កម្ពុជា-កូវីដ១៩

អាជ្ញាធរខេត្តបន្ទាយមានជ័យថាពលករខ្មែរនៅតែបន្តវិលមកកម្ពុជាវិញ ខណៈនៅថៃអស់ការងារធ្វើ

ពលករខ្មែរកំពុងឈរតម្រង់ជួរ ដើម្បីចូលមកកាន់ទឹកដីកម្ពុជាវិញ នៅច្រកព្រំដែនកម្ពុជា-ថៃ។
ពលករខ្មែរកំពុងឈរតម្រង់ជួរ ដើម្បីចូលមកកាន់ទឹកដីកម្ពុជាវិញ នៅច្រកព្រំដែនកម្ពុជា-ថៃ។ © FB
ដោយ៖ អ៊ឹង ប៊ុនថន
១១ នាទី

ពលករ​ខ្មែរ​ដែល​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ​នៅ​តែ​បន្ត​វិល​ចូល​ប្រទេស​កម្ពុជា​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ​ដែល​មាន​ចំនួន​ច្រើន​ឡើង ខណៈ​ប្រទេស​ជិត​ខាង​មួយ​នេះ កំពុង​រីក​រាល​ដាល​កូវីដ​១៩​ ធ្វើ​ឲ្យ​ពលករ​ខ្មែរ​ត្រូវ​បាត់​បង់​ការងារ​។ តាំង​ពី​ប្រទេស​ថៃ​ផ្ទុះ​កូវីដ​១៩​ទៅ​ក្នុង​សហគមន៍​នៅ​ខេត្ត​សាមុត​សាខន​មក គឺ​មាន​ពលករ​ខ្មែរ​ជាង ១​ម៉ឺន​នាក់​ហើយ​បាន​វិល​មក​កម្ពុជា​វិញ​ជា​បន្ត​បន្ទាប់​។  

ផ្សាយពាណិជ្ជកម្ម

លោក លី សារី អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា រយៈ​ពេល​២​ថ្ងៃ​ចុង​ក្រោយ​នេះ ពលករ​ខ្មែរ​ដែល​មក​ពី​ថៃ​បាន​កើន​ឡើង​ដល់​ជិត ១០០​នាក់​បន្ថែម​ទៀត​ ដោយ​សារ​តែ​នៅ​ប្រទេស​ថៃ​អស់​ការងារ​ធ្វើ​។ ដូច្នេះ​មណ្ឌល​ចត្តាឡីស័ក​នៅ​តាម​សាលារៀន​កន្លង​មក​គឺ​នៅ​បន្ត​ប្រើ​ប្រាស់​បន្ត​ទៀត ដែល​ធ្វើ​ឲ្យ​ការ​សិក្សា​របស់​សិស្ស​នៅ​ខេត្ត​ជាប់​ព្រំដែន​មួយ​នេះ ត្រូវ​បន្ត​ពន្យារ​ពេល​។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ដដែល​។

 

លោក លី សារី បាន​ឲ្យ​ដឹង​ថា តាំង​ពី​ប្រទេស​ថៃ​ផ្ទុះ​កូវីដ​១៩​ទៅ​ក្នុង​សហគមន៍​នៅ​ខេត្ត​សាមុត​សាខន​នោះ គឺ​មាន​ពលករ​ខ្មែរ​ដែល​មក​ពី​ថៃ​វិញ​ឆ្លង​កាត់​ខេត្ត​បន្ទាយ​មាន​ជ័យ មាន​ជាង ១​ម៉ឺន​នាក់ ក្នុង​នោះ​ប្រមាណ​៣ពាន់​នាក់​ត្រូវ​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ទី​តាំង​មួយ​ចំនួន​ក្នុង​បន្ទាយ​មាន​ជ័យ​។

 

សូម​ជម្រាប​ថា ពេល​នេះ​អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុង​តែ​ស្វែង​រក​បុរស​ម្នាក់​ជា​ពលករ​ខ្មែរ ដែល​បាន​លួច​រត់​ចេញ​ពី​មណ្ឌល​ធ្វើ​ចត្តាឡីស័ក​នៅ​វិទ្យាល័យ​មង្គល​បូរី កាល​ពី​យប់​ថ្ងៃ​២២ ខែ​មករា ឆ្នាំ​២០២១​។

 

លោក លី សារី បាន​អះអាង​ថា ​ការ​រត់​ចេញ​របស់​ពលករ​រូប​នោះ មិន​មែន​មក​ពី​ពិបាក​រស់​នៅ​ក្នុង​មណ្ឌល​ចត្តាឡីស័ក​នោះ​ទេ តែ​លោក​ជឿ​ថា មក​ពី​ពលករ​រូប​នេះ​ខ្លាច​ម្ចាស់​បំណុល​តាម​ទារ​លុយ ទើប​រូប​គេ​រត់​គេច​ខ្លួន រួម​ទាំង​ប្រពន្ធ​ដែល​នៅ​ឯ​ផ្ទះ​ផង​ដែរ​។

 

យ៉ាង​ណា​ក៏​ដោយ​ពលករ​រូប​នេះ​បាន​ធ្វើ​តេស្ត​កូវីដ​១៩​ជា​លើក​ទី​១ គឺ​អវិជ្ជមាន តែ​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​ចំនួន​២​លើក​ទៀត​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI