ គឺចំពោះទណ្ឌិតដែលបានបំពេញលក្ខខណ្ឌតាមបញ្ញត្តិនៃមាត្រា ៥ នៃព្រះរាជក្រឹត្យនេះ និងក្នុងករណីដែលទណ្ឌិតបានទទួលរងទោសដាក់ពន្ធនាគារ ចំនួន២ភាគ៣នៃទោស។ ចំពោះទណ្ឌិតដែលទទួលទោសដាក់ពន្ធនាគារអស់មួយជីវិត អាចទទួលការលើកលែងទោស ប្រសិនបើទណ្ឌិតនោះ បានអនុវត្តទោសយ៉ាងតិច ៣០ឆ្នាំ ឬ ២០ឆ្នាំ ក្នុងករណីដែលមានការបន្ធូរបន្ថយទោស។
គួរជំរាបជូនថា កន្លងមកទណ្ឌិតកម្ពុជាមានឱកាសធំៗតែ៣ប៉ុណ្ណោះ ដើម្បីទទួលបានការបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងរយៈពេល១ឆ្នាំៗ គឺនៅក្នុងឱកាសនៃពិធីបុណ្យវិសាខបូជាម្តង ពិធីបុណ្យឯករាជ្យជាតិម្តង និងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកម្តងទៀត។ យោងតាមមាត្រា៩នៃព្រះរាជក្រឹត្យនេះបានចែងថា ទណ្ឌិតអាចទទួលការបន្ធូរបន្ថយទោសបានតែម្តងគត់ក្នុងរយៈពេល១ឆ្នាំ។ រីឯទណ្ឌិតខ្លះ អាចទទួលបានការបន្ធូរបន្ថយទោសច្រើនដងបានដែរ លុះត្រាតែទណ្ឌិតនោះ បានអនុវត្តទោសពាក់កណ្តាលនៃទោសដាក់ពន្ធនាគារដែលតុលាការបានកំណត់ ប៉ុន្តែត្រូវគោរពតាមលក្ខខណ្ឌដូចមានចែងនៅក្នុងកថាខណ្ឌទី១៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ