អានតួអត្ថបទ
កម្ពុជា-សង្គម

លោក កែវ វណ្ណថន៖ ជនបរទេសជិត ២៧០ ០០០នាក់ ត្រូវបានដាក់ឲ្យស្ថិតក្នុងប្រព័ន្ធគ្រប់គ្រងថ្មីដែលងាយស្រួលគ្រប់គ្រង

ជនអន្តោប្រវេសន៍ខុសច្បាប់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន
ជនអន្តោប្រវេសន៍ខុសច្បាប់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន © FB/អគ្គនាយកដ្ឋានអន្តោប្រវេសន៍
ដោយ៖ ហេង សុខនី
១៤ នាទី

អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​ កាល​ពី​ថ្ងៃ​ទី​១៣​ខែ​មករា​ ឆ្នាំ​២០២១​នេះ ​បាន​ដាក់​ចេញ​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ជនបរទេស​ថ្មី​(FPCS) ដែល​អ្នក​ជំនាញ​ផ្នែក​យល់​ថា​ ជា​ប្រព័ន្ធ​មួយ​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ទិន្នន័យ​ជនបរទេស​នៅ​កម្ពុជា​មាន​ភាព​ច្បាស់លាស់​ជាង​មុន​។ ប្រព័ន្ធ​នេះ​ នឹង​ជួយ​ដល់​មន្រ្តី​អន្តោប្រវេសន៍​ក្នុង​ការ​ស្វែងរក​ជនបរទេស​ ដែល​កំពុង​ស្នាក់​នៅ​ប្រទេស​កម្ពុជា​ ជា​ពិសេស​ជន​បរទេស​ណា​មួយ​ ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទ​ល្មើស​ជា​ដើម​។

ផ្សាយពាណិជ្ជកម្ម

លោកកែវ វណ្ណថន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃថ្លែងថា គិតត្រឹមថ្ងៃទី១៤ ខែមករានេះ មានជនបរទេសចំនួន ២៦៩ ៩៣១ នាក់ កំពុងស្ថិតនៅក្នុងប្រព័ន្ធគ្រប់គ្រង FPCS ដែលជាប្រព័ន្ធថ្មី ផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យចេញចូលរបស់ជនបរទេស ដែលបានមកធ្វើទេសចរណ៍ មកធ្វើការងារ មកស្នាក់នៅក្នុងប្រទេសកម្ពុជា។ 

ការគ្រប់គ្រងវត្តមានជនបរទេសរបៀបថ្មីនេះ តម្រូវឱ្យម្ចាស់ផ្ទះ ម្ចាស់សណ្ឋាគារ ម្ចាស់ទីតាំង ដែលផ្តល់កន្លែងស្នាក់នៅឱ្យជនបរទេស ចាំបាច់ត្រូវរាយការណ៍ និងផ្តល់ព័ត៌មានអំពីការចូលមកស្នាក់នៅរបស់ជនបរទេស ក្នុងទីតាំងរបស់ខ្លួនទៅអាជ្ញាធរមូលដ្ឋាន។

តាមរយៈប្រព័ន្ធគ្រប់គ្រងទិន្នន័យច្បាស់លាស់ និងត្រឹមត្រូវដូច្នេះ គឺជាការបង្ករភាពងាយស្រួលដល់មន្រ្តីអន្តោប្រវេសន៍ ក្នុងការតាមដាន និងស្វែងរកជនបរទេសណា ដែលមានជាប់ពាក់ព័ន្ធនឹងបទល្មើស ឬការឆ្លងដែនខុសច្បាប់ ដើម្បីដោះស្រាយ និងអនុវត្តទៅតាមនីតិវិធីអន្តោប្រវេសន៍។ នេះបើតាមលោក កែវ វណ្ណថន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

សូមរម្លឹកដែរថា កាលពីឆ្នាំ២០២០កន្លងទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដាក់ចេញនូវវិធានការគ្រប់គ្រងជនបរទេសចំនួន៣។ ទី១. ការគ្រប់គ្រងតាមច្រកទ្វាព្រំដែន ទី២. ការគ្រប់គ្រងវត្តមានជនបរទេស និងទី៣. ការស៊ើបអង្កេត និងអនុវត្តនីតិវិធី ចំពោះជនបរទេស ដែលប្រព្រឹត្តបទល្មើសនៅកម្ពុជា។

សូមបញ្ជាក់ថា ជនបរទេសដែលបានមកស្នាក់នៅប្រទេសកម្ពុជានាំមុខគេមានចំនួន ៧ប្រទេស ក្នុងមានចិន វៀតណាម ថៃ អាម៉េរិក កូរ៉េខាងត្បូង ជប៉ុន និងបារាំង។ ទន្ទឹមនឹងនេះ នៅឆ្នាំ២០២០ដែរ អាជ្ញាធរ ក៏បានបដិសេធមិនឱ្យជនបរទេសចំនួន៤៤៨នាក់ចូលមកស្នាក់នៅកម្ពុជា ក្នុងចំណោម៥០សញ្ជាតិ ដោយហេតុផលមិនមានគោលដៅច្បាស់លាស់  មិនមានប្រាក់គ្រប់គ្រាន់ និងមិនមានឯកសារបញ្ជាក់សុខភាពពីការធ្វើតេស្តរកវីរុសកូវីដ១៩។

តាមរយៈអ្នកនាំពាក្យដដែល ជនបរទេសខុសច្បាប់ចំនួន៧៨៩នាក់ ក៏ត្រូវបានបណ្តេញចេញពីកម្ពុជា ដោយជនល្មើសទាំងនោះ ភាគច្រើនជាប់ពាក់ព័ន្ធនឹងបទល្មើស គ្មានលិខិតឆ្លងដែន ស្នាក់នៅលើសទិដ្ឋការកំណត់ លួចឆ្លងដែនខុសច្បាប់ និងគ្មានប្រាក់ចិញ្ចឹមជីវិតជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ