កម្ពុជា-សេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច៖ វិស័យកសិកម្ម និងកសិឧស្សាហកម្មអាចជួយឱ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញលឿន

បុរសម្នាក់កំពុងលើកណ្តប់ស្រូវបន្ទាប់ពីច្រូតកាត់
បុរសម្នាក់កំពុងលើកណ្តប់ស្រូវបន្ទាប់ពីច្រូតកាត់ AP - Heng Sinith
ដោយ៖ ហេង សុខនី
១៤ នាទី

បន្ទាប់​ពី​បាន​រង​ផល​ប៉ះពាល់​ ជា​សកល​ពី​វិបត្តិ​កូវីដ១៩​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ ៣​ចំនុច​ ដើម្បី​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ងើប​ឡើង​វិញ​ឆាប់​រហ័ស​ក្នុង​ឆ្នាំ​២០២១​។ ក្នុង​នោះ​វិស័យ​កសិកម្ម​ និង​កសិ​ឧស្សាហកម្ម​គឺ​ជា​ដង្ហើម​សេដ្ឋកិច្ច​ ព្រោះ​កម្ពុជា​ ជា​ប្រទេស​មាន​សក្តានុពល​កសិកម្ម​ និង​មាន​លទ្ធភាព​នាំ​ចេញ​ផលិតផល​កសិកម្ម​ទាំង​នេះ​ ទៅ​ក្រៅ​ប្រទេស​បាន​ទៀត​ផង​។

ផ្សាយពាណិជ្ជកម្ម

លោកវង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថា បើទោះជាកូវីដ១៩មិនទាន់ផុតរលត់ពីកម្ពុជា តែកម្ពុជាអាចស្តារសេដ្ឋកិច្ចឡើងវិញបាន តាមរយៈគោលនយោបាយ ៣ចំនុច ទី១.គឺការធានាបានការរស់នៅបន្តបាន ទី២. ការធ្វើឱ្យរស់រវើកឡើងវិញនូវជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាផ្នែកអាជីវកម្ម ធុរកិច្ច និងសង្គមទាំងមូល និងទី៣. កិច្ចសម្រួលពាណិជ្ជកម្ម កាត់បន្ថយការចំណាយក្រោមតុ ដើម្បីបង្កបរិយាកាសដល់អ្នកវិនិយោគក្នុង និងក្រៅស្រុក។

សម្រាប់កម្ពុជា កសិកម្មគឺជាដង្ហើមសេដ្ឋកិច្ច ស្របពេលដែលកម្ពុជា មានដីកសិកម្មច្រើន មិនត្រឹមតែផលិតសម្រាប់ហូប និងផ្គត់ផ្គង់ក្នុងស្រុកទេ គឺអាចនាំចេញផលិតផលទាំងនេះ ទៅក្រៅប្រទេសទៀតផង។ ទន្ទឹមនឹងនេះ ភាពប្រកួតប្រជែង តាមរយៈការបន្ទាបថ្លៃដើមនៃការផលិតក៏ជាដើមចម នាំឱ្យសន្ទុះការនាំចេញមានការកើនឡើងខ្ពស់ ដែលនេះជាហេតុផលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា រក្សាបាននៅលំនឹងសេដ្ឋកិច្ច។ នេះបើតាមលោក វង្សី វិស្សុត។

លោករដ្ឋលេខាធិការប្រចាំការបន្តថា ប្រទេសដែលមានសមត្ថភាព ធ្វើឱ្យសេដ្ឋកិច្ចងើបលឿនជាងគេ គឺជាប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម និងឧស្សាហកម្ម មិនមែនជាប្រទេសដែលពឹងលើសេវាកម្មនោះទេ បើពឹងលើផ្នែកនេះ សេដ្ឋកិច្ចនឹងមានការងើបឡើងយឺតបំផុត។

អ្នកវិភាគ និងអ្នកជំនាញសេដ្ឋកិច្ចនានាមើលឃើញថា វិស័យកសិកម្ម និងកសិឧស្សាហកម្មពិតជាសំខាន់សម្រាប់ស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយកូវីដ១៩ ស្របពេលដែលវិស័យអាទិភាពមួយចំនួនទៀតរងការវាយប្រហារយ៉ាងដំណំពីឥទ្ធិពលនៃជំងឺឆ្លងសកល ក៏ប៉ុន្តែ ដើម្បីឲ្យវិស័យទាំងនេះ អាចដើរទៅមុខ លុះត្រាតែរដ្ឋាភិបាលមានយន្តការជាក់លាក់ផងដែរ។

ទោះយ៉ាងណា បើតាមលោក វង្សី វិស្សុត ដើម្បីជំរុញខឿនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែខ្លាំង និងរឹងមាំ កម្ពុជាត្រូវតែបន្តអនុវត្តការបង្កើនភាពធនសេដ្ឋកិច្ចជាបន្តទៀត ដែលកាលពីឆ្នាំ២០២០ កម្ពុជាបានអនុវត្តល្អប្រសើរហើយ ទើបធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះត្រឹម ដក៣,១%។ លោកថា ប្រសិនមិនមានការគ្រប់គ្រងល្អ និងអន្តរាគមន៍មានប្រសិទ្ធភាពទេនោះ សេដ្ឋកិច្ចកម្ពុជាអាចនឹងធ្លាក់ចុះច្រើនជាងនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI