កូវីដ១៩៖បុគ្គលិកក្រុមហ៊ុនអាកាសយានដ្ឋាននៅកម្ពុជាជាង២០០នាក់ត្រូវបានបាត់បង់ការងារ

ក្រុមបុគ្គលិកក្រុមហ៊ុនអាកាសយាន្តដ្ឋានដែលចេញតវ៉ា
ក្រុមបុគ្គលិកក្រុមហ៊ុនអាកាសយាន្តដ្ឋានដែលចេញតវ៉ា © Facebook
ដោយ៖ អ៊ឹង ប៊ុនថន
១១ នាទី

បុគ្គលិក​ក្រុម​ហ៊ុន​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ខេត្ត​សៀមរាប​ជិត​២០០​នាក់ កាលពីម្សិល​មិញ បាន​នាំ​គ្នាលើក​បដា​តវ៉ា​នៅ​មុខ​មន្ទីរ​ការងារ​ខេត្ត​ទេសចរណ៍​មួយ​នេះ ជំទាស់នឹង​ការ​កាត់​បន្ថយ​បុគ្គលិក។ ​ចំណែក​នៅ​ភ្នំពេញវិញ​ក៏​មាន​បុគ្គលិក​​ក្រុម​ហ៊ុន​ដដែល​នេះ​ចំនួន​៧០​នាក់​ដែរ ត្រូវ​បាន​បញ្ឈប់ពី​ការងារ​តែ​មិន​ចេញតវ៉ា​។ ការ​បញ្ឈប់​បុគ្គលិក​ផ្នែក​អាកាស​យានដ្ឋាន​នេះ​ ដោយ​សំអាង​លើ​បញ្ហា​កូវីដ​១៩​ ខណៈ​ជើង​ហោះ​ហើរ​ត្រូវបាន​ធ្លាក់​ជាង​៩៦​ភាគរយ​នៅ​ឆ្នាំ​២០២០។

ផ្សាយពាណិជ្ជកម្ម

ក្រុម​បុគ្គលិក​ក្រុមហ៊ុនអាកាស​យាន្តដ្ឋាន​របស់​កម្ពុជា ដែល​ចេញតវ៉ា បានលើកឡើងថា ក្រុមហ៊ុន​បានបញ្ឈប់ពួកគេ​ពីការងារ ដោយ​មិន​ព្រម​ដោះស្រាយ​សំណង​ទៅតាម​ផ្លូវច្បាប់ ខណៈ​ភាគី​ក្រុម​ហ៊ុន​លើក​ហេតុ​ផល​ពីបញ្ហាកូវីដ១៩។

 

នៅឯអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ក្រុម​ហ៊ុនបានព្យួរការងារបុគ្គលិក១៦១នាក់ ខណៈនៅភ្នំពេញមានបុគ្គលិក​៧០នាក់ទៀតត្រូវបានបាត់បង់ការងារ។

លោក ស៊ិន ច័ន្ទសេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ប្រាប់វិទ្យុ​បារាំងអន្តរជាតិRFIនៅថ្ងៃសៅរ៍នេះថា ការដែល​បុគ្គលិកទាំងនេះត្រូវបានបាត់បង់ការងារគឺជាការទទួលខុស​ត្រូវ​របស់ក្រុម​ហ៊ុន មិន​ពាក់​ព័ន្ធ​នឹង​រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍វិលកម្ពុជាទេ។ លោក​ថា បុគ្គលិកទាំងនោះ​ត្រូវបាន​ក្រុម​ហ៊ុន​កាត់​បន្ថយ​ជាបន្តបន្ទាប់ដោយសារតែបញ្ហាកូវីដ១៩អូសបន្លាស។ លោកបន្ថែមថា អ្នកខ្លះត្រូវបានឲ្យឈប់ទាំងស្រុង​ និង​ខ្លះទៀត​ត្រូវ​កាត់​បន្ថយ​ប្រាក់ខែ ខណៈ​នៅឆ្នាំ២០២០ ជើង​ហោះ​ហើរ​ត្រូវបាន​ធ្លាក់​ជាង៩៦ភាគរយ។

ទោះបីជាសំអាងលើកូវីដ១៩ក៏ដោយ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បញ្ជាក់ថា ការបញ្ឈប់បុគ្គលិករបស់ក្រុមហ៊ុន​គឺត្រូវតែដោះស្រាយតាមផ្លូវច្បាប់ស្តីពីការងារ។ លោកថា កន្លងមក បុគ្គលិក​​អាកាសយាន្តដ្ឋានទាំងនោះ បានប្តឹងទៅក្រសួងការងារ ដោយ​សារនេះជាការបញ្ឈប់រួមពីការ​ងារ តែក្រសួងការងាររុញទៅមន្ទីរការងារឱ្យ​ដោះ​ស្រាយឲ្យពួកគាត់ជាវិវាទបុគ្គលទៅវិញ។

បើតាម​ក្រុមបុគ្គលិកទាំងនោះ គឺពួកគេចង់បានដំណោះស្រាយបន្តការងារធម្មតាឡើងវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI