ប៉ូលីសក្រុងភ្នំពេញ ផ្តល់លេខទូរស័ព្ទ ឲ្យពលរដ្ឋរាយការណ៍ភ្លាមៗពីករណីកកស្ទះចរាចរណ៍
ចុះផ្សាយនៅថ្ងៃ៖
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅក្នុងសប្តាហ៍នេះ បានផ្តល់លេខទូរស័ព្ទចំនួន ៣ខ្សែ ដើម្បីឲ្យប្រជាពលរដ្ឋ ទូរស័ព្ទមករាយការណ៍ ប្រសិនបើជួបករណីកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ឬ ការចតគ្មានសណ្តាប់ធ្នាប់ជាដើម។ ក្រោយការផ្តល់ និងទាក់ទងទៅកាន់លេខទូរស័ព្ទទាំងនេះ ក្រុមការងារប្រតិកម្មរហ័ស របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពិតជាចុះទៅអន្តរាគមន៍ភ្លាមៗមែន។ ប៉ុន្តែអ្នកជំនាញផ្នែកចរាចរណ៍ផ្លូវគោក លើកឡើងថា វិធានការផ្តល់លេខទូរស័ព្ទ និងរាយការណ៍បន្ទាន់នេះ អាចមានប្រសិទ្ធភាព ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ព្រោះបញ្ហាចរាចរណ៍ក្នុងរាជធានីភ្នំពេញ ត្រូវទាមទារឲ្យមានការដោះស្រាយលើកត្តាច្រើនជាងនេះ។
០៧៨ ៨៧៧ ០០៩/ ០១៧ ៨៣១ ៩៤១ គឺជាលេខទូរស័ព្ទ ផ្នែកអន្តរាគមន៍ចរាចរណ៍ ខណៈ ០៦៩ ៥១៦ ៩៩៩ គឺជាលេខក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ដែលពលរដ្ឋអាចទាក់ទងទៅបានភ្លាមៗ ប្រសិនបើជួបករណីកកស្ទះ ឬ គ្រោះថ្នាក់ចរាចរណ៍ ឬ ការចតគ្មានសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញជាដើម។ នេះគឺជាការបញ្ជក់លើទំព័រហ្វេសប៊ុក លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅក្នុងសប្តាហ៍នេះ។
ការដាក់ឲ្យដំណើរការលេខទូរស័ព្ទនេះ បានទទួលការសាទរពីសំណាក់ប្រជាពលរដ្ឋជាច្រើន ដោយសម្ដែងការជឿជាក់ថា វិធានការនេះជាដំណោះស្រាយល្អ ព្រោះចរាចរណ៍ក្នុងរាជធានីភ្នំពេញសព្វថ្ងៃ តែងតែប្រឈមនឹងការកកស្ទះជារៀងរាល់ថ្ងៃ។ ប៉ុន្តែលោក គង់ រតនៈ ប្រធានវិទ្យាស្ថានជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក យល់ឃើញថា វិធានការបែបនេះ អាចមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ ក្នុងរយៈពេលខ្លីប៉ុណ្ណោះ។
តាមលោកគង់ រតនៈ ចរាចរណ៍ក្នុងរាជធានីភ្នំពេញ មិនទាន់មានភាពប្រសើរឡើងនោះទេ ពីមួយឆ្នាំទៅមួយឆ្នាំ ទោះបីជាមានការវិវត្តច្រើនលើផ្នែកសុវត្ថិភាពក៏ដោយ។ ភាពចង្អៀតណែននៃចរាចរណ៍នៅទីក្រុងភ្នំពេញ បើតាមលោក គង់ រតនៈ កើតឡើងដោយសារតែរាជធានី មានកំណើនយានយន្ត តែទំហំផ្លូវ គ្មានសមាមាត្រជាមួយចំនួនរថយន្ត។ មិនត្រឹមតែប៉ុណ្ណោះ ការកកស្ទះចរាចរណ៍ ដែលកើតឡើងដោយសារតែការចតយានយន្តឥតសណ្តាប់ធ្នាប់ ព្រោះតែក្នុងក្រុងពុំមានចំណតគ្រប់គ្រាន់។
លោកគង់ រតនៈ ចង់ឲ្យអាជ្ញាធរលើកទឹកចិត្តឲ្យមានក្រុមហ៊ុនឯកជនសាងសង់ចំណតសាធារណៈឲ្យច្រើន ជាជាងការដោះស្រាយលើការចតតាមដងផ្លូវដោយឥតសណ្តាប់ធ្នាប់ ក្នុងរយៈពេលបន្ទាន់ៗ។ ជាមួយគ្នា អ្នកឃ្លាំមើលផ្នែកចរាចរណ៍ផ្លូវគោក ក៏ចង់ឲ្យមានការបង្កើនការអប់រំ និងការអនុវត្តច្បាប់ចរាចរណ៍ឲ្យបានតឹងរ៉ឹងដល់ពលរដ្ឋ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ផ្លូវ ឲ្យមានស្តង់ដារខ្ពស់ កាត់បន្ថយភាពរញ៉េរញ៉ៃផ្នែកចរាចរណ៍ក្នុងទីក្រុង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ