អានតួអត្ថបទ
កម្ពុជា-សង្គម

ធនាគារជាតិកម្ពុជាជាប់ជាធនាគារកណ្តាលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

ធនាគារជាតិនៃកម្ពុជា
ធនាគារជាតិនៃកម្ពុជា © Internet
ដោយ៖ ជួប នរក្សា
១១ នាទី

ធនាគារ​ជាតិ​កម្ពុជា​ NBC ​បាន​ជាប់​ជា​ធនាគារ​កណ្តាល​ឆ្នាំ​២០២១​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ តាម​រយៈ​ការ​គ្រប់គ្រង​បាន​ល្អ ​ដើម្បី​ជំរុញ​កំណើន​និង​ស្ថេរភាព​សេដ្ឋកិច្ច​ ក្នុង​ពេល​កម្ពុជា​បាន​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​នៃ​ជំងឺ​កូវីដ១៩​នៅ​ឆ្នាំ​២០២០​។ នេះ​បើ​តាម​គេហទំព័រ​ផ្នែក​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជា​សកល​ The Banker ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣១​ធ្នូ​២០២០​។

ផ្សាយពាណិជ្ជកម្ម

ធនាគារជាតិនៃកម្ពុជា NBC បានទទួលរង្វាន់លើកទឹកចិត្ត និងជាប់ជាបេក្ខភាពធនាគារកណ្តាលដែលមានការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុបានល្អ ក្នុងចំណោមធនាគារធំៗនៃបណ្តាប្រទេសលើពិភពលោកប្រចាំឆ្នាំ២០២១។ នេះដោយសារមានការគ្រប់គ្រងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានល្អ បើទោះបីជាប្រទេសកម្ពុជាបានរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ និងគ្រោះទឹកជំនន់កាលពីខែតុលាក៏ដោយ។ នេះបើតាមគេហទំព័រផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ The Banker។

បន្ទាប់ពីទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩និងទឹកជំនន់ដែលជះឥទ្ធិពលដល់វិស័យធុរកិច្ច ធនាគារជាតិនៃកម្ពុជា NBC បានបង្កើនការជួយដល់ក្រុមហ៊ុនដែលជួបនឹងបញ្ហាហិរញ្ញវត្ថុ។ វិធានការស្តារវិស័យធុរកិច្ចឡើងវិញ រួមមាន ការផ្តល់ប្រាក់កម្ចីដល់សមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលបានដាក់ចេញនៅខែមីនាឆ្នាំ២០២០ នឹងបន្តរហូតដល់ចុងខែមិថុនាឆ្នាំ២០២១ ព្រមទាំងកាត់បន្ថយនូវអត្រាការប្រាក់ និងថ្លៃសេវាកម្មក៏ត្រូវបានលើកលែង។ វិធានការនេះបានធ្វើឲ្យអត្រាប្រាក់កម្ចីនៅកម្ពុជាស្ថិតក្នុងរង្វង់ត្រឹម ២.៥%។

ក្រៅពីវិធានការស្តារលើវិស័យធុរកិច្ច ធនាគារជាតិនៃកម្ពុជា NBC ក៏បានដាក់ចេញនូវរូបិយប័ណ្ណឌីជីថល បាគង កាលពីខែតុលាឆ្នាំ២០២០ ដើម្បីលើកកម្ពស់រូបិយប័ណ្ណជាតិលើវិស័យឌីជីថល និងជួយរុញច្រានការប្រតិបត្តិនៅក្នុងប្រព័ន្ធធនាគារឲ្យកាន់តែមានប្រសិទ្ធិភាព។ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការប្រើប្រាស់ប្រាក់រៀលកម្ពុជាកាន់តែច្រើន ជាមធ្យោបាយមួយដើម្បីជំរុញកំណើនប្រកបដោយចីរភាពនិងអភិវឌ្ឍប្រព័ន្ធធនាគារ ដោយមិនពឹងផ្អែកលើប្រាក់ដុល្លារអាមេរិកទាំងស្រុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ