កម្ពុជា-សង្គម

សម្ដេចព្រះបរមរាមា នរោត្តម យុវនាថ ព្រះរាជបុត្រាច្បងរបស់ព្រះបរមរតនកោដ្ឋ យាងចូលព្រះទិវង្គត ក្នុងព្រះជន្ម៧៨ព្រះវស្សា

សម្ដេចព្រះបរមរាមា នរោត្តម យុវនាថ យាងចូលព្រះទិវង្គត ក្នុងព្រះជន្ម៧៨ព្រះវស្សា
សម្ដេចព្រះបរមរាមា នរោត្តម យុវនាថ យាងចូលព្រះទិវង្គត ក្នុងព្រះជន្ម៧៨ព្រះវស្សា © FB
ដោយ៖ អ៊ឹម រចនា
១១ នាទី

សម្ដេច​ព្រះ​បរម​រាមា នរោត្តម យុវនាថ ព្រះ​រាជ​បុត្រា​ច្បង​របស់​ព្រះ​បរម​រតនកោដ្ឋ និង​ជា​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ ទ្រង់​យាង​ចូល​ព្រះ​ទិវង្គត​ដោយ​ព្រះ​ជរាពាធ ក្នុង​ព្រះ​ជន្ម​៧៨​ព្រះ​វស្សា នៅ​សហរដ្ឋ​អាមេរិក នា​យប់​ថ្ងៃ​ទី​១៤​មករា​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទំព័រ​ហ្វេសប៊ុក Royal du Cambodge។ សម្ដេច​ព្រះ​បរម​រាមា នរោត្តម យុវនាថ ទ្រង់​ប្រសូត្រ​នៅ​ថ្ងៃ​ទី​១៧​ខែ​តុលា​ឆ្នាំ​១៩៤៣ នៅ​ព្រះ​មហា​ប្រាសាទ​ខេមរិន្ទ ជា​ព្រះ​បុត្រា​ច្បង​របស់​សម្ដេច​ព្រះ​បាទ នរោត្តម សីហនុ ព្រះ​បរម​រតនកោដ្ឋ ជាមួយ​ព្រះអង្គ​ម្ចាស់​ក្សត្រី ស៊ីសុវត្ថិ ពង្សសានមុនី និង​ជា​ព្រះ​រៀម​បង្កើតមាតា​ទីទៃ នៃ​ហ្លួង​ នរោត្តម សីហមុនី។

ផ្សាយពាណិជ្ជកម្ម

ព្រះ​អង្គ បាន​បំពេញ​ការ​សិក្សា​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ និង​ធ្លាប់​បាន​យាង​ជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់​នៃ​ប្រទេស​កម្ពុជា ចូល​រួមក្នុង​កម្មវិធី « World Scout Jamboree » នៅ​ក្នុង​ប្រទេស​ហ្វីលីពីន នា​ឆ្នាំ​១៩៥៩ និង​បាន​យាង​ដង្ហែ​ព្រះ​រាជ​សកម្មភាព​ដ៏​ឧត្តុង្គឧត្តម នៃ​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ ជា​ច្រើន​រាប់​មិន​អស់​ផង​ដែរ។ ក្នុង​ពេល​ដែល​រាជធានីភ្នំពេញ មាន​រដ្ឋ​ប្រហារ​ទម្លាក់សម្តេច​ព្រះបាទនរោត្តម សីហនុ ព្រះ​អង្គម្ចាស់ នរោត្តម យុវនាថ និង​អ្នក​ម្នាង ស្ថិត​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​សិង្ហបុរី ជា​ហេតុ​ធ្វើ​ឱ្យ​ព្រះ​អង្គ​ពុំ​អាច​​យាង​និវត្តន៍​មក​កាន់​កម្ពុជា​វិញ​បាន។ ព្រះ​អង្គបាន​បង្ខំ​ព្រះ​ទ័យ​ភៀស​ព្រះ​កាយ​ទៅ​គង់​នៅ​ប្រទេស​ចិន​ មុន​នឹង​​ភៀស​ព្រះកាយ​ទៅ​​កាន់​ទី​ក្រុង​ហុងកុង ពី​ឆ្នាំ​១៩៧៥​រហូត​ដល់​ឆ្នាំ​១៩៨០។ បន្ទាប់​ពី​ទីក្រុង​ហុងកុង ទ្រង់​បាន​ភៀស​​ព្រះ​កាយ​បន្ត​ទៅ​គង់​ប្រថាប់​​នៅ​​សហរដ្ឋអាមេរិក និង​បាន​បំពេញ​ការងារ​ក្នុង​ក្រុមហ៊ុន US Surgical Corporation ប្រមាណជាង ១៤ឆ្នាំ។

ក្រោយ​ពេល​ព្រះ​អង្គ​យាង​ធ្វើ​មាតុភូមិ​និវត្តន៍​វិញនៅ​ឆ្នាំ១៩៩៣ ​ទ្រង់​ត្រូវ​បាន​ប្រោស​ព្រះរាជ​ទាន​ព្រះរាជ​ក្រឹត្យ​តែង​តាំង​ជា «ស្តេច​ក្រុម​ហ្លួង» ​មាន​ព្រះ​ឋានៈ​ជា​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្រ្តី  និង​ក្រោយ​មក ​នៅ​ខែ​សីហា ឆ្នាំ​២០០៤ ទ្រង់​ត្រូវ​បាន​ទទួល​គោរមងារ​ជា «សម្តេច​ព្រះ​បរម​រាមា» ពី​សំណាក់​ព្រះ​បរម​រតនកោដ្ឋ នរោត្តម សីហនុ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI