តួអង្គ James Bond លោក Daniel Craig អំពាវនាវឲ្យសហគមន៍អន្តរជាតិចូលរួមលុបបំបាត់គ្រាប់មីននៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃទី ២២ខែមករាម្សិលមិញ តារាសម្តែងរឿង James Bond លោក Daniel Craig បានចូលរួមតាមរយៈប្រព័ន្ធវីដេអូ ក្នុងពិធីសម្ពោធទីលានសុវត្ថិភាពដំបូងគេនៅកម្ពុជា ក្នុងការប្រែក្លាយចម្ការមីន មួយកន្លែង នៅខេត្តបាត់ដំបង ជាទីធ្លាសម្រាប់លេងកម្សាន្ត។ នៅក្នុងកិច្ចពិភាក្សាសម្ពោធទីលានសុវត្ថិភាព រៀបចំដោយអង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍន៍ UNDP លោក Daniel Craig តារាសម្តែងជនជាតិអង់គ្លេស បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបានឆក់យកជីវិតប្រជាជនរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ នៅកម្ពុជា។ សូមបញ្ជាក់ថា តួអង្គ James Bond លោក Daniel Craig ដែលធ្លាប់មកថតកុននៅប្រទេសកម្ពុជា ជាមួយអ្នកនាង Angelina Jolie ម្តងដែរ គឺជាអ្នកស្វែងរកការគាំទ្រសកលរបស់អង្គការសហប្រជាជាតិ សម្រាប់ការលុបបំបាត់គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
លោក Daniel Craig ៖ «នៅទូទាំងពិភពលោក ទីធ្លាកុមារលេង ត្រូវគេដឹងថាជាទីធ្លាសុវត្ថិភាព ជាទីធ្លាដែលកុមារអាចលេងដោយសេរី និងរីករាយ។ ប៉ុន្តែនៅប្រទេសមួយចំនួន ទីធ្លានេះ ពុំមានសុវត្ថិភាពទេ។ នៅកម្ពុជា ផលប៉ះពាល់ពីសង្គ្រាម នៅតែបន្តមាន។ គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់លានគ្រាប់ នៅរាយប៉ាយពេញផ្ទៃប្រទេស ហើយពួកវាបន្តធ្វើឲ្យមនុស្សរងរបួស និងស្លាប់ជាបន្តបន្ទាប់ក្នុងនោះក៏មានកុមារផងដែរ។ វត្តមានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមទាំងនេះ នៅតែបង្កជាការភ័យខ្លាច ការព្រួយបារម្ភ និងអសន្តិសុខ។ យុទ្ធនាការទីលានសុវត្ថិភាព មានបំណងប្រែក្លាយដីដែលមានមីន ទៅជាទីលានសុវត្ថិភាព ។ យុទ្ធនាការនេះ មានបំណងទាក់ទាញការយកចិត្តទុកដាក់ និងកៀរគរជំនួយសម្រាប់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ខ្ញុំសូមប្រកាសបើកយុទ្ធនាការទីលានសុវត្ថិភាពថ្មីនៅកម្ពុជាដោយក្តីរីករាយ។ ហើយខ្ញុំនឹងទន្ទឹងរង់ចាំទៅដល់ទីលានសុវត្ថិភាពថ្មីនេះដោយផ្ទាល់នៅថ្ងៃណាមួយ។ ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការទីលានសុវត្ថិភាពរបស់អង្គការសហប្រជាជាតិ។ ហើយខ្ញុំសង្ឃឹមថាអ្នកនឹងគាំទ្រយុទ្ធនាការនេះ យ៉ាងពេញទំហឹងដូចខ្ញុំផងដែរ! »
គួរជម្រាបជូនថា បើតាមរបាយការណ៍របស់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) ក្នុងឆ្នាំ ២០២០កន្លងទៅ CMAC សំរេចបានការរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួនជាង ៩ពាន់២០០ហិចតា ស្មើនឹងប្រមាណ១១៥ភាគរយ នៃផែនការពង្រាយកម្លាំងប្រតិបត្តិការជាក់ស្ដែង ខណៈការរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ធ្វើបានសរុបចំនួនជិត ៤ម៉ឺនគ្រាប់។ ហើយនៅក្នុងឆ្នាំ ២០២១នេះ CMAC មានផែនការរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់ចំនួនប្រមាណជាង ១ម៉ឺន១ពាន់ហិកតា និងមានផែនការ រុករក និងកម្ទេចចោលគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទចំនួនប្រមាណ ៤ម៉ឺនគ្រាប់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ