កម្ពុជា-សេដ្ឋកិច្ច

រដ្ឋាភិបាលកម្ពុជារំពឹងថា កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១ នឹងងើបឡើងវិញក្នុងអត្រា៤%

រូបភាពអគារខ្ពស់ នៅទីក្រុងភ្នំពេញ
រូបភាពអគារខ្ពស់ នៅទីក្រុងភ្នំពេញ © សហការី
ដោយ៖ វ៉ា សំណព្វ
១៧ នាទី

​រដ្ឋាភិបាល​កម្ពុជា​រំពឹង​ថា​ ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២​០​២​១​នេះ​ ​នឹង​ងើបឡើង​វិញ​ក្នុង​អត្រា​៤​% ​ខណៈ​ដែល​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​ចំនួន​តួយ៉ាងដូចជា​ ​មូលនិធិ​ហិរញ្ញវត្ថុ​អន្តរជាតិ​ ( ​I​M​F​) ​បាន​ព្យាករថា​ ​កំណើន​សេដ្ឋកិច្ច​សកលលោក​ នឹង​ងើប​​ឡើងវិញ​ក្នុងរង្វង់​ ​៥​,​៥​%​។​ ​សូម​បញ្ជាក់​ថា​ ​​វិបត្តិ​ដែល​បង្ក​រ​ឡើង​ដោយ​ជំងឺ​កូ​វី​ដ​១​៩​ ​បាន​ធ្វើ​អោយ​អត្រា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២​០​២​០​កន្លងទៅ​ ​បាន​ធ្លាក់ចុះ​ក្នុងរង្វង់​ -​៣​,​១​%​។

ផ្សាយពាណិជ្ជកម្ម

កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងទុកថា នឹងងើបឡើងវិញពីរង្វង់ -៣,១%នៅឆ្នាំ២០២០ ដល់៤% វិញ នៅឆ្នាំ២០២១។ នោះក៏ដោយសារការរំពឹងទុកនូវលំហូរចូលឡើងវិញនូវទុនវិនិយោគពីបរទេស និងពីតម្រូវការសកល រួមទាំងវិធានការអន្តរាគមន៍របស់រដ្ឋាភិបាលកម្ពុជា ដែលនឹងជួយជំរុញដល់កំណើនវិស័យធំៗមួយចំនួន ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា តួយ៉ាងដូចជា វិស័យទេសចរណ៍ វិស័យកាត់ដេរ វិស័យសំណង់និងអចលនទ្រព្យ វិស័យកសិកម្ម និងវិស័យកម្មន្តសាលមិនមែនកាត់ដេរជាដើម។

នៅក្នុងវេទិការសាធារណៈ ស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២១ ដែលរៀបចំធ្វើនៅឯសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ឈាង វណ្ណារិទ្ធអគ្គនាយកគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា វិស័យទេសចរណ៍ នឹងងើបឡើងវិញក្នុងរង្វង់ពី -៣៦% នៅឆ្នាំ២០២០ មក ០,៣%វិញ។ កំណើនតិចតួចនេះ គឺដោយសារតែទេសចរណ៍ក្នុងស្រុក។

វិស័យកាត់ដេរ ត្រូវបានរំពឹងថា នឹងងើបឡើងវិញពី -៦,៤%នៅឆ្នាំ២០២០ ដល់ ៤,៦%នៅឆ្នាំ២០២១។ នោះគឺដោយសារការកើនឡើងនៃតម្រូវការនៃប្រទេសជាដៃគូ និងការដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរឆ្នាំ២០២១-២០២៥។ ចំណែកវិស័យកសិកម្មវិញ ទោះបីជារងគ្រោះដោយសារតែទឹកជំនន់ និងការប្រែប្រួលអាកាសធាតុក្តី តែវិស័យនេះ នឹងកើនឡើងជាវិជ្ជមានពី ០,៥%នៅឆ្នាំ២០២០ដល់ ១,៣%នៅឆ្នាំ២០២១។  រីឯវិស័យសំណង់និងអចលនទ្រព្យវិញ ក៏ត្រូវបានរំពឹងថា នឹងងើបឡើងវិញបន្តិចដែរនៅឆ្នាំ២០២១នេះ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា កំណើនសេដ្ឋកិច្ចកម្ពុជា អាចកើនឡើងខ្ពស់ជាង៤%នេះទៅទៀត នោះប្រសិនបើវិស័យទេសចរណ៍ ដែលតំណាងឲ្យ១៣%នៃ GDP របស់កម្ពុជា អាចងើបចេញពីវិបត្តិឡើងវិញ និងខណៈដែលការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោកមិនយឺតយ៉ាវទេនោះ។

បើតាមរដ្ឋលេខាធិការប្រចាំការរូបនេះ កម្ពុជាមានសង្ឃឹមជាវិជ្ជមានចំពោះកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំ២០២១នេះ ក៏ដោយសារកម្ពុជាបានពង្រីកទីផ្សារថ្មីៗបន្ថែមទៀត តួយ៉ាងដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង កិច្ចព្រមព្រៀង RCEP រួមទាំងការបន្តទទួលភាពអនុគ្រោះពន្ធពាណិជ្ជកម្ម EBA ពីចក្រភពអង់គ្លេស និងការងើបឡើងវិញនៃទីផ្សារសហរដ្ឋអាមេរិកជាដើម។

សូមបញ្ជាក់ថា ដោយសារតែវិបត្តិដែលបង្ករឡើងដោយជំងឺកូវីដ១៩ ធ្វើអោយអត្រាកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០កន្លងទៅ បានធ្លាក់ចុះក្នុងរង្វង់ -៣,១%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI