អ្នកជំនាញសុខភាព៖ ការពិចារណាបិទខេត្តជាបណ្តោះអាសន្នមិនមែនជាជម្រើសល្អ នៅក្នុងបរិបទកូវីដ១៩នៅតាមខេត្តជាយដែននោះទេ
ចុះផ្សាយនៅថ្ងៃ៖
ករណីពលករខ្មែរត្រលប់មកពីប្រទេសថៃមានវិជ្ជមានកូវីដ១៩ បានកើនឡើងជាបន្តបន្ទាប់រយៈពេលប៉ុន្មានថ្ងៃមកនេះ។ នៅក្នុងបរិបទនៃការឆ្លងកូវីដ១៩លើពលករខ្មែរនេះ អ្នកជំនាញផ្នែកសុខភាព បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃសុក្រនេះថា ការពិចារណាលើការបិទខ្ទប់ខេត្តមួយចំនួននៅតាមតំបន់ព្រំដែនជាប់ប្រទេសថៃមិនមែនជាដំណោះស្រាយដើម្បីបង្ការជំងឺកូវីដ១៩នោះទេ ក៏ប៉ុន្តែអ្វីដែលចាំបាច់នៅពេលនេះគឺពង្រឹងការអនុវត្តវិធានសុវត្ថិភាពសុខភាពឲ្យបានម៉ឺងម៉ាត់ និងតឹងរ៉ឹងបំផុត។
នៅក្នុងបរិបទនៃការឆ្លងជំងឺកូវីដ១៩ទៅលើពលករខ្មែរ ដែលត្រលប់មកពីប្រទេសថៃនិងកំពុងតែធ្វើចត្តាឡីស័កនៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ-កម្ពុជា អ្នកជំនាញផ្នែកសុខភាព លោកវេជ្ជបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថាដំណោះស្រាយនៅក្នុងទប់ស្កាត់ការរាលដាលបន្តនូវជំងឺកូវីដ១៩នៅកម្ពុជា មិនមែនជាការបិទខ្ទប់ខេត្តណាមួយនៅតាមតំបន់ព្រំដែននោះទេ។ ការបិទខ្ទប់ខេត្ត នឹងអាចប៉ះទង្គិចដល់បញ្ហាសតិអារម្មណ៍ និងជាពិសេសគឺបញ្ហាសេដ្ឋកិច្ច។ នេះបើតាមលោកវេជ្ជបណ្ឌិត នុត សម្បត្តិ។
ជំនួសឲ្យការបិទបណ្តោះអាសន្នទៅលើខេត្តណាមួយនេះ អ្នកជំនាញផ្នែកសុខភាពរូបនេះ លើកឡើងថា ក្រសួងសុខាភិបាល និងអាជ្ញាធរនៅតាមបណ្តាខេត្តទាំងនោះ ត្រូវពង្រឹងនូវការអនុវត្តវិធានការបង្ការការឆ្លងជំងឺកូវីដ១៩ជាបន្តទៀត ដើម្បីធ្វើយ៉ាងណាធានាបាននូវសុវត្ថិភាពដល់ប្រជាពលរដ្ឋ។
តែជាមួយគ្នានេះ បើតាមលោកវេជ្ជបណ្ឌិត អ្វីដែលការព្រួយបារម្ភគឺការចូលរួមសហការពីពលករខ្មែរដែលត្រលប់មកពីប្រទេសថៃវិញនៅក្នុងបរិបទកូវីដ១៩នេះ។ ពលករខ្មែរដែលវិលចូលកម្ពុជាវិញនោះត្រួវបង្ហាញភាពស្មោះត្រង់ និងចូលរួមធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ទើបអាចទប់ស្កាត់ការចម្លងបន្តចូលសហគមន៍បាន។
នៅថ្ងៃនេះដែរ ក្រសួងការងារក៏បានអំពាវនាវឲ្យពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ ឲ្យបន្តស្នាក់នៅ និងធ្វើការជាបន្តទៀត ខណៈដែលអាជ្ញាធរថៃនឹងមិនមានវិធានការប្រឆាំងនឹងពលករបរទេសណាមួយឡើយ។ ការត្រលប់ចូលមកកាន់កម្ពុជាវិញ ជាការប្រឈមខ្ពស់នឹងលទ្ធភាពឆ្លងជំងឺកូវីដ១៩នៅក្នុងស្ថានការណ៍នេះ។ នេះបើយោងតាមក្រសួងការងារកម្ពុជា។
គួរជម្រាបជូនថា គិតត្រឹមថ្ងៃទី១៥ខែមករានេះ មានពលករខ្មែរដែលត្រលប់មកពីប្រទេសថៃបានរកឃើញវិជ្ជមានជំងឺកូវីដ១៩សរុបចំនួន៥៦នាក់ ក្នុងនោះស្រី៤៤នាក់និងបុរស១២នាក់ ហើយថ្ងៃនេះផ្ទាល់ក្រសួងបានរកឃើញអ្នកវិជ្ជមានថ្មីដែលជាពលករខ្មែរដែលនោះ រហូតដល់១៥នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ