កម្ពុជា-សង្គម

ខេត្តព្រះសីហនុនឹងប្រែក្លាយសួនមហោស្រពចាស់ក្នុងសង្កាត់លេខ២ ឲ្យទៅជាវិថីម្ហូបអារហារ Street Food

អគារកាស៊ីំណូនៅខេត្តព្រះសីហនុ
អគារកាស៊ីំណូនៅខេត្តព្រះសីហនុ © Popular Magazine
ដោយ៖ ហេង សុខនី
១៤ នាទី

​រដ្ឋបាល​ខេត្ត​ព្រះ​សី​ហ​នុ ​បាន​កំណត់​យក​ ​សួនច្បារ​មហោស្រព​ចាស់​ ​ធ្វើជា​វិថី​ម្ហូប​អារ​ហារ​ (​Street​ ​Food​) ​ដែល​គម្រោង​នេះ​ ​បង្កើត​ឡើង​ ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ ​និង​អន្តរជាតិ​ ​តាមរយៈ​រសជាតិ​អារ​ហារ​ ​ដែល​ប្រកបដោយ​សុវត្ថិភាព​ ​គុណភាព​ ​និង​អនាម័យ​។​ 

ផ្សាយពាណិជ្ជកម្ម

លោកឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃព្រហស្បតិ៍​ទី​២១​មករា​នេះថា សួនមហោស្រពចាស់ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ត្រូវបានកំណត់យកជាវិថីម្ហូបអាហារ Street Food។ ការសម្រេចយកទីតាំងសួនច្បារមហោស្រពចាស់នេះ គឺ​ព្រោះតែសួនស្ថិតនៅចំកណ្តាលទីក្រុងព្រះសីហនុ ហើយងាយស្រូបទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកំសាន្តក្នុងខេត្តនេះ ឱ្យមកសាកល្បងរសជាតិអាហារដែលសម្បូរបែប មានសុវត្ថិភាព គុណភាព និងអនាម័យ។

នៅ​ក្នុង​គម្រោង​នេះ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​គូស​បញ្ជាក់​ថា ខ្លួន​នឹងរៀបចំស្តង់ដារតូប ដោយមានការតុបតែងស្លាកយីហោ អនាម័យ ទីតាំងចំណត បន្ទប់ទឹកមានអនាម័យ និងការដាក់ច្រករបាំង​បង្ហាញផ្លូវដល់ភ្ញៀវសម្រាប់ចេញចូល។​ ចំពោះការរៀបចំកន្លែងហូបអាហាររួមគ្នាក្នុងវិថីម្ហូបអារហារ (Street Food)ខេត្តក៏បានគិត និងពិនិត្យវាយតម្លៃត្រឹមត្រូវ ស្របតាមគោលការណ៍សុវត្ថិភាពរបស់ក្រសួងទេសចរណ៍ ដើម្បីលើកកំពស់គុណភាពសេវាទេសចរណ៍សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិ។

ដោយ​ឡែក អ្នកដែលទទួលបានអនុញ្ញាតឱ្យលក់ដូរ នៅតូបលក់ម្ហូបអាហារក្នុងទីតាំងនេះ គឺតម្រូវឱ្យអនុវត្តតាមស្តង់ដារសេវាកម្ម វិថីលក់ម្ហូបអាហារ និងប្រព័ន្ធចំណាត់ថ្នាក់សេវាកម្មតូបលក់ម្ហូបអាហារ​ Street Food ដែលកំណត់ច្បាស់លាស់ ដើម្បីធានាបាននូវគុណភាពសេវាទេសចរណ៍ អាហារមានគុណភាព សុវត្ថិភាព និងតម្លៃសមរម្យអាចទទួលយកបាន។ ចំពោះអ្នកដែលមិនអាចអនុវត្តបានតាមលក្ខខណ្ឌដែលបានតម្រូវនោះទេ នឹងត្រូវពិនិត្យវាយតម្លៃណែនាំឱ្យកែលម្អឡើងវិញ តែបើនៅតែមិនគោរពតាម អាចនឹងត្រូវបញ្ឈប់លែងឱ្យនៅលក់បន្តទៀត។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ សង្ឃឹម​ថា ការរៀបចំវិថី​ម្ហូប​អាហារ​នេះ នឹងទទួលបានការគាំទ្រច្រើនពីភ្ញៀវទេសចរណ៍ ហើយវាក៏ជាការលើកស្ទួយផ្នែកសេដ្ឋកិច្ចមួយច្រកទៀត សម្រាប់ប្រជាពលរដ្ឋ រស់នៅក្នុងខេត្តព្រះសីហនុ។

សូម​ជម្រាប​ថា គម្រោងបង្កើតវិថីម្ហូបអាហារ Street Food នេះ ត្រូវបានប្រជុំពិភាក្សាកំណត់ទីតាំងរួចហើយកាលពីថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ ដោយអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ហើយបានប្រគល់ទៅឱ្យមន្ទីរទេសចរណ៍ និងមន្ទីររៀបចំដែនដីនគរូបនីយកម្ម សុរិយោដី និងសំណង់ ធ្វើប្លង់មេ និងសិក្សាលំអិត ដើម្បីឈានទៅដំណើរការគម្រោងនេះឱ្យបានសមស្រប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI