កម្ពុជា-ចរាចរណ៍

ក្រសួងមហាផ្ទៃបញ្ជាឲ្យអាជ្ញាធរថ្នាក់ក្រោមលុបបំបាត់ចោលការបង្កសំឡេងខ្លាំងៗដោយយានយន្ត

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃបញ្ជាឲ្យអាជ្ញាធរថ្នាក់ក្រោមលុបបំបាត់ចោលការបង្កសំឡេងខ្លាំងៗដោយយានយន្ត។
រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃបញ្ជាឲ្យអាជ្ញាធរថ្នាក់ក្រោមលុបបំបាត់ចោលការបង្កសំឡេងខ្លាំងៗដោយយានយន្ត។ © rfi
ដោយ៖ អ៊ឹង ប៊ុនថន
១៤ នាទី

ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​ទី​១៥​មករា​២០២១ បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ទៅ​កាន់​អាជ្ញាធរ​ថ្នាក់​ក្រោម​ដែល​ពាក់​ព័ន្ធ​ឲ្យ​លុប​បំបាត់​ចោល​ឲ្យ​អស់​នូវ​ការ​បង្ក​សំឡេង​រំខាន​ខ្លាំង​ៗ​លើស​កម្រិត​ដោយ​យាន្តយន្ត​គ្រប់​ប្រភេទ​។ នេះ​ជា​បទ​បញ្ជា​ថ្មី​មួយ​បន្ទាប់​ពី​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ​បាន​ប្រកាស​ផ្អាក​ការ​ចាប់​ផាក​ពិន័យ​ម៉ូតូ​ធំ​ដែល​បង្ក​សំឡេង​ខ្លាំង​ៗ រំខាន​ដល់​ប្រជាពលរដ្ឋ ដោយ​រង់​ចាំ​បទ​បញ្ជា​ថ្មី​។  

ផ្សាយពាណិជ្ជកម្ម

តាមរយៈ​សេចក្តី​ណែនាំ​ចុះ​ថ្ងៃ​ទី​១៥​មករា​២០២១ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​គូស​បញ្ជាក់​ថា ការ​លុប​បំបាត់​ចោល​ឲ្យ​អស់​នូវ​ការ​បង្ក​សំឡេង​រំខាន​លើស​កម្រិត​ដោយ​យានយន្ត​គ្រប់​ប្រភេទ​នេះក្នុង​គោល​បំណង​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់ សំដៅ​លុប​បំបាត់​សកម្មភាព​អាណាធិបតេយ្យ​ ​ដើម្បី​លើក​កម្ពស់​សេចក្តី​ថ្លៃថ្នូរ​ក្នុង​សង្គម​។

 

ចំពោះ​ចំណាត់ការ​ដែល​អាជ្ញាធរ​គ្រប់​ថ្នាក់​ត្រូវ​ធ្វើ គឺ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​អប់រំ និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលាយ​ដល់​អ្នក​ប្រើ​ប្រាស់​យានយន្ត​ ឬ ម៉ូតូ​ធំ​ដែល​កែ​ច្នៃ​បំពង់​ស៊ីម៉ាំង ត្រូវ​តែ​បញ្ឈប់​សកម្មភាព​បង្ក​សំ​ឡេង​រំខាន​ដល់​ប្រជាពលរដ្ឋ​។ ជាមួយ​គ្នា​នោះ ​សមត្ថកិច្ច​ក៏​ត្រូវ​ចុះ​ត្រួត​ពិនិត្យ និង​អប់រំ​ដល់​ម្ចាស់​ទី​តាំង​កែ​ច្នៃ​យានយន្ត​ខុស​បច្ចេកទេស ឲ្យ​បញ្ឈប់​សកម្មភាព​នេះ។ ក្នុង​ករណី​ដែល​នៅ​តែ​បន្ត​គឺ​ត្រូវ​ចាត់​វិធានការ​តាម​ច្បាប់​ឲ្យ​បាន​ម៉ឺង​មាត់​បំផុត​។

 

បើ​តាម លោក ស ថេត ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ មាន​ម៉ូតូ​យ៉ាង​ហោច​ណាស់​៦០​គ្រឿង ត្រូវ​បាន​ចាប់​ឃាត់​ទុក ដោយ​សារ​តែ​បំពាក់​បំពង់​ស៊ីម៉ាំង​កែច្នៃ បង្ក​សំឡេង​លាន់​ឮ​ខ្លាំង​រំខាន​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​។

 

សូម​រំឭក​ថា មុន​ពេល​ចេញ​សេចក្តី​ណែនាំ​ឲ្យ​លុប​បំបាត់​ការ​បង្ក​សំឡេង​រំខាន​ដោយ​យានយន្ត​នេះ លោក ស ខេង ​កាល​ពី​ថ្ងៃទី​ ៨ ​មករា ក៏​បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល និង​ក្រសួង​សាធារណការ ត្រូវ​ពិនិត្យ និង​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​ម៉ូតូ​ធំ​ដែល​បង្ក​សំឡេង​រំខាន​ដល់​ពលរដ្ឋ​។ បទបញ្ជា​របស់​រដ្ឋមន្ត្រី​មហាផ្ទៃ​បែប​នេះ ដោយ​លោក​ឃើញ​ថា មាន​​ក្មេង​ទំនើង​មួយ​ចំនួន ជិះ​ម៉ូតូ​ធំ​កែច្នៃ​បំពង់​ស៊ីម៉ាំង​ខុស​​បច្ចេកទេស បង្ក​សំឡេង​ឮ​ខ្លាំង​ មិន​ត្រឹម​តែ​រំខាន​ប្រជាពលរដ្ឋ​ធម្មតា​នោះ​ទេ ពោល​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ក៏​ត្រូវ​បាន​រំខាន​ដោយ​សំឡេង​ម៉ូតូ​ដែល​បើក​បរ​នៅ​ម្តុំ​វិមាន​ឯករាជ្យ​ផង​ដែរ​។

 

យោង​តាម​អនុក្រឹត្យ​ស្តី​ពី​ការ​ពិន័យ​អន្តរការណ៍​ ​គឺ​ត្រូវ​ពិន័យ​ទឹកប្រាក់​ចំនួន​ ១០ ​ម៉ឺន​រៀល​ចំពោះ​អ្នក​បើក​យានយន្ត​ដែល​បង្ក​សំឡេង​ឮ​ខ្លាំង​ឬ​មានផ្សែង​ច្រើន​ខុស​ពី​បទដ្ឋាន​បច្ចេកទេស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI