លោកស្រី មូរ សុខហួរ ទាមទាររកយុត្តិធម៌ ក្រោយត្រូវក្រុមហ៊ុនអាកាសចរណ៍បដិសេធមិនឲ្យឡើងយន្តហោះ
ចុះផ្សាយនៅថ្ងៃ៖
ភ្លាមៗបន្ទាប់ពីត្រូវបានបដិសេធមិនឲ្យឡើងយន្តហោះពីទីក្រុង Los Angeles លោកស្រី មូរ សុខហួរ បានថ្លែងសូមឲ្យប្រជាពលរដ្ឋរកយុត្តិធម៌ឲ្យលោកស្រី ដែលត្រូវបានតុលាការកម្ពុជាកោះហៅឲ្យចូលរួមសវនាការជំនុំជម្រះក្ដី ប៉ុន្តែបែរជាមិនត្រូវបានផ្ដល់ទិដ្ឋាការឲ្យចូលទៅកាន់ប្រទេសកម្ពុជាទៅវិញ។
លោកស្រី មូរ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ បានចាត់ទុករឿងនេះថាជាការរំលោភសិទ្ធិរបស់លោកស្រី រួមមានសិទ្ធិក្នុងការទទួលបានលិខិតឆ្លងដែន និងសិទ្ធិក្នុងការទទួលបានយុត្តិធម៌ តាមរយៈការបង្ហាញវត្តមានក្នុងពេលជំនុំជម្រះក្ដីនៅតុលាការជាដើម។
នៅក្នុងព្រឹត្តិការណ៍មាតុភូមិនិវត្តន៍របស់មន្ដ្រីអតីតគណបក្សសង្គ្រោះជាតិនេះដែរ មិនមែនមានតែ លោកស្រី មូរ សុខហួរ ម្នាក់ប៉ុណ្ណោះទេ ដែលពុំត្រូវបានក្រុមហ៊ុនអាកាសចរណ៍បដិសេដមិនឲ្យឡើងយន្តហោះ។
នៅទីក្រុងប៉ារីសប្រទេសបារាំង លោក ម៉ែន សុថាវរិន្ទ្រ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សសង្គ្រោះជាតិ ក៏ត្រូវបានហាមឃាត់មិនឲ្យឡើងយន្តហោះចាកចេញពីទីក្រុងប៉ារីសមកកាន់ប្រទេសសិង្ហបុរី មុននឹងបន្តដំណើរមកកាន់កម្ពុជាដូចគ្នាដែរ។ នេះបើតាមការគូសបញ្ជាក់របស់លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃសៅរ៍ ទី១៦មករានេះ។ លោក សម រង្ស៊ី ឲ្យដឹងបន្ថែមទៀតថា ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines មិនឲ្យលោក ម៉ែន សុថាវរិន្ទ្រ ឡើងយន្តហោះ គឺព្រោះតែរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឲ្យលោក ម៉ែន សុថាវរិន្ទ្រ ត្រឡប់មកមាតុប្រទេសវិញទេ បើទោះបីជាឆ្លងកាត់ប្រទេសណាក៏ដោយ។ នេះបើតាមលោក សម រង្ស៊ី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ