កម្ពុជា-សិទ្ធិមនុស្ស-ពាណិជ្ជកម្ម

កម្ពុជាថ្កោលទោសចំពោះជនទាំងឡាយណា ដែលបង្ខូចកេរ្តិ៍ឈ្មោះអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ

អង្ករកម្ពុជា
អង្ករកម្ពុជា © Facebook
ដោយ៖ វ៉ា សំណព្វ
១៥ នាទី

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ ថ្កោល​ទោស​ចំពោះ​បុគ្គល​ទាំង​ឡាយ​ណា ដែល​បង្ខូច​កេរ្តិ៍​ឈ្មោះ​អង្ករ​កម្ពុជា​នៅ​លើ​ទី​ផ្សារ​អន្តរជាតិ​។ សេចក្តី​ថ្លែងការណ៍​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​ម្នាក់ បាន​ផ្ញើ​លិខិត​ទៅ​កាន់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អូស្ត្រាលី ដោយ​ចោទ​ប្រកាន់​ថា អង្ករ​កម្ពុជា មាន​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​។  

ផ្សាយពាណិជ្ជកម្ម

សេចក្តី​ថ្លែងការណ៍​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​ម្នាក់​ឈ្មោះ ឯក សុវត្ថី បាន​ផ្ញើ​លិខិត​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​អូស្ត្រាលី​ដោយ​ចោទ​ប្រកាន់​ថា អង្ករ​កម្ពុជា​ដែល​នាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​ប្រទេស​អូស្ត្រាលី គឺ​មាន​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​។ ក៏​ប៉ុន្តែ តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​កម្ពុជា បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​ខាង​លើ​នេះ​ថា គឺ​ជា​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​មូលដ្ឋាន និង​ក្នុង​គោល​បំណង​ទុច្ចរិត ដើម្បី​រារាំង​ការ​នាំ​អង្ករ​ពី​កម្ពុជា​ចូល​ទៅ​កាន់​ទីផ្សារ​អូស្ត្រាលី​។

 

បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី ២៣ មករា ក៏​ប៉ុន្តែ​ទើប​តែ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​លើក​ឡើង​ថា ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​ប្រជាកសិករ​ខ្មែរ និងកេរ្តិ៍​ឈ្មោះ​អង្ករ​កម្ពុជា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​អូស្ត្រាលី និង​នូវែលសេឡង់ បាន​ពន្យល់​ប្រាប់​ភាគី​អូស្ត្រាលី និង​ដោយ​មាន​ការ​ស្រាវជ្រាវ​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​អូស្ត្រាលី បាន​រក​ឃើញ​ថា ការលើក​ឡើង​របស់​លោក ឯក សុវត្ថី ពលរដ្ឋ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​រស់​នៅ​ក្នុង​ទីក្រុង​ស៊ីដនី​នោះ គឺ​ជា​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​ភស្តុតាង និង​មិន​អាច​ទទួល​យក​បាន​ទេ​។ តាមរយៈ​សេចក្តី​ថ្លែងការណ៍​នេះអ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​ធ្វើ​ការ​ថ្កោល​ទោស​ចំពោះ​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី លោក ឯក សុវត្ថី និងជន​ទាំង​ឡាយ​ណា ដែល​ប៉ុន​ប៉ង​បំផ្លិចបំផ្លាញ​ផល​ប្រយោជន៍​ប្រជាកសិករ​ខ្មែរ​តាមរយៈ​ទង្វើ​ទុច្ចរិត និងមួល​បង្កាច់ ដូច​ករណី​ខាង​លើ​នេះ​។

 

គួរជំរាបជូនដែរថា នៅឆ្នាំ២០២០កន្លងទៅ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារប្រទេសអូស្ត្រាលីបានចំនួន ២៩,៣០៥ តោន។ តាមរយៈតួលេខនេះ មានន័យថា ប្រទេសអូស្ត្រាលី គឺជាទីផ្សារអង្ករធំជាប់លំដាប់ថ្នាក់ទី៥របស់កម្ពុជា បន្ទាប់ពីប្រទេសចិន បារាំង ហ្គាបុង និងប្រទេសម៉ាឡេស៊ី។ សូមបញ្ជាក់ដែរថា អង្កររបស់កម្ពុជា ត្រូវបាននាំចេញទៅកាន់ប្រទេសចំនួន៦០នៅលើពិភពលោក ខណៈក្រុមហ៊ុននាំចេញអង្ករមានចំនួន៧៦ក្រុមហ៊ុន។ នៅឆ្នាំ២០២០កន្លងទៅ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារបរទេសបានចំនួនជិត៧០ម៉ឺនតោន កើនឡើង ១១.៤០% ដែលគិតជាទឹកប្រាក់មានតម្លៃជិត៥០០លានដុល្លារអាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI