អានតួអត្ថបទ
កម្ពុជា-នយោបាយ

តុលាការចាប់ផ្តើមសួរឆ្លើយលើមន្រ្តី និងសកម្មជនអតីតបក្សប្រឆាំងរឿងរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទល្មើស

លោកស្រី សេង ធារី ចូលបំភ្លឺសំណុំរឿងរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១
លោកស្រី សេង ធារី ចូលបំភ្លឺសំណុំរឿងរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ AP - Heng Sinith
ដោយ៖ វណ្ណ សុគន្ធា
១៥ នាទី

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​បើក​សវនាការ​សួរ​ឆ្លើយ​ទៅ​លើ​មន្រ្តី​ និង​សកម្មជន​អតីត​គណបក្ស​សង្រ្គោះជាតិ​ប្រមាណ​៦០​នាក់​នៅ​ក្នុង​សំណុំ​រឿង​រួម​គំនិត​ក្បត់​ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ជា​អាទិ៍​។ សវនាការ​នៅ​ព្រឹក​នេះ​ មិនទាន់​មាន​ការ​សម្រេច​ជា​ផ្លូវការ​បែប​ណា​នោះ​ទេ​។ ប៉ុន្តែ​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​បាន​សម្តែង​កង្វល់​ចំពោះ​សវនាការ​លើ​មនុស្ស​ច្រើន​នាក់​នេះ​ដោយ​ថា​ ការ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​របស់​ពួកគេ​ប្រឈម​នឹង​ហានិភ័យ​។

ផ្សាយពាណិជ្ជកម្ម

សវនាការនៅថ្ងៃព្រហស្បតិ៍នេះ គឺជាសវនាការដំណាក់កាលទី១នៃសំណុំរឿងរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទសល្មើសជាអាទិ៍ដែលពាក់ព័ន្ធនឹងមន្រ្តី និងសកម្មជនអតីតគណបក្សសង្រ្គោះជាតិប្រមាណជាង១៤០នាក់។ តុលាការសាលាដំបូងរាជធានីភ្នំពេញបានបំបែកសំណុំរឿងនេះជា២ដំណាក់កាលព្រោះតែមានមនុស្សច្រើនពេក ដោយដំណាក់កាលទី១ធ្វើឡើងនៅថ្ងៃនេះ និងដំណាក់កាលទី២ នឹងធ្វើឡើងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។

មុនសវនាការនេះមួយថ្ងៃនេះ លោកស្រី​ រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បានបង្ហាញនូវកង្វល់អំពីការជំនុំជម្រះក្តីដែលលោកស្រីចាត់ទុកថា មានលក្ខណៈទ្រង់ទ្រាយធំ នេះ។ តាមរយៈទំព័រហ្វេសប៊ុក លោកស្រីរ៉ូណា ស្មីត បានលើកឡើងថា សវនាការនេះនឹងធ្វើឱ្យសិទ្ធិបុគ្គលរបស់ពួកគេក្នុងការទទួលបានការជំនុំជម្រះក្តីប្រកបដោយយុត្តិធម៌ត្រូវប្រឈមនឹងហានិភ័យ។

បន្ថែមលើនេះ លោកស្រីរ៉ូណា ស្មីត ក៏បានសម្តែងកង្វល់ផងដែរអំពីជនជាប់ចោទមួយចំនួនដែលត្រូវបានកាត់ទោសកំបាំងមុខ បើទោះជាពួកគេបានព្យាយាមវិលត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីចូលរួមក្នុងការជំនុំជម្រះក្តីនេះក៏ដោយ។ ត្រង់ចំណុចនេះ អ្នកការពារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិទំនងជាចង់សំដៅដល់លោកសម រង្ស៊ី និងមន្រ្តីជាន់ខ្ពស់ដទៃទៀតនៃអតីតគណបក្សសង្រ្គោះជាតិដែលកំពុងស្នាក់នៅក្រៅប្រទេស។ ក្រុមមន្រ្តីអតីតគណបក្សសង្រ្គោះជាតិដែលដឹកនាំលោកស្រីមួរ សុខហួរ អនុប្រធានអតីតបក្សប្រឆាំងបានបង្ហាញឆន្ទៈចូលមកប្រទេសកម្ពុជាវិញ ដើម្បីត​តាំងជាមួយតុលាការសាលាដំបូងរាជធានីភ្នំពេញ។ ប៉ុន្តែ ពួកគេបានប្រកាសលើកពេលមកកម្ពុជាពីការកំណត់មកថ្ងៃទី០៤ ខែមករា ទៅថ្ងៃទី១៥ ខែ​មករាវិញ។

ចំពោះបញ្ហានេះ លោកស្រីរ៉ូណា ស្មីត បានស្នើយ៉ាងទទូចឱ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិទទួលបានការជំនុំជម្រះក្តីប្រ កប​ដោយយុត្តិធម៌ដល់បុគ្គលទាំងនេះ និងបានលើកទឹកចិត្តឱ្យអាជ្ញាធរកម្ពុជាជួយសម្រួលដល់ការវិលត្រឡប់របស់ពួកគេ និងអនុញ្ញាតឱ្យពួកគេចូលរួមសវនាការ និងការពារក្តីរបស់ខ្លួននៅក្នុងតុលាការ។ សម្រាប់លោកស្រីរ៉ូណា ស្មីតក្នុងករណីការបង្ហាញខ្លួនរបស់ពួកគេមិនអាចចាត់ចែងបានទេនោះ លោកស្រីចង់ឱ្យអាជ្ញាធរកម្ពុជាជួយសម្រួលឱ្យមានការចូលរួមសវនាការពីចម្ងាយដល់ពួកគេ ឬពន្យាការជំនុំជម្រះរហូតដល់ជនជាប់ចោទអាចធ្វើដំណើរមកកម្ពុជាបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ