ធនាគារអភិវឌ្ឍន៍អាស៊ី៖ ឧស្សាហកម្ម ៤.០ អាចនាំដល់ការផ្លាស់ប្តូរនៃជំនាញនិងការងារនៅក្នុងប្រទេសកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្រមានថា ឧស្សាហកម្ម ៤.០ ឬ បដិវត្តឧស្សាហកម្មទី៤ (4IR) អាចនាំដល់ការផ្លាស់ប្តូរជំនាញនិងការងារនៅក្នុងប្រទេសកម្ពុជា ជាពិសេស គឺផលប៉ះពាល់លើស្ត្រី។ បើតាម ADB កម្ពុជាគួរតែពិចារណា លើការអភិវឌ្ឍផែនទីនៃការផ្លាស់ប្តូរឧស្សាហកម្មរបស់ខ្លួន ជាពិសេសសម្រាប់វិស័យសំខាន់ៗ ដូចជា វិស័យកាត់ដេរ និងទេសចរណ៍ជាដើម។
របាយការណ៍សិក្សាថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានព្រមានថា បច្ចេកវិទ្យា៤.០ (4IR) ឬ បដិវត្តន៍ឧស្សាហកម្មទី៤ នឹងលុបបំបាត់ការងារនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរនិងទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែការបាត់បង់នេះ នឹងត្រូវជំនួសវិញ ដោយការកើនឡើងនូវតម្រូវការដែលនាំមកដោយផលិតភាពខ្ពស់ជាងមុន ដែលវាអាចបង្កើតកំណើនការងារដល់ទៅ៣៩% សម្រាប់ឧស្សាហកម្មកាត់ដេរ និង២%សម្រាប់វិស័យទេសចរណ៍។ នេះបើតាមការសិក្សាថ្មីមួយ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយនៅថ្ងៃទី ២០ មករានេះ។
បើតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កម្ពុជាគួរតែពិចារណាលើការអភិវឌ្ឍផែនទីនៃការផ្លាស់ប្តូរឧស្សាហកម្មសម្រាប់វិស័យសំខាន់ៗ ពិសេសលើវិស័យកាត់ដេរ និងទេសចរណ៍ ដើម្បីជួយដល់ការផ្លាស់ប្តូរទៅរកបដិវត្តន៍ឧស្សាហកម្មទី៤ (4IR) ជាមួយនឹងការវិនិយោគគ្រប់គ្រាន់ក្នុងការពង្រឹងជំនាញសម្រាប់ការងារថ្មី និងការងារដែលត្រូវផ្លាស់ប្តូរ។ បើតាមធនាគារអភិវឌ្ឍន៍អាស៊ី ការរកឃើញខាងលើនេះ គឺជាអនុសាសន៍មួយក្នុងចំណោមអនុសាសន៍ចំនួន៦ ដែលបានមកពីការសិក្សារបស់ធនាគារអភិវឌ្ឍន៍អាស៊ី អំពីការទាញយកអត្ថប្រយោជន៍ពីឧស្សាហកម្ម ៤.០ តាមរយៈការអភិវឌ្ឍជំនាញនៅកម្ពុជា។ វាជាផ្នែកមួយនៃការសិក្សាដែលផ្តោតលើប្រទេសចំនួនបួន នៃប្រជាជាតិអាស៊ាន ដែលក្នុងនោះរួមមាន ប្រទេសកម្ពុជា ឥណ្ឌូណេស៊ី ហ្វីលីពីន និងប្រទេសវៀតណាម។ បើតាមការសិក្សានេះ មានតែ២៨%នៃនិយោជករោងចក្រកាត់ដេរ និង៣៥%នៃនិយោជកក្នុងទេសចរណ៍ ដែលត្រូវបានស្ទង់មតិ បានឯកភាពឬឯកភាពទាំងស្រុង នៅពេលសួរថា តើពួកគេមានការយល់ដឹងល្អអំពីបច្ចេកវិទ្យា 4IR និងអំពីការពាក់ព័ន្ធ នៃបច្ចេកវិទ្យានេះដល់ក្រុមហ៊ុនរបស់ពួកគេដែរឬទេ។ និយោជកនៅក្នុងប្រទេសកម្ពុជាបានបង្ហាញការយល់ដឹងទាបជាងអំពីបដិវត្តន៍ឧស្សាហកម្មទី៤ (4IR) បើប្រៀបធៀបនឹងនិយោជកដែលបានធ្វើការស្ទង់មតិ នៅក្នុងប្រទេស ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ទោះបីជាលទ្ធផលនៃការបង្កើតការងារជាទូទៅវិជ្ជមាន ក្នុងវិស័យទាំងពីរក៏ដោយ ការសិក្សានេះ បានព្រមានថា មិនមានការធានាថា កម្មករដែលការងារខ្លួនត្រូវបានផ្លាស់ប្តូរ អាចទៅរកការងារដែលបានបង្កើតថ្មី ដោយងាយនោះទេ បើគ្មានការវិនិយោគគ្រប់គ្រាន់ និងទាន់ពេលវេលាក្នុងការអភិវឌ្ឍជំនាញ។ ការផ្លាស់ប្តូរការងារក៏ទំនងជាជះឥទ្ធិពលដល់ស្ត្រី ដែលមានប្រហែល ៨១% ក្នុងឧស្សាហកម្មផលិតសម្លៀកបំពាក់នៅកម្ពុជា។
លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី នៅកម្ពុជា បានថ្លែងថា «ខណៈដែលបដិវត្តន៍ឧស្សាហកម្មទី៤ ឬ 4IR អាចនាំដល់បំរែបំរួលការងារនិងជំនាញនៅប្រទេសកម្ពុជា យើងត្រូវតែដោះស្រាយផលប៉ះពាល់ដែលនឹងមានលើស្ត្រី។ យើងត្រូវតែបង្កើនចំណេះដឹងអំពីបច្ចេកវិទ្យាបដិវត្តន៍ឧស្សាហកម្មទី៤ (4IR) និងអត្ថប្រយោជន៍របស់វា ជួយសហគ្រាស រួមទាំងសហគ្រាសធុនតូចនិងមធ្យម ដើម្បីអាចទទួលយកបច្ចេកវិជ្ជាជឿនលឿននេះ និងផ្តល់ការគាំទ្រដល់ការបណ្តុះបណ្តាល ការពង្រឹងជំនាញ និងការបង្កើតជំនាញ រួមទាំងតាមរយៈការលើកទឹកចិត្ត ដោយការអនុគ្រោះពន្ធ ដើម្បីធានាថា គ្មាននរណាម្នាក់ មិនត្រូវបានគិតគូរដល់»៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ