កម្ពុជា-សង្គម

ជំរឿនបង្ហាញថាកម្ពុជានឹងមានប្រជាជនវ័យចាស់ច្រើននៅពេលអនាគត

បុរសចំណាស់ម្នាក់រង់ចាំបើកអំណោយពីសប្បុរសជនក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជា នៅថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩
បុរសចំណាស់ម្នាក់រង់ចាំបើកអំណោយពីសប្បុរសជនក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជា នៅថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩ AP - Heng Sinith
ដោយ៖ សឿង ភារៈ
១២ នាទី

គិត​ត្រឹម​ឆ្នាំ​២០១៩​ កម្ពុជា​មាន​ប្រជាជន​សរុប​ជាង​ ១៥.៥​លាន​នាក់​ និង​មាន​អត្រា​កំណើន​ប្រជាជន​ជា​មធ្យម​ប្រចាំ​ឆ្នាំ​១.៤%​។ នេះ​បើ​យោង​តាម​របាយការណ៍​ជាតិ​ស្តី​ពី​លទ្ធផល​ចុងក្រោយ​ជំរឿន​ទូទៅ​ប្រជាជន​កម្ពុជា​ឆ្នាំ​២០១៩​ ដែល​ផ្សាយ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៦​ ខែ​មករា​នេះ​។ ទិន្នន័យ​ជំរឿន​ក៏​បង្ហាញ​ថា​ ទៅ​ថ្ងៃ​អនាគត​កម្ពុជា​ជា​ប្រទេស​មាន​ប្រជាជន​វ័យ​ចាស់​ច្រើន​។

ផ្សាយពាណិជ្ជកម្ម

លទ្ធផលជំរឿនទូទៅប្រជាជនកម្ពុជាឆ្នាំ២០១៩ កម្ពុជាមាន ចំនួនប្រជាជនសរុបមាន ១៥.៥លាននាក់ ក្នុងនោះប្រុសចំនួនជាង៧.៥លាននាក់ និងស្រីចំនួន៧.៩លាននាក់។ ប្រៀបធៀបនឹងលទ្ធផលជំរឿន កាលពីឆ្នាំ២០០៨ ចំនួនប្រជាជនបានកើនឡើងចំនួន២.២លាននាក់។

ទិន្នន័យដដែលបង្ហាញថា ខេត្តចំនួន៤ មានប្រជាជនច្រើនជាង ១លាននាក់ គឺរាជធានីភ្នំពេញមានប្រជាជនប្រមាណ២.៣លាននាក់ ខេត្តកណ្តាល ១.២លាននាក់ ខេត្តព្រៃវែង ១.១លាននាក់ និងខេត្តសៀមរាបមានប្រជាជនប្រមាណ១លាននាក់។

បើប្រៀបធៀបជំរឿនក្នុងឆ្នាំ២០១៩ និងឆ្នាំ២០០៨ ប្រជាជនវ័យក្មេង ដែលមានអាយុពី០ឆ្នាំ​ ទៅ៤ឆ្នាំ មានការធ្លាក់ចុះពី៣៣% ទៅ២៩.៤% ហើយប្រជាជនវ័យកណ្តាល(១៥-៥៩ឆ្នាំ) បានកើនឡើង ពី៦០% ទៅ៦១.៧%  និងមនុស្សចាស់ចាប់ពី៦០ឆ្នាំឡើង បានកើនឡើងពី៦.៣% ទៅ៨.៩%។ តួលេខទាំងនេះបង្ហាញថា ប្រជាជនកម្ពុជាកំពុងចាប់ផ្តើមវិវត្តន៍ទៅតាមអាយុ ពោលគឺកម្ពុ​ជាជាប្រទេសមានប្រជាជនវ័យចាស់ច្រើននៅពេលអនាគត។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីជំរឿន២០១៩ កត្តាកំណត់សំខាន់នៃវ័យចាស់របស់ប្រជាជន គឺការធ្លាក់ចុះនៃអត្រាលទ្ធភាពបង្កើតកូន និងការធ្លាក់ចុះនៃអត្រាមរណភាព។

គួរជម្រាបជូនថា ជំរឿនប្រជាជនឆ្នាំ២០១៩ ត្រូវបានធ្វើឡើងដោយវិទ្យាស្ថានជាតិស្ថិតនៃក្រសួងផែនការ។ លោក សុក កុសល អគ្គនាយករង វិទ្យាស្ថានជាតិស្ថិតិ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិថា ជំរឿនគឺជាប្រភពទិន្នន័យមួយ ដែលមានលក្ខណៈទូលំទូលាយ ដែលជាអាចប្រើសម្រាប់គណនាអថេរផ្សេងៗទៀត ដែលប្រើប្រាស់សម្រាប់រៀបចំគោលនយោបាយ ។ លោកបន្ថែមថា ជំរឿនក៏អាចធ្វើឲ្យមានទិន្នន័យ គ្រប់គ្រាន់ សម្រាប់ការព្យាករណ៍ប្រជាសាស្ត្រនៅពេលខាងមុខ សម្រាប់ការរៀបចំផែនការរយៈពេលវែង រួមនឹងចំណុចសំខាន់ៗច្រើនទៀត៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI