កម្ពុជា-សង្គម

លោកហ៊ុន សែន ប្រកាសបន្តលះបង់ប្រាក់ខែជានាយករដ្ឋមន្រ្តី៧ខែទៀតយកទៅចំណាយប្រយុទ្ធប្រឆាំងកូវីដ១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា © TANG CHHIN Sothy / AFP
ដោយ៖ វណ្ណ សុគន្ធា
១៣ នាទី

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ បាន​ប្រកាស​បន្ត​បរិច្ចាគ​ប្រាក់​បៀវត្ស​របស់​លោក​រយៈពេល​៧​ខែ​ទៀត​ជូន​ដល់​ក្រសួង​សុខាភិបាល​កម្ពុជា​ ដើម្បី​យក​ទៅ​ប្រើប្រាស់​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​។ ការ​បរិច្ចាគ​នេះ​ នឹង​ចាប់​ផ្តើម​ធ្វើ​ឡើង​ចាប់​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០២១​ត​ទៅ​។​ កន្លងមក ​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​ក៏​ធ្លាប់​បាន​បរិច្ចាគ​ប្រាក់​ខែ​របស់​ខ្លួន​ចំនួន​៧​ខែ​រួច​មក​ហើយ​ដែរ​ដែល​សរុប​ជា​ទឹកប្រាក់​ចំនួន​ជាង​៦៣​លាន​រៀល​។

ផ្សាយពាណិជ្ជកម្ម

ការសម្រេចបរិច្ចាគប្រាក់ខែបន្តរយៈពេល៧ខែទៀតរបស់ប្រមុខរដ្ឋាភិបាលកម្ពុជានេះ គឺបន្ទាប់ពីលោកមើលឃើញថា ជំងឺកូវីដ១៩ បាននិងកំពុងកើតមានបន្តនៅទូទាំងពិភពលោកក្នុងនោះក៏មានទាំងប្រទេសកម្ពុជាផងដែរ។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានសម្រេចបរិច្ចាគប្រាក់ខែរបស់លោកបន្តចាប់ពីខែកុម្ភៈ ដល់ ខែសីហា ឆ្នាំ២០២១ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកាចសហាវនេះនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ជូនថា ក្នុងតំណែងជានាយករដ្ឋមន្រ្តីកម្ពុជា លោកហ៊ុន សែន ទទួលបានប្រាក់បៀវត្សចំនួន១០លានរៀលក្នុងមួយខែ ហើយត្រូវបង់ពន្ធ៩១០.០០០រៀលក្នុងមួយខែ ។ កន្លងមក លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានបរិច្ចាគប្រាក់ខែចំនួន៧ខែរួចមកហើយជូនដល់ក្រសួងសុខាភិបាលកម្ពុជាដែលសរុបជាទឹកប្រាក់ទៅ គឺចំនួន៦៣.៦៣៩.០០០រៀល បន្ទាប់ពីកាត់ពន្ធប្រាក់ខែជូនរដ្ឋរួច។

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានសម្រេចបរិច្ចាគប្រាក់ខែជាលើកដំបូង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩កាលដើមខែមេសា ឆ្នាំ២០២០ គឺចំពេលដែលជំងឺកូវីដ១៩កំពុងរាលដាលខ្លាំងក្នុងប្រទេសកម្ពុជា។ ក្រោយមក មន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលកម្ពុជា មានឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី និងរដ្ឋលេខាធិការជាច្រើនរូបផងក៏បានបរិច្ចាគប្រាក់ខែរបស់ខ្លួនដូចលោកនាយករដ្ឋមន្រ្តីដែរ។ មិនតែប៉ុណ្ណោះ មន្រ្តីរាជការស៊ីវិល យោធា កងកម្លាំងប្រដាប់អាវុធ រួមទាំងមន្រ្តីតុលាការរាប់រយនាក់ក៏បានចូលរួមបរិច្ចាគជាប្រាក់ខែតាមលទ្ធផលជូនដល់ក្រសួងសុខាភិបាលកម្ពុជា។

ការចូលរួមបរិច្ចាគរបស់មន្រ្តីរាជការ និងប្រជាពលរដ្ឋកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះកាន់តែរីកធំឡើងនៅពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រកាសពីគម្រោងបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ រដ្ឋាភិបាលកម្ពុជាទទួលបានថវិកាជាច្រើនលានដុល្លារអាមេរិកពីការចូលរួមបរិច្ចាគនេះ។ ការចូលរួមនេះ ត្រូវបានលោកនាយរដ្ឋមន្រ្តីហ៊ុន សែន ហៅថា ជាចលនាជាតិដ៏ធំធេង និងជាខឿនការពារសុខភាពប្រជាជន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI