កម្ពុជា-ច្បាប់

កម្ពុជាកំពុងរៀបចំបង្កើតតុលាការពាណិជ្ជកម្មសម្រាប់ដោះស្រាយវិវាទរបស់អ្នករកស៊ី

ក្រសួងពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្ម © Ministry of Commerce
ដោយ៖ អ៊ឹង ប៊ុនថន
១១ នាទី

ក្រសួង​យុត្តិធម៌​បាន​សម្រេច​បង្កើត​គណៈកម្មការរៀប​ចំ​ដំណើរការ​តុលាការ​ពាណិជ្ជកម្ម​ ដោយ​មាន​សមាសភាព​មន្ត្រីជំនាញច្បាប់ ដែល​ពាក់ព័ន្ធចំនួន២០រូប។ នេះបើតាម​សេចក្តីសម្រេច​​របស់​ក្រសួង​យុត្តិ​ធម៌​នៅថ្ងៃទី២១​មករា។ ស្ថាប័នយុត្តិធម៌ថ្មីមួយនេះ ​ត្រូវបានគេរំពឹងថា ជាយន្តការមួយ​ជួយ​ទាក់​ទាញ​អ្នក​វិនិយោគ​មកកម្ពុជាបន្ថែមទៀត។

ផ្សាយពាណិជ្ជកម្ម

សមាសភាព​គណៈកម្មការ​រៀបចំ​ដំណើរការ​តុលាការ​ពាណិជ្ជកម្មនេះ គឺ​ដឹកនាំ​ដោយ​លោក ជីវ សុងហាក់ រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ ជាប្រធាន និងមានអនុប្រធានចំនួន២រូប គឺលោក ឡុង នរិន្ទ និង​លោក សូរ ចាន់ធី ជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ ព្រមទាំង​សមាជិក១៧​រូបទៀត។

យោងតាម​សេចក្តី​សម្រេច​របស់​លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ​ចុះថ្ងៃទី២១​មករា២០២១ គណៈកម្មការនេះមានភារៈកិច្ចរៀប​ចំ​លិខិត​បទដ្ឋាន​នានា ដែល​ពាក់​ព័ន្ធ​នឹង​ការ​ដាក់​ឲ្យ​ដំណើរ​ការ​តុលាការ​ពាណិជ្ជកម្ម​នៅសាលាជម្រះក្តីជាន់ទាប និង​សភាពាណិជ្ជកម្ម​របស់​សាលាជម្រះក្តីជាន់​ខ្ពស់។ សិក្សា និង​​រៀប​ចំ​ទីតាំង​តុលាការពាណិជ្ជកម្ម រៀបចំធនធានមនុស្ស សហការជាមួយ​ក្រសួង​ពាណិជ្ជកម្ម និង​សភាពាណិជ្ជកម្ម ដើម្បី​ជ្រើសរើសទីប្រឹក្សា ដែល​មានចំណេះដឹង​ច្បាប់ពាណិជ្ជកម្ម និង​រៀបចំគម្រោង​ថវិកា​សម្រាប់​ដំណើរការតុលាការថ្មីមួយនេះជាដើម។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា​ស្វាគមន៍ការ​បង្កើត​តុលាការ​ថ្មីនេះ ពីព្រោះ​វាជាសំណើររបស់​សភាពាណិជ្ជកម្ម​កាលពីប៉ុន្មានឆ្នាំមុន។

បើតាម លោក លឹម ហេង តុលាការពាណិជ្ជកម្មនេះគឺ ជាយន្តការថ្មីមួយបង្កើន​ទំនុកចិត្ត ​ដល់​អ្នក​វិនិយោគ​ឲ្យមករកស៊ីនៅកម្ពុជាបន្ថែមទៀត ដោយសារតែ​កន្លង​ទៅ​អ្នក​វិនិយោគមួយចំនួន​មានការ​ខក​ចិត្ត​នឹង​ការ​កាត់​ក្តី​ដោយ​តុលាការកម្ពុជា ​ដែល​គ្រប​ដណ្តប់​លើ​គ្រប់​រឿង​ក្តី ទាំងស៊ីវិល និងព្រហ្មទណ្ឌ។

ដើម្បី​​ឲ្យតុលាការពាណិជ្ជកម្មនេះ​អាច​បើក​ដំណើរការទៅបានលឿនក្នុង​ឆ្នាំនេះ លោក លឹម ហេង ចង់​ឲ្យ​ប្រើ​ប្រាស់​អគារសភាពាណិជ្ជកម្មជាបណ្តោះ​អាសន្នសិន ទំរាំរកទីតាំង​ផ្ទាល់ខ្លួនបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI