កម្ពុជា-នយោបាយ

លោកស្រី មួរ សុខហួរព្រមានថា អឺរ៉ុបនឹងផ្ដាច់ EBA លើសពី២០ភាគរយនៅឆ្នាំ២០២១

លោកស្រីមួរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ
លោកស្រីមួរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ © Reuters
ដោយ៖ អេង គីមហុង
១៦ នាទី

ក្រោយ​បរាជ័យ​នៅ​ក្នុង​គម្រោង​មាតុភូមិ​និវត្ត​នៅ​ថ្ងៃ​ទី​១៧​មករា​មក​ លោកស្រី​ មួរ សុខហួរ​ អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្នុង​ថ្ងៃ​បន្ទាប់​បាន​ព្រមាន​ថា​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ នឹង​ត្រូវ​កាត់​ផ្ដាច់​លើស​ពី​២០​ភាគរយ​ទៀត​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ​ ប្រសិន​បើ​គ្មាន​ការ​បើក​ផ្លូវ​ឲ្យ​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះជាតិ​ចូល​ស្រុក​វិញ​។ បើ​តាម​លោកស្រី ​មួរ សុខហួរ ​ធាតុ​ចូល​មួយ​ទៀត​ដែល​ជំរុញ​ឲ្យ​អឺរ៉ុប​បន្ត​ដក​ពន្ធ​ពី​កម្ពុជា​គឺ ​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​មាន​រូបភាព​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​។

ផ្សាយពាណិជ្ជកម្ម

«បងប្អូនជឿជាក់ទៅEBA មិនមែនប៉ះពាល់តែ២០ភាគរយទេ អឺរ៉ុបនឹងដកEBAលើសពី២០ភាគរយទៀតនៅក្នុងឆ្នាំហ្នឹង!»នេះជាការថ្លែងរបស់លោកស្រី មួរ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិនៅក្នុងវិដេអូឃ្លីបប្រមាណជាង៤០នាទី ពីទីក្រុងឡុងប៊ិច​ នៅថ្ងៃទី១៨ខែមករា។ លោកស្រី មួរ សុខហួរមើលឃើញថា លទ្ធភាពដែលអឺរ៉ុបនឹងកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធEBAលើសពី២០ភាគរយដោយសារតែកម្ពុជានៅតែមានរូបភាពនៃការរំលោភសិទ្ធិមនុស្ស។ បញ្ហាសិទ្ធិមនុស្សដែលរាប់បញ្ចូលផងដែរការរារាំងមិនឲ្យក្រុមមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិវិលចូលស្រុកបានពីសំណាក់អាជ្ញាធរកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោកស្រីមួរ សុខហួរ។

បើតាមលោកស្រី មួរ សុខហួរ ជាថ្នូរនឹងការរក្សាEBA មិនឲ្យរបូតថែមទៀតឬទទួលបាន២០ភាគរយត្រឡប់វិញរដ្ឋាភិបាលកម្ពុជា ត្រូវបើកផ្លូវឲ្យក្រុមមន្ត្រីអតីតគណបក្សសង្គ្រោះជាតិចូលស្រុកវិញទោះក្នុងនាមជាជនជាប់ចោទក៏ដោយ។ ដំណោះស្រាយនយោបាយមួយទៀតក្នុងការរក្សាប្រព័ន្ធអនុគ្រោះពន្ធEBA លោកស្រី មួរ សុខហួរ នឹងងាកមកអន្តរាគមន៍ផ្លូវទូតពីប្រទេសហ​ត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសថ្ងៃទី២៣តុលា អន្តរាគមន៍បន្តមករដ្ឋាភិបាលកម្ពុជា ដើម្បីបើកផ្លូវឲ្យក្រុមមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ វិលចូលស្រុកវិញបានមុនការបោះឆ្នោតជាតិឆ្នាំ២០២៣។

ក៏ប៉ុន្តែលោកសុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចលើកឡើងថា អតីតគណបក្សសង្គ្រោះជាតិមិនមានតម្លៃស្មើនឹងប្រព័ន្ធអនុគ្រោះពន្ធEBAឡើយ​។ ហើយសម្រាប់លោក សុខ ឥសាន ការលើកឡើងរបស់លោកស្រី មួរ សុខហួរ ដែលថា អឺរ៉ុបនឹងផ្ដាច់ EBA លើសពី២០ភាគរយនៅឆ្នាំ២០២១គ្រាន់តែជាការឃោសនាបែបអកុលសលតែប៉ុណ្ណោះពោលគឺគ្មានប្រសិទ្ធិភាពសម្រាប់ទិដ្ឋភាពនយោបាយនៅកម្ពុជាឡើយ។

សូមជម្រាបជូនថា កាលពីថ្ងៃទី១២សីហាឆ្នាំ២០២០ អឺរ៉ុបបានសម្រេចអនុវត្តដកការលើកលែងពន្ធEBA២០%ពីកម្ពុជាក្រោម​ហេតុផល​ថា​ កម្ពុជា​បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ ប៉ុន្តែ​គណៈកម្មការ​អឺរ៉ុប​បាន​អះអាង​ថា​ ទ្វារ​ចរចា​គ្នា​នៅ​តែ​បើក​ចំហរ​សម្រាប់​កម្ពុជា​ក្នុង​ការ​ឈាន​ទៅ​កែ​ទម្រង់​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​EBA​ ពេញលេញ​មក​វិញ។ ​សម្រាប់អឺរ៉ុប អាជ្ញាធរកម្ពុជាគួរតែចាត់វិធានការ ដើម្បីស្តារសេរីភាពនយោបាយនៅកម្ពុជាឡើងវិញ ហើយបង្កើតល័ក្ខខ័ណ្ឌចាំបាច់ឡើងវិញសម្រាប់គណបក្សប្រឆាំងដែលអាចជឿទុកចិត្តបាន  និងផ្តួចផ្តើមដំណើរការផ្សះផ្សារជាតិតាមរយៈការសន្ទនាដ៏ពិតប្រាកដមួយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI