នៅកម្ពុជា៖កុមារា៦ភាគរយប៉ុណ្ណោះហ៊ានប្រាប់ការពិតថា ខ្លួនទទួលរងការរំលោភបំពានផ្លូវភេទ

កុមារានៅកម្ពុជាមិនសូវហ៊ាននិយាយការពិតនៃការរំលោភផ្លូវភេទ
កុមារានៅកម្ពុជាមិនសូវហ៊ាននិយាយការពិតនៃការរំលោភផ្លូវភេទ © RFI
ដោយ៖ អេង គីមហុង
១៤ នាទី

នៅកម្ពុជា កុមារា៦ភាគរយប៉ុណ្ណោះហ៊ានប្រាប់ការពិតថា ខ្លួនរងការរំលោភបំពានផ្លូវភេទ។ ភាពក្លាហានរបស់កុមារានេះគឺមានភាគរយតិចមែនទែន បើធៀបនឹងភាពក្លាហានរបស់កុមារីដែលមានដល់ទៅ៤០ភាគរយឯណោះ។ នេះបើតាមបទបង្ហាញរបស់អង្គការជំហ៊ានដំបូងកម្ពុជានៅថ្ងៃទី២២ខែមករាម្សិលមិញ នៅក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការស្វែងយល់និងរាយការណ៍អំពីការរំលោភបំពានផ្លូវភេទ។

ផ្សាយពាណិជ្ជកម្ម

មានមូលហេតុជាច្រើនដែលធ្វើឲ្យកុមារា ឬក្មេងប្រុសមិនហ៊ានចេញមុខនិយាយថា ខ្លួនរងការរំលោភបំពានផ្លូវភេទដូចកុមារី។ កត្តាទាំងនោះរួមមាន៖ ការចែករំលែកចំណេះដឹងទាក់ទងការរំលោភបំពានផ្លូវភេទលើកុមារានៅមានកម្រិតបើធៀបក្មេងស្រី ភាពមិនអើពើរបស់គ្រួចំពោះការដើរហើររបស់កុមារា។ ក៏មានដែរការសើចចំអកលើកុមារាក្រោយដឹងថា គេទទួលរងការរំលោភបំពានផ្លូវភេទក្នុងន័យអសុរស។ អ្វីដែលសំខាន់ជាងនេះគឺការចង់ភ្ជាប់បញ្ហាទៅនឹងប្រៃពីទំនៀមទម្លាប់ និងវប្បធម៌ដែលឲ្យតម្លៃទៅលើភាពខ្លាំងរបស់បុរសនិយាយជារួមនិងនិយាយដោយឡែកសម្រាប់កុមារា។ 

 

លោក យួន សារ៉ាត់ ប្រធានគម្រោងនៃអង្គការជំហ៊ានដំបូងកម្ពុជាលើកឡើងថា នៅពេលដែលសង្គមឲ្យតម្លៃទៅលើកត្តាវប្បធម៌ទំនៀមទម្លាប់ ប្រពៃណី ភ្លេចគិតពីអារម្មណ៍ផ្លូវចិត្តរបស់កុមារាក្រោយការរំលោភបំពានផ្លូវភេទ នឹងធ្វើឲ្យកុមារាបាត់បង់ឱកាសនៃគាំទ្រ និងជំនួយផ្លូវចិត្តពីអ្នកជំនាញ  ហើយផលប៉ះពាល់រយៈពេលយូរ​នឹងធ្វើឲ្យកុមារារស់នៅជាមួយនឹងអារម្មណ៍ប៉ះទង្គិចផ្លូវចិត្តរៀងរហូត។

ការរំលោភបំពានផ្លូវភេទលើកុមារាកើតឡើងគ្រប់ពេវេលាគ្រប់ទីកន្លែងពីសំណាក់មនុស្សគ្រប់រូប មិនចំពោះតែជនបរទេសឡើយ។ បើតាមអង្គការជំហ៊ានដំបូងកម្ពុជា១៥ភាគរយ អ្នកប្រព្រឹត្តគឺជាអ្នកក្នុងស្រុកទៅវិញទេ។  អ្នកប្រព្រឹត្តទាំងនោះភាគច្រើនជាមនុស្សស្និទ្ធពោលគឺមិនមែនជាមនុស្សប្លែកមុខឡើយ ហើយសមាជិកគ្រួសាររបស់កុមារា ឬអ្នកជិតខាងក៏ចូលរួមប្រព្រឹត្តទង្វើបែបនេះលើកុមារាដែរ។ ប៉ុន្តែយ៉ាងណាក៏ករណីនេះកើតឡើងមិនចំពោះតែបរិបទប្រទេសកម្ពុជាទេ។  នេះបើតាមការឲ្យដឹងរបស់ លោក យុង ចាន់ថាវ ប្រធានបច្ចេកទេសនៃអង្គការជំហ៊ានកម្ពុជា។

ដើម្បីរួមចំណែកសង្គ្រោះកុមារាពីការរំលោភបំពានផ្លូវ និងកុំឲ្យពួកគេក្លាយជាជនរងគ្រោះជាថ្មី អង្គការជំហ៊ានដំបូងកម្ពុជាស្នើឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធបញ្ជ្រាបសារអប់រំបញ្ចៀសការរំលោភបំពានផ្លូវភេទសំដៅលើកុមារទាំងពីរភេទ ហើយសង្គមទាំងមូលបើចិត្តទទួលយកការពិតរបស់កុមារាដោយរួមគ្នាបញ្ឈប់ការចង់ភ្ជាប់បញ្ហាទៅនឹងប្រៃពីទំនៀមទម្លាប់ និងវប្បធម៌។  នៅឆ្នាំ២០២០ អង្គការជំហ៊ានដំបូងកម្ពុជា ផ្ដល់ការគាំទ្រផ្នែកផ្លូវចិត្ត និងជំនួយនានាដល់កុមារាដែលរងការរំលោភបំពានផ្លូវភេទចំនួន១២០ករណី៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI