លោក អ៊ូ ច័ន្ទរ័ត្ន៖ ការបង្កើតគណបក្សនយោបាយថ្មី នឹងមិនមានការពន្យាពេលទៀតទេ
ចុះផ្សាយនៅថ្ងៃ៖
ការបង្កើតគណបក្សថ្មីរបស់លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងមិនពន្យាពេលទៀតឡើយ។ តាមគម្រោង គណបក្សនយោបាយថ្មីនេះ នឹងលេចចេញជារូបរាងនៅត្រឹមចុងខែមករា ឆ្នាំ២០២១នេះ។ គម្រោងនៃការបង្កើតគណបក្សថ្មីរបស់លោក អ៊ូ ច័ន្ទរ័ត្ន គឺក្រោយពីការរង់ចាំមើលលទ្ធផលនៃមាតុភូមិនិវត្តន៍របស់លោកស្រី មូរ សុខហួរ មិនបានសម្រេច។
«ការបង្កើតគណបក្សនយោបាយថ្មី នឹងមិនមានការពន្យាពេលទៀតនោះទេ»។ នេះគឺជាការលើកឡើងរបស់លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅថ្ងៃ អាទិត្យ ទី ១៧ មករានេះ។ បើតាមអតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះ គណបក្សនយោបាយថ្មីរបស់លោក នឹងចេញរូបរាងពិតប្រាកដយ៉ាងយូរ នៅត្រឹមដំណាច់ខែមករា ឆ្នាំ២០២១នេះ។ ការបង្កើតគណបក្សនយោបាយថ្មីរបស់លោក គឺដើម្បីត្រៀមចូលរួមនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ ២០២២ និងការបោះឆ្នោតជាតិនៅឆ្នាំ ២០២៣ ខាងមុខ។
យ៉ាងណាក្តី គិតត្រឹមរសៀលថ្ងៃទី ១៧ មករានេះ អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះ នៅតែមិនទាន់បង្ហើបពីឈ្មោះគណបក្សថ្មី កាលបរិច្ឆេទនៃការសុំចុះបញ្ជី និងសមាសភាពអ្នកចូលរួមបង្កើតគណបក្សថ្មីនេះនៅឡើយទេ។ ប៉ុន្តែលោកបានទទួលស្គាល់ថា លោកបាននិងកំពុងទាក់ទងជាមួយអតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិមួយចំនួន ក្នុងនោះក៏រួមមាន លោក សុន ឆ័យ អតីតតំណាងរាស្ត្រមណ្ឌលភ្នំពេញ មកចូលរួមផងដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ កាលពីខែកញ្ញា ឆ្នាំ២០២០កន្លងទៅ មានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកថា គណបក្សថ្មីរបស់លោកអ៊ូ ច័ន្ទរ័ត្ន នេះនឹងមានឈ្មោះថា គណបក្ស «កំណែទម្រង់» ឬ «Reform Party» ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិមួយចំនួន ដូចជា លោក សុន ឆ័យ និងលោក មាជ សុវណ្ណារ៉ា ជាដើម។ ប៉ុន្តែលោក អ៊ូ ច័ន្ទរ័ត្ន បានចាត់ទុកព័ត៌មាននេះថា ជាព័ត៌មានមិនពិត។
សូមបញ្ជាក់ថា គម្រោងនៃការបង្កើតគណបក្សថ្មីរបស់លោក អ៊ូ ច័ន្ទរ័ត្ន នេះ គឺក្រោយពីលោកបានរង់ចាំស្ទង់មើលលទ្ធផលនៃមាតុភូមិនិវត្តន៍របស់លោកស្រី មូរ សុខហួរ កាលពីថ្ងៃទី ១៥ មករា តែមិនបានសម្រេច។ បន្ថែមលើនេះ ការបង្កើតគណបក្សថ្មី គឺបន្ទាប់ពីលោកមិនមានសង្ឃឹមថា អតីតគណបក្សសង្គ្រោះជាតិនឹងរស់ឡើងវិញនោះឡើយ ហើយថា ក៏នឹងគ្មានដំណោះស្រាយនយោបាយណាមួយរវាងគណបក្សកាន់អំណាច និងអតីតគណបក្សសង្គ្រោះជាតិនោះដែរ។ រីឯសម្ពាធអន្តរជាតិវិញ ក៏ហាក់គ្មានឥទ្ធិពលអ្វីធំដុំនោះដែរ។ យ៉ាងណាក្តី លោក អ៊ូ ច័ន្ទរ័ត្ន សង្ឃឹមថា គណបក្សនយោបាយថ្មីរបស់លោក នឹងអាចប្រមូលផ្តុំការគាំទ្រពីសម្លេងប្រឆាំងនៅកម្ពុជាឡើងវិញបាន។
គួរកត់សំគាល់ថា បើរាប់ទាំងគណបក្សនយោបាយថ្មីរបស់លោក អ៊ូ ច័ន្ទរ័ត្ន នេះ គឺមានគណបក្សនយោបាយថ្មីចំនួន៤ហើយដែលត្រូវបានបង្កើតឡើង ដោយអតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ចាប់តាំងពីការរំលាយគណបក្សប្រឆាំងដ៏ធំមួយនេះ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ មក។ ក្នុងនោះរួមមាន គណបក្សខ្មែរស្រលាញ់ជាតិរបស់លោក ជីវ កត្តា និងលោក កង គឹមហាក់ គណបក្សឆន្ទៈខ្មែរ របស់លោក គង់ ម៉ូនីកា និងលោក គង់ គាំ និងគណបក្សខ្មែរអភិរក្សនិយមរបស់លោក រៀល ខេមរិន្ទ្រ ជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ