កម្ពុជា-កូវីដ១៩

សង្គមស៊ីវិលខ្មែរ៖ វិធានការឃ្លាំមើលពលករពីអាជ្ញាធរថៃ ជាវិធានការល្អ តែគួរមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយ

ពលករម្នាក់កំពុងអង្គុយ ដើម្បីឲ្យគ្រូពេទ្យយកសំណាករកកូវីដ១៩ នៅក្នុងខេត្តសាមុតសាខុន
ពលករម្នាក់កំពុងអង្គុយ ដើម្បីឲ្យគ្រូពេទ្យយកសំណាករកកូវីដ១៩ នៅក្នុងខេត្តសាមុតសាខុន AP - Gemunu Amarasinghe
ដោយ៖ ជួប នរក្សា
១៥ នាទី

​ក្រសួងសុខាភិបាល​ថៃ​នៅ​ថ្ងៃពុធ​ទី​២​០​មករា​នេះ​ ​បាន​ចេញ​មក​កំណត់​ចង្អុល​អំពី​ខេត្ត​ដែល​កំពុង​រង​ការ​យាយី​ខ្លាំង​ពី​ការ​ចម្លង​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​រួម​មាន​ទាំង​ខេត្ត​សា​មុត​សា​ខន​ផង​ដែរ​។​ ​បើ​តាម​អាជ្ញាធរ​ថៃ​ ​ខេត្ត​សា​មុត​សា​ខន​ ​នឹង​ត្រូវ​ដាក់​ការ​ឃ្លាំមើល​យ៉ាង​តឹងរ៉ឹង​បន្ថែម​ទៀត​ទៅលើ​ពលករ​ដែល​កំពុង​ធ្វើការ​នៅ​ទីនោះ​ ​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​កូ​វី​១​៩​ឲ្យបាន​ប្រសើរ​។​ ​ក៏ប៉ុន្តែ​ ​ម​ន្រ្តី​ផ្នែក​ពលករ​នៅ​អង្គការ​សង់​ត្រា​ល់​កម្ពុជា​ ​ថា​ ​អាជ្ញាធរ​គួរ​មានការ​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ​ ​បន្ថែម​លើ​វិធានការ​នេះ​។

ផ្សាយពាណិជ្ជកម្ម

លោក ឌី ថេហូយ៉ា មន្ត្រីទទួលបន្ទុកផ្នែកពលករទេសន្តប្រវេសន៍នៃអង្គការសង់ត្រាល់ បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃនេះថា វិធានការតាមដានឃ្លាំមើលរបស់មន្រ្តីសុខាភិបាលថៃ ទៅលើពលករដែលកំពុងធ្វើការនៅក្នុងខេត្តសាមុតសាខននៅពេលនេះ ជាវិធានការមួយល្អ ព្រោះថានៅក្នុងខេត្តសាមុតសាខន មានពលករខ្មែរកំពុងធ្វើការប្រមាណជាង២០ម៉ឺននាក់ក្នុងចំណោមពលករខ្មែរសរុបជាង២លាននាក់ ដែលកំពុងធ្វើការនិងស្នាក់នៅប្រទេសថៃបច្ចុប្បន្ន។ វិធានការនេះនឹងអាចទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩បានរហ័ស នៅស្ថានភាពនៃការរាលដាលជំងឺកូវីដ១៩ចូលសហគមន៍នៅប្រទេសថៃនេះ។ នេះបើតាមលោក ឌី ថេហូយ៉ា។

លោក Taweesilp Visanuyothin អ្នកនាំពាក្យនៃមជ្ឈមណ្ឌលស្ថានភាពកូវី១៩ថៃ បានលើកឡើងថា ស្ថានភាពកូវីដ១៩ នៅតែគួរឱ្យព្រួយបារម្ភនៅក្នុងប្រទេសថៃ។ បើតាមអ្នកនាំពាក្យ អាជ្ញាធរថៃនឹងដាក់វិធានការចាត់តាំងមន្រ្តីសុខាភិបាលចុះឃ្លាំមើលនិងតាមដានសុខភាពពលករជាប្រចាំនៅខេត្តសាមុតសាខន។ វិធានការនេះ គឺមន្រ្តីសុខាភិបាលថៃនឹងចុះត្រួតពិនិត្យ និងតាមដានរោងចក្រដែលពលករខ្មែរ និងពលករផ្សេងទៀតធ្វើការចំនួន៦០០រោងចក្រ ជាប្រចាំថ្ងៃ ក្នុងចំណោមរោងចក្រសរុបចំនួន ១២០០០រោងចក្រនៅក្នុងខេត្តសាមុតសាខន។

ក៏ប៉ុន្តែបើតាមមន្រ្តីផ្នែកពលកររូបនេះ ថា អាជ្ញាធរថៃគួរណាបន្ថែមការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីឲ្យពលករទាំងអស់អាចចូលរួមបានដោយមិនមានការភិតភ័យ និងជាពិសេសអាជ្ញាធរថៃត្រូវធានាបាននូវសុពលភាពស្របច្បាប់ដល់បណ្តាពលករខ្មែរ ដែលកំពុងធ្វើការនៅទីនោះ ដើម្បីធ្វើយ៉ាងណា កុំឲ្យពួកគេមានការកង្វល់ ក៏ដូចជាការប្រឈមមុខនឹងបញ្ហាច្បាប់ណាមួយ។

សូមរំលឹកជូនថា តុល្យការចុងក្រោយ ករណីវិជ្ជមានកូវី១៩នៅថៃបានកើតមានសរុបចំនួន ១២៥៩៤ និងករណីវិជ្ជមានកូវីដ១៩ក្រោយព្រឹត្តិការណ៍សហគមន៍នៅផ្សារបង្គារ ខេត្តសាមុតសាខន មានចំនួន ៨៣៧៥។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យមជ្ឈមណ្ឌលស្ថានភាពកូវីដ១៩ថៃ កាលពីអង្គារទី១៩ម្សិលមិញ។

ទន្ទឹមនឹងការផ្ទុះនៅប្រទេសថៃនេះដែរ ក្រសួងសុខាភិបាលកម្ពុជា ក៏បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ជាពលករ ចំនួន៧៧នាក់ ក្នុងចំណោមពលករប្រមាណជាង៧០០០នាក់ក្រោយត្រលប់មកពីប្រទេសថៃវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI