អតីតបក្សប្រឆាំងជឿថា អាមេរិកនឹងធានាឲ្យកម្ពុជាគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

គណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ
គណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ Faceboook
ដោយ៖ វ៉ា សំណព្វ
១២ នាទី

ពីរថ្ងៃក្រោយការស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអាមេរិកទី៤៦ លោក ចូ បៃឌិន អតីតគណបក្សប្រឆាំងនៅកម្ពុជា បានផ្ញើសារអបអរសាទរកាលពីថ្ងៃទី ២២ មករា។ ក៏ប៉ុន្តែជាមួយនឹងសារអបអរសាទរនេះ អតីតគណបក្សសង្គ្រោះជាតិបានដាក់ក្តីសង្ឃឹមលើសហរដ្ឋអាមេរិកថា ប្រទេសមហាអំណាចពិភពលោកមួយនេះ នឹងជួយធានាឲ្យរដ្ឋាភិបាលកម្ពុជាគោរពតាមខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ រួមទាំងមាត្រាទាំងអស់នៃរដ្ឋធម្មនុញ្ញាកម្ពុជា។

ផ្សាយពាណិជ្ជកម្ម

គឺតាមរយៈលិខិតអបអរសាទរកម្រាស់២ទំព័រ ផ្ញើទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី លោក ចូ បៃឌិន កាលពីថ្ងៃទី ២២ មករា អតីតគណបក្សសង្គ្រោះជាតិបានដាក់ក្តីសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបន្តការគាំទ្រដល់កម្ពុជា និងធ្វើអោយប្រាកដថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងរាល់មាត្រាទាំងអស់នៃរដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានគោរពដោយពេញលេញ។ ហើយថា កងទ័ព ត្រូវបានធានានូវអព្យាក្រឹត្យភាពរបស់ខ្លួន។ នៅក្នុងលិខិតផ្ញើទៅកាន់ប្រធានាធិបតីអាមេរិកថ្មីលោក ចូ បៃឌិន (Joe Biden) និងអនុប្រធានាធិបតីលោកស្រី ខាមាឡា ហារីស (Kamala Harris) នេះ អតីតគណបក្សប្រឆាំងដែលត្រូវបានតុលាការកំពូលកម្ពុជារំលាយចោលកាលពីចុងឆ្នាំ២០១៧នោះ ក៏បានចាត់ទុកដែរថា តួនាទីរបស់សហរដ្ឋអាមេរិក គឺមានសារៈសំខាន់ក្នុងការធានានូវយុត្តិធម៌ ដែលជាចំណុចនៃការស្លាប់រស់នៃលទ្ធិប្រជាធិបតេយ្យ។

 

យ៉ាងណាក្តី មន្ត្រីរដ្ឋាភិបាលកម្ពុជាធ្លាប់បានអះអាងថា កម្ពុជាបានគោរពយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយថា រាល់ខ្លឹមសារនៃកិច្ចព្រមព្រៀងឆ្នាំ១៩៩១នេះ ត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនរួចអស់ទៅហើយ។

 

គួរជំរាបជូនថា លោក ចូ បៃឌិន (Joe Biden) បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ ទើបតែបានស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៦ កាលពីថ្ងៃទី ២០ មករា ឆ្នាំ ២០២១នេះ បន្ទាប់ពីបានយកឈ្នះលើលោក ដូណាល់ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី ០៣ វិច្ឆិកា។ តាមរយៈប្រធានាធិបតីថ្មីនេះ គេជឿជាក់ថា សហរដ្ឋអាមេរិកនឹងវិលមកដើរតួនាទីសំខាន់នៅក្នុងពិភពលោកឡើងវិញ។ ហើយថា គុណតម្លៃសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ នឹងត្រូវបានលើកតម្កើងជាថ្មី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI