កម្ពុជា-កូវីដ១៩

កូវីដ១៩៖ ក្រសួងសុខាភិបាលអំពាវនាវឲ្យបន្តពង្រឹងវិធានសុវត្ថិភាពនៅតាមពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យផ្សេងៗ

ប្រជាជនកម្ពុជាក្នុងអំឡុងពេលវត្តមាននៃវីរុសកូរ៉ូណា ឬហៅថា កូវីដ១៩
ប្រជាជនកម្ពុជាក្នុងអំឡុងពេលវត្តមាននៃវីរុសកូរ៉ូណា ឬហៅថា កូវីដ១៩ REUTERS - STRINGER
ដោយ៖ ជួប នរក្សា
១៣ នាទី

ជា​ថ្មី​ម្តង​ទៀត​ នៅថ្ងៃអង្គារទី២៦មករានេះ ក្រសួង​សុខាភិបាល​កម្ពុជា​ បាន​ចេញ​មក​ធ្វើការ​អំពាវនាវ​ឲ្យ​មាន​ការ​ពង្រឹង​ការ​អនុវត្ត​ការពារ​ការ​ចម្លង​ជំងឺ​កូវីដ១៩​នៅ​តាម​ពិធី​បុណ្យ​ និង​ជា​ពិសេស​ក្នុង​ការ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​។ ការ​លើកឡើង​របស់​ក្រសួង​សុខាភិបាល​ដូច្នេះ​ គឺ​ស្របពេល​ដែល​មាន​ការ​រៀប​អាពាហ៍ពិពាហ៍​និង​ពិធី​បុណ្យ​ផ្សេងៗ​មួយ​ចំនួន​ ត្រូវ​គេ​មើល​ឃើញ​ថា​ បាន​រៀបចំ​ឡើង​ដោយ​បំពាន​លើ​វិធាន​សុខាភិបាល​។

ផ្សាយពាណិជ្ជកម្ម

ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៦មករានេះ បានចេញមកធ្វើការអំពាវនាវម្តងទៀត ដោយធ្វើយ៉ាងណាឲ្យគ្រប់បណ្តាខេត្ត-ក្រុង ពង្រឹងការអនុវត្តនូវវិធានសុវត្ថិភាពសុខភាព នៅតាមពិធីជួបជុំនានា ជាពិសេសពិធីរៀបចំអាពាហ៍ពិពាហ៍នៅក្នុងពេលនេះ ក្នុងគោលបំណងទប់ស្កាត់នូវការរាលដាលការឆ្លងជំងឺកូវីដ១៩ ជាយថាហេតុ។ បើតាមលិខិតក្រសួង ការចេញមកអំពាវនាវជាថ្មីទៀតនេះ គឺដោយសារការអនុវត្តវិធានសុវត្ថិភាពសុខភាពនៅតាមបណ្តាខេត្ត-ក្រុង ក្នុងការរៀបចំពិធីបុណ្យ ក៏ដូចជាពិធីអាពាហ៍ពិពាហ៍ នៅមានកម្រិតទាបនៅឡើយ ដែលនេះជាក្តីបារម្ភមួយនៃការចម្លងជំងឺកូវីដ១៩ចូលទៅក្នុងសហគមន៍។

វិធានសុវត្ថិភាពសុខភាពនៅអំឡុងពេលរៀបចំពិធីជួបជុំ និងពិធីរៀបអាពាហ៍ពិពាហ៍ដែលដាក់ចេញក្នុងន័យទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩នាពេលកន្លងមក រួមមាន ការបំពាក់ម៉ាស៊ីនវាស់កម្តៅ អាល់កុល ឬជែលលាងដៃ ការរក្សាគម្លាតសុវត្ថិភាពបុគ្គល ដោយកំណត់អ្នកអង្គុយត្រឹម៥នាក់ក្នុងមួយតុ ការគារវកិច្ចគ្នាដោយការសំពះ ការតាំងស្លាកសញ្ញាណែនាំពាក់ម៉ាសពេលចាំបាច់ និងការសហការពីអាជ្ញាធរមូលដ្ឋានឲ្យបានម៉ត់ចត់ ដើម្បីធានាបាននូវសុវត្ថិភាពសុខភាព និងបង្ការបាននូវការឆ្លងជំងឺកូវីដ១៩។

គួរកត់សម្គាល់ថា ការអំពាវនាវឲ្យមានការពង្រឹងការអនុវត្តវិធានសុវត្ថិភាពសុខភាពនៅតាមពិធីបុណ្យនិងពិធីអាពាហ៍ពិពាហ៍នៅពេលនេះ ស្របពេលនឹងពិធីបុណ្យ និងពិធីអាពាហ៍ពិពាហ៍ ត្រូវបានគេមើលឃើញថា កំពុងសម្រុករៀបចំជាប់ៗគ្នាជាច្រើនកន្លែងនៅទូទាំងប្រទេស។ ទោះជាយ៉ាងណាក្តី ជំងឺកូវីដ១៩នៅតែបន្តគំរាមកំហែងក្នុងប្រទេសកម្ពុជា ខណៈដែលពលករខ្មែរដែលត្រលប់មកពីប្រទេសថៃវិញ ត្រូវបានក្រសួងសុខាភិបាលរកឃើញថា មានវិជ្ជមានជំងឺកូវីដ១៩ស្ទើរជារៀងរាល់ថ្ងៃ។ ចាប់តាំងពីមានការផ្ទុះការឆ្លងកូវីដ១៩ជាសហគមន៍នៅក្នុងខេត្តសាមុតសាខនមក មានពលករខ្មែរចំនួន៨៣នាក់ហើយ ត្រូវបានរកឃើញ ថាវិជ្ជមានកូវីដ១៩ ក្រោយពេលពួកគេត្រលប់មកពីប្រទេសថៃ។ ក្រៅពីនេះ កម្ពុជាក៏បានរកឃើញ អ្នកឆ្លងមេរោគសកលនេះ តាមរយៈអ្នកដំណើរតាមយន្តហោះចូលមកកម្ពុជា ឥតដាច់ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI