កម្ពុជា-កូវីដ១៩

លោកហ៊ុន សែន នឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដរបស់ចិនមុនគេ ដើម្បីបង្កើតជំនឿទុកចិត្តលើប្រសិទ្ធភាព

លោកហ៊ុន សែន នឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដរបស់ចិនមុនគេ ដើម្បីបង្កើតជំនឿទុកចិត្តលើប្រសិទ្ធភាពនៃវ៉ាក់សាំង
លោកហ៊ុន សែន នឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដរបស់ចិនមុនគេ ដើម្បីបង្កើតជំនឿទុកចិត្តលើប្រសិទ្ធភាពនៃវ៉ាក់សាំង © rfi
១៧ នាទី

លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ថា នៅ​ពេល​ដែល​វ៉ាក់សាំង​ប្រឆាំង​កូវីដ ១៩ របស់​រដ្ឋាភិបាល​ចិន ត្រូវ​បាន​បញ្ចូន​មក​ដល់​កម្ពុជា លោក​នឹង​ចាក់​វ៉ាក់​សាំង​នេះ​មុន​គេ​។ តាម​លោក​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា ការ​សម្រេច​ចិត្ត​នេះ គឺ ដើម្បី​បង្កើត​ជំនឿ​ទុក​ចិត្ត​លើ​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង ដល់​ប្រជាពលរដ្ឋ​កម្ពុជា ខណៈ​វ៉ាក់សាំង​របស់​ចិន នៅ​មិន​ទាន់​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​នៅ​ឡើយ​។  

ផ្សាយពាណិជ្ជកម្ម

តាមរយៈ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ផ្ទាល់ នៅ​ថ្ងៃ​ទី ១៧​ខែ​មករា​នេះ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​អះអាង​ថា ​ដើម្បី​បង្កើត​ជំនឿទុក​ចិត្ត​លើ​វ៉ាក់សាំង និង​ជំរុញ​ចលនា​ប្រយុទ្ធ​ប្រឆាំង​កូវីដ ១៩ លោក​នឹង​ចាក់​វ៉ាក់សាំង​នេះ លើក​ទី​១ និង​មុន​គេ​។ សម្រាប់​លោក​ហ៊ុន សែន នេះ​គឺ​ជា​ទម្លាប់​ធម្មតា​ទៅ​ហើយ ដែល​លោក​ត្រូវ​ស្ថិត​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ​បែបនេះ​។

 

ការ​ប្រកាស​ចាក់វ៉ាក់សាំង​ប្រឆាំង​កូវីដ​មុន​គេ របស់​លោក​ហ៊ុន សែន​ នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ទើប​បាន​ឲ្យ​ដឹង កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ទី​១៥​ខែ​មករា​ថា សមភាគី​ចិន​ បាន​សម្រេច​ផ្តល់​ជំនួយ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ ១៩ ដោយ​គិត​ថ្លៃ ចំនួន ១​លាន​ដូស ​ដល់​កម្ពុជា​។ បើ​តាម​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​១៩ ដែល​ចិន​ផ្តល់​ជាជំនួយ​នេះ ឈ្មោះ​ថា Sinopharm ដែល​ត្រូវ​បាន​ប្រធានាធិបតី​ចិន នាយក​រដ្ឋមន្ត្រី​ចិន និង​មេ​ដឹក​នាំ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី ព្រម​ទាំង​មនុស្ស​រាប់​លាន​នាក់​លើ​ពិភពលោក ​បាន​ប្រើប្រាស់​រួច​ហើយ​។ យ៉ាងណាមិញ វ៉ាក់សាំង​របស់​ចិន​នេះ នៅ​មិន​ទាន់​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​នៅ​ឡើយ​ទេ​។

 

មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា តើ​វ៉ាក់សាំង​ជំនួយ​របស់​ចិន​នេះ នឹង​មក​ដល់​ប្រទេស​កម្ពុជា នៅ​ពេល​ណានោះ​។ រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ហើយ​ថា ពេល​ដែល​ទទួល​បាន​វ៉ាក់សាំង​នេះ នោះ​រដ្ឋាភិបាល​នឹង​ចាប់​ផ្តើម​យុទ្ធនាការ​ចាក់​ជា​ដំបូង​មុន​គេ ដល់​ក្រុម​អាទិភាព ដោយ​ក្នុង​នោះ​មាន​ដូចជា ​មនុស្ស​ជុំវិញ​មេដឹកនាំ​សំខាន់​ៗ ​រួម​មាន នាយករដ្ឋមន្ត្រី និង​ក្រុម​អង្គរក្ស ព្រះមហាក្សត្រ ប្រធាន​រដ្ឋសភា និង​ព្រឹទ្ធសភា​ និង​បន្ទាប់មក​គឺក្រុម​សុខាភិបាល​ និង​មនុស្សចាស់​ដែល​ប្រឈម​នឹង​ការ​ឆ្លង​ជា​ដើម​។​

 

គួរ​ជ្រាប​ថា គិត​មក​ដល់​ពេល​នេះ មាន​ប្រទេស​ជាង ៥០ ក្នុង​ចំណោម​ប្រទេស ២២២​ដែល​មាន​វិជ្ជមាន​កូវីដ ១៩ បាន​ចាប់​ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ​។ នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ទើប​តែ​មាន ២​ប្រទេស​ប៉ុណ្ណោះ​ដែល​បាន​ចាប់​ផ្តើម​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ ដោយ​ដំបូង​គេ គឺ​សិង្ហបុរី ដែល​ផ្តើម​ការ​ចាក់​ដំបូង​កាល​ពី​ចុង​ខែ​ធ្នូ​កន្លង​ទៅ​។ ហើយបន្ទាប់​មក គឺ​ឥណ្ឌូនេស៊ី ដែល​ផ្តើម​ការ​ចាក់​តាំង​ពី​ថ្ងៃ​ទី ១៣​ខែ​មករា​មក​។

 

សិង្ហបុរី បាន​សម្រេច​ជ្រើសរើស​ប្រើប្រាស់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន BioNTech និង Pfizer​។ ចំណែក ឥណ្ឌូនេស៊ី សម្រេច​ប្រើប្រាស់​វ៉ាក់សាំង​របស់​ចិន ឈ្មោះ Sinovac។ ប្រទេស​ធំ​ក្នុង​តំបន់​អាស៊ាន​ផ្សេង​ទៀត ដូចជា ថៃ ទោះ​បី​ជា​មិន​ទាន់​ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង តែ​ថៃ ក៏​បាន​ប្រកាស​ថា​នឹង​ប្រើប្រាស់​វ៉ាក់សាំង​របស់​ចិន ឈ្មោះ Sinovac ដែរ​។ រី​ឯ វៀតណាម ម៉ាឡេស៊ី និង​ហ្វីលីពីន​វិញ បាន​ចុះ​កិច្ច​ព្រមព្រៀង​ទិញ​វ៉ាក់សាំង​ពី​ក្រុម​ហ៊ុន AstraZeneca​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI