ឯកអគ្គរដ្ឋទូតអូស្ត្រាលីលើកឡើងជាថ្មីអំពីការព្រួយបារម្ភរបស់ខ្លួនចំពោះបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាលោក Pablo Kang បានលើកឡើងពីក្តីព្រួយបារម្ភរបស់ខ្លួនសារជាថ្មី ជុំវិញបញ្ហាសិទ្ធិមនុស្ស និងការកាត់ទោសថ្មីៗនេះទៅលើសកម្មជនអតីតគណបក្សប្រឆាំង។ ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាលោក Pablo Kang ដូច្នេះ ធ្វើឡើងក្រោយពីតុលាការកម្ពុជាបានបើកសវនាការកាត់ទោសលើសកម្មជនអតីតគណបក្សប្រឆាំងជាទ្រង់ទ្រាយធំដំណាក់កាលទី១ កាលពីថ្ងៃទី ១៤ មករា ដែលមានជនសង្ស័យប្រមាណជាង១៤០នាក់។
ការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូត Pablo Kang ដូច្នេះ ត្រូវបានធ្វើឡើងនៅចំពោះមុខរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា លោក កើត រិទ្ធ នៅថ្ងៃទី ១៩ មករា។ ក្នុងជំនួបដែលធ្វើឡើងនៅឯក្រសួងយុត្តិធម៌នោះ ភាគីទាំងពីរបានពិភាក្សាគ្នាលើបញ្ហាជាច្រើនដែលមានផលប្រយោជន៍រួម ដូចជា បញ្ហាសិទ្ធិមនុស្ស និងការកាត់ទោសថ្មីៗនេះ រួមទាំងការកាត់ទោសដែលពាក់ព័ន្ធនឹងជនជាតិអូស្រ្តាលីផងដែរ។ នេះបើតាមគណនីយហ្វេសប៊ុករបស់ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នៅថ្ងៃទី ២០ មករា។ គណនីយហ្វេសប៊ុកដដែលបានសរសេរបន្តថា តាមរយៈជំនួបនេះ លោកឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា Pablo Chiho Kang បានសម្ដែងការស្វាគមន៍ចំពោះកិច្ចពិភាក្សាជាបន្តរបស់លោក ជាមួយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជាលោក កើត រិទ្ធ ទាក់ទងនឹងបញ្ហាសំខាន់ៗទាំងនេះ។ ប៉ុន្តែលោកបានគូសបញ្ជាក់ថា ប្រទេសអូស្រ្តាលី មិនបានអះអាងថា ខ្លួនល្អឥតខ្ចោះចំពោះបញ្ហាទាំងនេះ ឬបញ្ហាផ្សេងទៀតនោះទេ ប៉ុន្តែអូស្ត្រាលីបានលើកយកបញ្ហានានា ដែលស្របនឹងគុណតម្លៃរបស់ប្រទេសទាំងពីរ និងការទទួលស្គាល់ការពិតដែលថា បញ្ហាសិទ្ធិមនុស្ស គឺជាបញ្ហាសកល។ ក្រៅពីនេះ លោកឯកអគ្គរដ្ឋទូតអូស្ត្រាលីក៏បានសរសេរនៅលើបណ្តាញសង្គម Tweeter ផ្ទាល់ខ្លួនផងដែរ។
ជាការកត់សម្គាល់ ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាលោក Pablo Kang បានធ្វើឡើងក្រោយពីតុលាការកម្ពុជាទើបតែបានបើកសវនាការកាត់ទោសលើសកម្មជនអតីតគណបក្សប្រឆាំងជាទ្រង់ទ្រាយធំដំណាក់កាលទី១ កាលពីថ្ងៃទី ១៤ មករា ដែលមានជនសង្ស័យប្រមាណជាង១៤០នាក់។ សកម្មជនអតីតគណបក្សប្រឆាំងទាំងនេះ ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទសល្មើសជាអាទិ៍។ ការកាត់ទោសដំណាក់កាលទី២ នឹងធ្វើឡើងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។
សូមជម្រាបជូនថា នេះមិនមែនជាលើកទី១ទេ ដែលឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាលោក Pablo Chiho Kang បានលើកឡើងពីក្តីព្រួយបារម្ភរបស់ខ្លួន ជុំវិញបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ កាលពីថ្ងៃទី ២២ កញ្ញា ឆ្នាំមុន ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជារូបនេះ ក៏បានសម្តែងការព្រួយបារម្ភរបស់ខ្លួនផងដែរ បន្ទាប់ពីមានការចាប់ខ្លួនលើយុវជននិងសកម្មជនបរិស្ថានជាច្រើនរូបរួចមក។ ប៉ុន្តែការលើកឡើងរបស់ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាកាលណោះ ត្រូវបានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា លោក កើត រិទ្ធ ថ្លែងការពារចំណាត់ការច្បាប់លើសកម្មជនដែលត្រូវបានចាប់ខ្លួននោះថា គឺធ្វើទ្បើងដោយអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ហើយថា សម្រាប់កម្ពុជា ការមួលបង្កាច់ និងការបំភ័ន្តការពិតលើបញ្ហាព្រំដែនក្នុងចេតនាញុះញង់ឱ្យមានចលាចលសង្គម គឺជាអំពើខុសច្បាប់ ហើយពុំមែនជាការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិនោះទ្បើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ