កម្ពុជា-សង្គម

ដើមឆ្នាំ២០២១៖ បញ្ហាប្រាក់អតីតភាពអាចជាឈ្នួនផ្ទុះនៃការតវ៉ាពីកម្មករនិយោជិត?

កម្មករប្រមាណជាង៥០០នាក់ ប្រមូលផ្តំធ្វើបាតុកម្មតវ៉ានៅមុខរោងចក្រឃែនធើរេន ផ្លូវវេងស្រេង នៅព្រឹកថ្ងៃទិ២២មករា២០២១
កម្មករប្រមាណជាង៥០០នាក់ ប្រមូលផ្តំធ្វើបាតុកម្មតវ៉ានៅមុខរោងចក្រឃែនធើរេន ផ្លូវវេងស្រេង នៅព្រឹកថ្ងៃទិ២២មករា២០២១ © Central
ដោយ៖ ជួប នរក្សា
១៥ នាទី

​វិវាទ​រវាង​​​កម្មករ ​និង​ថៅកែ​រោងចក្រ​បាន​បន្ត​កើតមាន​ជាបន្តបន្ទាប់​ជុំវិញ​ការ​បើកប្រាក់​រំលឹក​អតីតភាព​ការងារ​ ​នៅដើម​ឆ្នាំ​២​០​២​១​នេះ​។​ ​ទន្ទឹម​នឹង​នេះ​ ​នៅ​ព្រឹក​ថ្ងៃសុក្រ​ទី​២​២ ខែ​មករា​នេះ​ ​កម្មករ​ប្រមាណ​ជាង​៥​០​០​នាក់​ ​បាន​ធ្វើបាតុកម្ម​បិទផ្លូវ​វេ​ង​ស្រេង​ ​ដើម្បីឲ្យ​ភាគី​រោងចក្រ​ ឃែ​ន​ធើ​រេ​ន​ (​Canter​an)​ ​ចេញ​មក​ដោះស្រាយបញ្ហា​ប្រាក់ឈ្នួល​ប្រចាំខែ​ ​ព្រមទាំង​ប្រាក់​អតីតភាព​របស់​ពួកគេ​ ​ដែល​ខាង​រោងចក្រ​បាន​អូស​បន្លាយ​។​ ​អង្គការ​ស​ម្ព័ន្ធ​ភាព​ការងារ​ ​និង​សិទ្ធិមនុស្ស​ ​(​Central)​ ​ឲ្យដឹង​ថា​ ​នៅដើម​ឆ្នាំ​២​០​២​១​នេះ ​ករណី​បាតុកម្ម​ទាមទារ​ឲ្យ​ថៅកែ​ ​បើកប្រាក់​អតីតភាព​ការងារ​ ​បាន​កើតមាន​ដល់​៦​ករណី​ ទៅ​ហើយ​។

ផ្សាយពាណិជ្ជកម្ម

លោក ឃុន ថារ៉ូ ប្រធានផ្នែកការងារនៃអង្គការសង់ត្រាល់ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកនេះថា នៅដើមឆ្នាំ២០២១ វិវាទការងាររវាងភាគីកម្មករ និងរោងចក្រ បានកើតមាន៦ករណីមកហើយ ជុំវិញបញ្ហាប្រាក់រំលឹកអតីតភាពការងារ៥%។ បើតាមលោក ឃុន ថារ៉ូ រយៈពេល២សប្តាហ៍នៃដើមឆ្នាំ២០២១ មានកម្មករជាង៨០០០នាក់ បានចេញមកធ្វើបាតុកម្ម ទាមទារឲ្យមានការដោះស្រាយទៅលើប្រាក់រំលឹកអតីតភាពការងាររបស់ពួកគេ។

នៅព្រឹកនេះដែរ ក្រុមកម្មករ​ប្រមាណជាង៥០០នាក់ បានចេញមកធ្វើការតវ៉ា រហូតឈានដល់ការបិទចរាចរណ៍ផ្លូវវេងស្រេង ដើម្បីឲ្យខាងតំណាងរោងចក្រកាត់ដេរសំលៀកបំពាក់ ឃែនធើរេន ចេញមកដោះស្រាយវិវាទការងារ។ អ្នកស្រី ណាវី កម្មកររោងចក្ រឃែនធើរេនបានប្រាប់ឲ្យដឹងថា ការធ្វើបាតុកម្មរបស់ក្រុមកម្មករពេល​នេះ គឺដើម្បីទាមទារឲ្យភាគីរោងចក្រដោះស្រាយបញ្ហាចំនួន២។ ទី១ គឺបញ្ហាប្រាក់ឈ្នួលប្រចាំខែ ដែលខាងភាគីក្រុមហ៊ុនមិនបានធ្វើការទូទាត់ឲ្យបានទៀងទាត់។ ទី២ គឺបញ្ហាប្រាក់រំលឹកអតីតភាពការងារ៥% ដែលខាងរោងចក្របានអូសបន្លាយកន្លងមក។

សូមរំលឹកថា កាលពីថ្ងៃទី២០និងទី២១ម្សិលមិញ មានក្រុមកម្មករប្រមាណជាង៥០០០នាក់ បានធ្វើបាតុកម្មបិទផ្លូវ២១៧ ឬផ្លូវចំការដូង ដើម្បីឲ្យខាងរោងចក្រ Y&W ចេញមកដោះស្រាយបញ្ហា​ប្រាក់អតីតភាពការងារ​របស់​ពួកគេ។ 

បញ្ហានេះ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​ការងារ លោក ឃុន ថារ៉ូ ក៏បានបញ្ជាក់បន្ថែមដែរថា ការធ្វើបាតុកម្មតវ៉ារបស់ក្រុមកម្មករ នឹងកើតមានជាបន្តទៀត ប្រសិនបើនិយោជកមិនព្រមធ្វើការទូទាត់ប្រាក់រំលឹកអតីតភាពការងារដល់ពួកគេ និងម្យ៉ាងទៀត ក្រសួងការងារត្រូវធានាឲ្យបាន​ជាក់លាក់​នូវការអនុវត្តតាមសេចក្តីជូនដំណឹងអំពីការបើកប្រាក់អតីតភាពដល់កម្មករ នៃបណ្តារោងចក្រផ្នែកវាយនភណ្ឌ សំលៀកបំពាក់ និងស្បែកជើង។

គួរជម្រាបថា ក្រសួងការងារនៅថ្ងៃព្រហស្បតិ៍ទី២១ ខែមករា ម្សិលមិញ បានចេញនូវសេចក្តីជូនដំណឹងដល់បណ្តារោងចក្រ សហគ្រាស នៃវិស័យកាត់ដេរ ឲ្យធ្វើការទូទាត់ប្រាក់រំលឹកអតីតភាពការងារឆ្នាំ២០១៩ ២០២០ និងឆ្នាំ២០២១ ដល់កម្មករ ដែលកំពុងបម្រើការតាមរោងចក្រនិងសហគ្រាសនានា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI