កម្ពុជា-នយោបាយ

អង្គការសិទ្ធិមនុស្ស៖ការបន្តពន្យារពេលបើកសវនាការលោកកឹម សុខារបស់តុលាការ គឺពាក់ព័ន្ធនឹងបញ្ហានយោបាយ

លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ
លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ AP
ដោយ៖ វណ្ណ សុគន្ធា
១៩ នាទី

គិត​មក​ដល់​ថ្ងៃ​ពុធ​នេះ​ សាលា​ដំបូង​រាជធានីភ្នំពេញ​មិន​ទាន់​ឆ្លើយ​តប​ថា​បើក​ឡើង​វិញ​ ឫ​បន្ត​ពន្យារ​ពេល​សវនាការ​លោក​កឹម សុខា ​តាម​ការ​ស្នើ​សុំ​របស់​ក្រុម​មេធាវី​លោក​កឹម សុខា​នៅ​ឡើយ​ទេ​។ បញ្ហា​នេះ​ ត្រូវ​បាន​អង្គការ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មើល​ឃើញ​ដូចៗគ្នា​ថា​ អាច​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ទើប​មិន​ទាន់​សម្រេច​បែប​ណា​យ៉ាង​នេះ​។ ប៉ុន្តែ​ក្រសួង​យុត្តិធម៌​កម្ពុជា​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ ដោយ​អះអាង​ថា​ សំណុំ​រឿង​លោក​កឹម សុខា ​មិនមែន​ជា​សំណុំ​រឿង​ពិសេស​ដែល​ត្រូវ​បើក​សវនាការ​មុន​គេ​នោះ​ទេ​។

ផ្សាយពាណិជ្ជកម្ម

អង្គការសិទ្ធិមនុស្សនៅកម្ពុជា និងមេធាវីលោកកឹម សុខា បានលើកឡើងថា នៅពេលនេះ គឺជាពេលសមស្របហើយដែលតុលាការក្រុងភ្នំពេញគួរតែបន្តសវនាការលោកកឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិឡើងវិញ បន្ទាប់ពីផ្អាកជិតមួយឆ្នាំកន្លងទៅ។ សម្រាប់ពួកគេ ជាពេលសមស្របនេះ គឺដោយសារជំងឺកូវីដ១៩ត្រូវបានរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងបានដែលមិនផ្តល់ហានិភ័យដល់សវនាការលោកកឹម សុខាទៀតឡើយ។ លោកស្រី ចក់ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានអះអាងថា ការបន្តដាក់ករណីលោកកឹម សុខា នៅទ្រឹងបែបនេះ គឺនាំឱ្យមានចំណោ​ទកាន់តែខ្លាំងពីហេតុផលនយោបាយនៅពីក្រោយនៃករណីនេះ។

ចំណែក លោកអំ សំអាត នាយក​រង​ផ្នែក​ឃ្លាំ​មើល ​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូវិញបានចាត់ទុកការពន្យារពេលសវនាការលោកកឹម សុខានេះថា ជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយ។ ជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយ គឺព្រោះថា លោកកឹម សុខា ជាប្រធានអតីតបក្សប្រឆាំងដ៏ធំមួយនៅកម្ពុជាដែលមានការចាប់អារម្មណ៍ខ្លាំងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ លោកនី សុខា ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​ ​និង​ដីធ្លី​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អា​ដ​ហុ​កក៏យល់ឃើញដូចគ្នានេះដែរ។ លោកបានបន្ថែមថា ប្រសិនបើតុលាការនៅតែបន្តពន្យារពេលសវនាការលោកកឹម សុខាតទៅទៀត គឺប្រាកដណាស់ថា តុលាការក្រុងភ្នំពេញនឹងទទួលរងការរិះគន់ទាំងពីសំណាក់សាធារណមតិជាតិ និងអន្តរជាតិមិនខាន។

ជុំវិញបញ្ហានេះ ប្រធានសាលាដំបូងរាជធានីភ្នំពេញលោកតាំង ស៊ុនឡាយ និងអ្នកនាំពាក្យ លោកអ៊ី រិន មិនទាន់អាចទាក់​ទងសុំការពន្យល់បាននៅឡើយទេ។ ប៉ុន្តែលោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានច្រានចោលចំពោះការចោទប្រកាន់ថា ករណីលោកកឹម សុខា ជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ។ លោកជិន ម៉ាលីន បានអះអាងថា នៅពេលនេះ តុលាការកំពុងរវល់ដោះស្រាយសំណុំរឿងដែលមានជនជាប់ចោទកំពុងជាប់ឃុំ ដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿងនៅក្នុងតុលាការ។ លោកបានគូសបញ្ជាក់ទៀតថា សំណុំរឿងលោកកឹម សុខានេះ មិនមែនជាសំណុំរឿងអាទិភាព។ មិនអាទិភាព ដោយសារតែលោកកឹម សុខា កំពុងមានសេរីភាពអាចដើរហើរ និងធ្វើសកម្មភាពផ្សេងៗបាន។

ក៏ប៉ុន្តែលោកស្រីម៉េង សុភារី សហមេធាវីម្នាក់របស់លោកកឹម សុខា បានចាត់ទុកថា នេះ គឺជាគ្រាន់តែសេរីភាពមួយផ្នែកតូចតែប៉ុណ្ណោះ ព្រោះលោកមិនអាចធ្វើសកម្មភាពនយោបាយ និងមិនអាចចេញទៅក្រៅប្រទេសបាន។ បើតាមលោកស្រីមេធាវី លោកកឹម សុខា ចង់បានសេរីភាពពេញលេញរបស់លោកមកវិញ។ ជាមួយគ្នានេះ ទាំងមេធាវីលោកកឹម សុខា និងអង្គការសិទ្ធិមនុស្សនៅកម្ពុជាសុទ្ធតែបានអះអាងដូចគ្នាថា ការពន្យារពេលសវនាការនេះ គឺបានប៉ះពាល់ដល់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់លោកកឹម សុខា។

សូមបញ្ជាក់ថា សវនាការរបស់លោកកឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញត្រូវបានផ្អាកជាបណ្តោះអាសន្នពាក់កណ្តាលទីកាលពីអំឡុងខែមីនា ឆ្នាំ២០២០ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។ លោកកឹម សុខា ត្រូវបានតុលា​ការចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេសចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែ លោកកឹម​ សុខា បានបដិសេធចំពោះការចោទប្រកាន់នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI