កម្ពុជា-កូវីដ១៩

លោក ហ៊ុន សែន៖ការទទួលយកវ៉ាក់សាំងកូវីដ១៩របស់ចិនដោយសារមិនអាចរង់ចាំវ៉ាក់សាំងផ្សេង

លោក ហ៊ុន សែន៖ការទទួលយកវ៉ាក់សាំងកូវីដ១៩របស់ចិនដោយសារមិនអាចរង់ចាំវ៉ាក់សាំងផ្សេង។
លោក ហ៊ុន សែន៖ការទទួលយកវ៉ាក់សាំងកូវីដ១៩របស់ចិនដោយសារមិនអាចរង់ចាំវ៉ាក់សាំងផ្សេង។ © rfi

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​នៅយប់​មិញ​នេះ​ថា ចិន នឹង​ផ្តល់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​១៩ ចំនួន ១​លាន​ដូស​ដល់​កម្ពុជា ដោយ​ឥត​គិត​ថ្លៃ ខណៈ​កម្ពុជា​កំពុង​ត្រូវ​ការ​ជា​ចាំ​បាច់​។ វ៉ាក់សាំង​ដែល​ចិន​ប្រកាស​ផ្តល់​ឲ្យ​កម្ពុជា​នេះ​មានឈ្មោះ​ថា ស៊ី​ណូ​ហ្វាម ដែល​អង្គការ​សុខភាព​ពិភពលោក​មិនទាន់​ទទួល​ស្គាល់​នៅ​ឡើយ តែ​មាន​មេដឹកនាំ​ពិភពលោក​មួយចំនួន​បាន​ប្រើប្រាស់​វា​រួច​ហើយ​។ 

ផ្សាយពាណិជ្ជកម្ម

ដំបូង​ឡើយ​លោក ហ៊ុន សែន ប្រកាស​ថា កម្ពុជា​នឹង​ទទួល​ទិញ​វ៉ាក់សាំង​កូវីដ​១៩ ពី​ប្រទេស​ណា​មួយ ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​។ តែ​ដោយសារ​ពេល​នេះ កម្ពុជា​កំពុង​ទទួល​រង​ការ​រីក​រាល​ដាល​កូវីដ​១៩ ពិសេស​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​នោះ គឺ​មិន​អាច​រង់​ចាំ​ទៀត​បាន​ឡើយ​។ នេះ​ជា​ការ​អះអាង​នៅ​ក្នុង​សារ​ជា​សំឡេង​របស់​លោក​នៅ​យប់​ថ្ងៃ​ទី​១៥​មករា ២០២១​។

បើ​តាម​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​១៩​ចំនួន​១​លាន​ដូស​ដែល​ចិន​ប្រកាស​ផ្តល់​ជូន​កម្ពុជា​ដោយ​ឥត​គិត​ថ្លៃ​នេះឈ្មោះ​ថា ស៊ី​ណូ​ហ្វាម ដែល​ត្រូវ​បាន​ប្រធានាធិបតី​ចិន នាយក​រដ្ឋមន្ត្រី​ចិន និង​មេ​ដឹក​នាំ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី ព្រម​ទាំង​មនុស្ស​រាប់​លាន​នាក់​លើ​ពិភពលោក​បាន​ប្រើប្រាស់​វា​រួច​ហើយ​។

សម្រាប់​កម្ពុជា​អ្នក​ដែល​ត្រូវ​ចាក់​វ៉ាក់​សាំង​នេះ​មុន​គេ​គឺ​មនុស្ស​ជុំវិញ​មេដឹកនាំ​សំខាន់​ៗ​រួម​មាន នាយករដ្ឋមន្ត្រី និង​ក្រុម​អង្គរក្ស ព្រះមហាក្សត្រ ប្រធាន​រដ្ឋសភា និង​ព្រឹទ្ធសភា​ជា​ដើម​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន​។

យ៉ាងណាក៏ដោយ​វ៉ាក់សាំង​នេះ​នៅ​មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក​នៅ​ឡើយ​។ តែ​បើតាម​លោក ហ៊ុន សែន វ៉ាក់សាំង ឈ្មោះ ស៊ីណូហ្វាម នេះ អាច​រក្សា​ទុក​ក្នុង​សីតុណ្ហភាព​ចន្លោះ​ពី​២​ទៅ​៨​អង្សា​ដែល​កម្ពុជា​ងាយ​ស្រួល​ដឹក​ជញ្ជួន​និង​រក្សា​ទុក​បាន ទោះ​បី​ជា​មិន​ទាន់​ដឹង​ច្បាស់​ពី​ប្រសិទ្ធភាព​វា​ក៏​ដោយ​ ខណៈ​វ៉ាក់សាំង​ផ្សេង​ទៀត​ត្រូវ​រក្សា​ទុក -៧០​អង្សា​ក្រោម​សូន្យ​។

លោក ហ៊ុន សែន អះអាង​ថា វ៉ាក់​សាំង​ ស៊ីណូហ្វាម របស់​ចិន​នេះ គឺ​កម្ពុជា​ទទួល​យក​ជា​ជំហាន​ដំបូង ​ចំនួន​១​លាន​ដូស និង​បន្ទាប់​មក​ទៀត គឺ​កម្ពុជា​នឹង​បន្ត​ប្រើ​វ៉ាក់សាំង​របស់​ចិន​ដដែល​ឈ្មោះ​ថា ស៊ីណូវ៉ាក់​។ តែ​មិន​បដិសេធ ​វ៉ាក់​សាំង​របស់​ប្រទេស​ផ្សេង​ទៀត​នោះ​ទេ​។

បើតាមការចុះផ្សាយរបស់សារព័ត៌មានCNN នៅថ្ងៃទី១៤មករា២០២១ វ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ចិននេះមានប្រសិទ្ធភាពតែជាង ៥០%ប៉ុណ្ណោះ ដែលជាការបញ្ជាក់ថ្មីមួយធ្វើឡើងនៅប្រទេសប្រេស៊ីល ដែលពីមុនមកចិនអះអាងថាមានប្រសិទ្ធភាពរបស់រហូតដល់៧៨%នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI