កម្ពុជា-សេដ្ឋកិច្ច

ទឹកឃ្មុំព្រៃខេត្តមណ្ឌលគិរី ត្រៀមទទួលវិញ្ញាប័នប័ត្រសម្គាល់ភូមិសាស្រ្ត(GI)ពីក្រសួងពាណិជ្ជកម្ម

ទឹកឃ្មុំព្រៃ​របស់​កម្ពុជា
ទឹកឃ្មុំព្រៃ​របស់​កម្ពុជា © RFI
ដោយ៖ ហេង សុខនី
១៥ នាទី

សហគមន៍​ប្រមូល​ទឹក​ឃ្មុំ​ព្រៃ​ចំនួន​១១ ក្នុង​ខេត្ត​មណ្ឌលគិរី បាន​ស្នើ​ចុះ​បញ្ជី​សម្គាល់​ភូមិ​សាស្រ្ត (GI) ពី​ក្រសួង​ពាណិជ្ជកម្ម​។ ការ​ស្នើបែប​នេះ គឺ​ដើម្បី​ការពារ​ពី​ការ​លួច​បន្លំ​ឈ្មោះ​ទឹក​ឃ្មុំព្រៃ​របស់​ខេត្តមណ្ឌលគិរី ក្រោយពី​ផលិតផល​ទឹក​ឃ្មុំ​ព្រៃមួយ​នេះ ទទួល​បាន​ការ​គាំទ្រ និង​មាន​តម្រូវការ​ប្រើប្រាស់​ខ្ពស់ ជាង​១០០​តោន ក្នុង​មួយ​ឆ្នាំ។​

ផ្សាយពាណិជ្ជកម្ម

លោក នេត្រ ភត្រ្តា អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅថ្ងៃទី២៦ ខែ​មករា​នេះ​ថា លោក​សារទរ​ចំពោះ ការ​ចុះ​ឈ្មោះ​ទឹក​ឃ្មុំ​ព្រៃ​ខេត្ត​មណ្ឌលគិរី របស់​ប្រជា​សហគមន៍​ទាំង១១​ក្រុម ទៅ​ក្នុង​បញ្ជី​សម្គាល់ភូមិសាស្រ្ត (GI) ក្រសួងពាណិជ្ជកម្ម។ ការចុះឈ្មោះនេះ គឺជារឿងសំខាន់ សម្រាប់ប្រជាសហគមន៍១១ក្រុម ដែលមានសមាជិកចំនួន ៥១៦នាក់។

ក្រោយពីទទួលបានវិញ្ញាប័នប័ត្រសម្គាល់ភូមិសាស្រ្តហើយ នឹងជួយការពារឈ្មោះទឹកឃ្មុំព្រៃឱ្យនៅគង់វង្ស ជាប្រយោជន៍ដល់យុវជនជំនាន់ក្រោយ។ លោកបន្ថែមថា កន្លងមកប្រជាសហគមន៍ បងប្អូនជនជាតិដើមភាគតិច តែងចូលព្រៃកាប់ឈើ ចាប់សត្វព្រៃ ដើម្បីដោះស្រាយបញ្ហាជីវភាព។ តែបច្ចុប្បន្នប្រែមកជា ចូលព្រៃការពារ និងអភិរក្សសត្វ ព្រៃឈើ ដើម្បីការប្រើប្រាស់ និងដកយកអនុផលព្រៃប្រកបដោយនិរន្តភាពជំនួសវិញ។

ជាមួយគ្នានេះ លោក ចាន់ ឡាលី មន្ត្រីគ្រប់គ្រងទិន្នន័យទឹកឃ្មុំព្រៃរបស់អង្គការ CIRD បានបញ្ជាក់ឱ្យដឹងដែរថា ទឹកឃ្មុំព្រៃខេត្តមណ្ឌលគិរី បានរៀបចំឯកសារគ្រប់គ្រាន់តាមលក្ខខ័ណ្ឌ និងបានដាក់ស្នើទៅក្រសួងពាណិជ្ជកម្ម ឱ្យចុះក្នុងបញ្ជីសម្គាល់ភូមិសាស្រ្ត (GI) រួចរាល់អស់ហើយ គឺនៅរងចាំតែទទួលវិញ្ញាប័នប័ត្រ ពីក្រសួងពាណិជ្ជកម្មតែប៉ុណ្ណោះ។

បើតាមលោក ចាន់ ឡាលីដដែល នៅក្នុងឆ្នាំ២០២០ សហគមន៍ក៏ទទួលបានដែរ ការចុះកិច្ចសន្យាលក់ ទៅឱ្យក្រុមហ៊ុនសកលសរីរាង្គខ្មែរ KOC ប្រមាណ ៧០០លីត្រ។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ចរន្តនៃការប្រើប្រាស់ទឹកឃ្មុំព្រៃធម្មជាតិសុទ្ធ១០០ភាគរយនេះ គឺមានកំណើនកើនឡើងជាង១០០តោនក្នុង១ឆ្នាំ។ ចំពោះទីផ្សារទឹកឃ្មុំព្រៃ ខេត្តមណ្ឌលគិរីវិញ គឺមានតែនៅក្នុងស្រុកប៉ុណ្ណោះ ដោយបានលក់ចេញ និងចែកចាយ នៅរាជធានីភ្នំពេញ, ខេត្តសៀមរាប ខេត្តព្រះសីហនុ និងលក់តាម Online ប្រមាណ ២០តោន។

ជារៀងរាល់ឆ្នាំ ការប្រមូលផលទឹកឃ្មុំ ត្រូវបានធ្វើឡើងចំនួន២ទៅ៣ដង ក្នុងមួយរដូវៗ ដែលគិតចាប់ពី ខែមិនារហូតដល់ខែមិថុនា។ ការប្រមូលទឹកឃ្មុំព្រៃ ដែលជាទឹកឃ្មុំធម្មជាតិនេះ គឺត្រូវកាត់យកក្បាលទឹកប្រមាណ ៨០% ដោយទុក សម្បុកឃ្មុំ២០%ទៀត សម្រាប់បន្តពូជ និងប្រមូលយកទឹកឃ្មុំនៅឆ្នាំក្រោយៗទៀត។ ក្នុង១ថ្ងៃប្រជាសហគមន៍ប្រមាណជាង១០០គ្រួសារ ប្រមូលផលទឹកឃ្មុំបានពី ១០០លីត្រទៅជាង៣០០លីត្រក្នុងមួយថ្ងៃ នារដូវប្រមូលផលទឹកឃ្មុំ។ នេះបើតាមការឱ្យដឹងពីលោកកើញ បូផាត់ ប្រធានក្រុមអ្នកប្រមូលឃ្មុំព្រៃជនជាតិដើមភាគតិចព្រៃរបាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI