អ្នកផលិតទឹកមាត់ត្រចៀកកាំក្នុងស្រុកស្នើឱ្យរដ្ឋពន្លឿនការនាំចេញសម្បុកត្រចៀកកាំទៅចិន
ចុះផ្សាយនៅថ្ងៃ៖
អ្នកផលិតសម្បុកទឹកមាត់ត្រចៀកកាំ ស្នើឱ្យរដ្ឋាភិបាលកម្ពុជាជំរុញការនាំចេញសម្បុកទឹកមាត់ត្រចៀកកាំទៅចិន ដើម្បីជួយ ពង្រីកទីផ្សារសម្បុកទឹកមាត់ត្រចៀកកាំ និង ផ្តល់ការងារដល់កម្មករខ្មែរប្រមាណជាងរាប់ពាន់នាក់ ចៀសផុតពីការចំណាកស្រុកដោយប្រថុយប្រថានបាន។ ការជំរុញរបស់ក្រុមអាជីវករដូច្នេះ គឺធ្វើឡើងក្រោយកម្ពុជានិងចិន មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងគ្នាកាលពីពេលថ្មីៗនេះ។
លោកអ៊ាន ភារម្យ អ្នកគ្រប់គ្រងទូរទៅក្រុមហ៊ុន Best Life Product បានប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា ចិនគឺជាទីផ្សារធំសម្រាប់កម្ពុជាក្នុងការនាំចេញសម្បុកទឹកមាត់ត្រចៀកកាំ។ កន្លងមកទីផ្សារផលិតផលនេះ មានតែក្នុងស្រុក និងមានការនាំចេញបានតិចតួច ទៅប្រទេសជិតខាងមានថៃ និងវៀតណាម។ ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេ ភាគីកម្ពុជាចិន(FTA)អ្នកគ្រប់គ្រងរូបនេះ សង្ឃឹមថា អាចនឹងមានការនាំចេញសម្បុកទឹកមាត់ត្រចៀកកាំនេះ ទៅប្រទេសចិនក្នុងទំហំធំ ព្រោះមានតែចិនទេ ដែលយល់ពីគុណតម្លៃ និងអត្ថប្រយោជន៍នៃសំបុកទឹកមាត់ត្រចៀកកាំ ហើយបើនិយាយពីការនាំចេញទៅអឺរ៉ុបវិញ គឺមិនសូវមានការចាប់អារម្មណ៍នោះទេ។
បច្ចុប្បន្នទីផ្សារក្នុងស្រុក សម្បុកទឹកមាត់ត្រចៀកកាំនេះ គឺមិនសូវមានវិសាលភាពធំទូលាយទេ ព្រោះផលិតផលនេះជាផលិតផលកម្រិតខ្ពស់ មានតម្លៃថ្លៃ និងសក្តិសមចំពោះតែអ្នកដែលមានជីវភាពធូរធារប៉ុណ្ណោះ។ ចំពោះការផលិតវិញ គឺមិនមានទិន្នន័យ និងចំនួនតួលេខជាក់លាក់នោះទេ ព្រោះអាស្រ័យតែលើការបញ្ជារទិញ ពីអ្នកដែលមានតម្រូវការប៉ុណ្ណោះ បើមិនមានការបញ្ជារទិញក៏គ្មានទីផ្សារដែរ។ នេះបើតាមការបញ្ជាក់ពី លោកអ៊ាន ភារម្យ។
ជាមួយគ្នានេះលោកអ៊ាន ភារម្យស្នើដោយទទូចទៅរដ្ឋាភិបាល ឱ្យពន្លឿនការនាំចេញឱ្យបានឆាប់ ដើម្បីជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋអ្នកចិញ្ចឹមសត្វត្រចៀកកាំផង និងជួយផ្តល់ការងារឱ្យកម្មករជាច្រើនពាន់នាក់ផង។ ការផលិតសំបុកទឹកមាត់ត្រចៀកកាំនេះ មិនត្រូវការកំលាំងម៉ាស៊ីនច្រើនទេ គឺត្រូវការកំលាំងមនុស្ស និងអាចជួយអភិរក្សចំនួនសត្វត្រចៀកកាំបានច្រើនទៀតផង។
សូមរម្លឹកថា ការស្នើឱ្យជំរុញការនាំចេញ ដើម្បីពង្រីកទីផ្សារសម្បុកទឹកមាត់ត្រចៀកកាំនេះ មិនមែនជាលើកទីមួយទេ គឺធ្លាប់មានការស្នើពីប្រធានសហព័ន្ធសម្បុកត្រចៀកកាំកម្ពុជា រួចម្តងហើយនៅឆ្នាំ២០២០ ដោយមានការឆ្លើយតបពីក្រសួងកសិកម្មថា ផែនការនាំចេញផលិតផលសម្បុកទឹកមាត់ត្រចៀកកាំ ទៅកាន់ទីផ្សារប្រទេសចិនជាផ្លូវការនេះ អាចនឹងធ្វើឡើងនៅចុងឆ្នាំ២០២០។ រហូតដល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ជាថ្មីនៅឡើយទេ ខណៈឯកសារដែលអាជ្ញាធរចិនផ្ញើមកឱ្យកម្ពុជាបំពេញ គឺមានភាពស្មុគស្មាញ និងទាមទារឱ្យមានការសិក្សាបន្ថែមទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ