វត្ថុ​បុរាណ​ខ្មែរ​ជាង​១០០​រូបរួម​ទាំង​សម្បត្តិ​វប្បធម៌​ខ្មែរ​ជា​ច្រើន​ទៀត នឹង​ត្រូវ​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ

វត្ថុបុរាណខ្មែរមួយចំនួនស្ថិតនៅក្នុងចំណោមជាង១០០រូប រួមទាំងសម្បត្តិវប្បធម៌ខ្មែរជាច្រើនទៀត ត្រៀមបញ្ជូនត្រឡប់មកកម្ពុជាវិញ
វត្ថុបុរាណខ្មែរមួយចំនួនស្ថិតនៅក្នុងចំណោមជាង១០០រូប រួមទាំងសម្បត្តិវប្បធម៌ខ្មែរជាច្រើនទៀត ត្រៀមបញ្ជូនត្រឡប់មកកម្ពុជាវិញ © ក្រសួងវប្បធម៌

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ឲ្យ​ដឹង​ថា វត្ថុ​បុរាណ​ខ្មែរ​ជាង​១០០​រូប រួម​ទាំង​សម្បត្តិ​វប្បធម៌ខ្មែរ​ជា​ច្រើន​ទៀត នឹង​ត្រូវ​បញ្ជូន​អោយ​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ជា​បន្ត​បន្ទាប់​នៅ​ពេល​ខាង​មុខនេះ។ បើ​តាម​ក្រសួង​វប្បធម៌ ការ​បញ្ជូន​វត្ថុ​បុរាណ​ខ្មែរ​វិល​ត្រលប់​មក​ប្រទេស​កំណើត​វិញ​នេះ គឺ​បន្ទាប់​ពី​បានឆ្លង​កាត់​ការ​ចរចា​អស់​រយៈ​ពេល​៣ឆ្នាំ​ជាមួយ​ក្រុម​គ្រួសារ​ជនជាតិ​អាមេរិកាំង​មួយ​របស់​លោក​ ឌូគ្លាស ឡាចហ្វដ (Douglas Latchford) ដែល​បាន​ប្រមូល​ទុក​វត្ថុ​បុរាណ​ទាំងនេះ អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មកហើយ។ 

ផ្សាយពាណិជ្ជកម្ម

ស្នាដៃ​ពិចិត្រ​ទាំង​នេះ មាន​អាយុ​កាល​តាំង​ពី​សតវត្សរិ៍​ទី៦ រហូត​ដល់​សម័យ​ក្រោយ​អង្គរ រួម​ទាំង​រតនៈ​វត្ថុ​ដ៏ល្អ​ឯក មក​ពី​អតីត​រាជ​ធានី​កោះកេរ្តិ៍ និង​តំបន់​អង្គរ​ជាដើម។ ហើយ​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​នេះ វត្ថុបុរាណ​ខ្មែរ​ចំនួន​៥រូប ក្នុង​ចំណោម​វត្ថុ​បុរាណ​ខ្មែរ​ជាង​១០០​រូប ក្នុង​នោះ​រួមមាន​បដិមា​ព្រះឥសូរ និង​ព្រះស្កន្ទ (សិវស្កន្ទ) ធ្វើ​អំពី​ថ្ម​ភក់ មក​ពី​រមណីយដ្ឋាន​កោះកេរ្តិ៍ រួម​និង​កន្សៃ​ទូក​ធ្វើ​អំពី​សំរិទ្ធ នឹង​ត្រូវ​បញ្ជូន​មកដល់​មាតុភូមិ​កម្ពុជា​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ។ នៅ​ពេល​មក​ដល់​កម្ពុជា វត្ថុ​បុរាណ​ទាំង​នោះ នឹង​ត្រូវ​ដាក់តាំង​បង្ហាញ​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ។ នេះ​បើ​តាម​សេចក្តីជូន​ដំណឹង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ កាល​ពី​ថ្ងៃ​ទី ២៩ មករា។

បើ​តាម​ក្រសួង​វប្បធម៌ ការ​បញ្ជូន​វត្ថុ​បុរាណ​ខ្មែរ​វិល​ត្រលប់​មក​ប្រទេស​កំណើត​វិញ​នេះ គឺ​បន្ទាប់​ពី​បាន​ឆ្លងកាត់​ការ​ចរចា​អស់​រយៈ​ពេល​៣ឆ្នាំ​ជាមួយ​ក្រុម​គ្រួសារ​ជនជាតិ​អាមេរិកាំង​មួយ​របស់​លោក ឌូគ្លាស ឡាចហ្វដ (Douglas Latchford) ដែល​បាន​ប្រមូល​និង​រក្សា​ទុក​វត្ថុ​បុរាណ​ទាំង​នេះ អស់​រយៈ​ពេល​ជា​ច្រើនទសវត្សរ៍​មក​ហើយ។ ការ​ចរចា​នេះ ធ្វើ​ឡើង​ក្រោម​កិច្ច​សហការ​ជាមួយ​ការិយាល័យ​រដ្ឋ​អាជ្ញា​សហរដ្ឋអាមេរិក​ប្រចាំ​តំបន់​ភាគ​ខាងត្បូង​ទីក្រុង​ញូវយ៉ក ភ្នាក់ងារ​ស៊ើប​អង្កេត​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក និង​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត ក្នុង​នោះ​ក៏​មាន​លោក​ស្រី Nawapan Kriangsak កូនស្រី​របស់​លោក Douglas Latchford ដែល​បាន​ផ្តួចផ្តើម​គំនិត​និង​មាន​ឆន្ទៈ ក្នុង​ការ​រួមចំណែក​លើក​ស្ទួយ​មរតក​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​កម្ពុជា​ផង​ដែរ។ ហើយ​កាល​ពី​ថ្ងៃ​ទី ១៨ ខែ​កញ្ញា ឆ្នាំ ២០២០ កន្លង​ទៅ​នេះ ភាគី​ទាំងពីរ​បាន​ចុះហត្ថ​លេខាលើ​កិច្ច​ព្រមព្រៀង​មួយ ស្តីពី ការ​បញ្ជូន​ត្រឡប់​មកវិញ​នៃ​សម្បត្តិ​វប្បធម៌​ខ្មែរ​នេះ។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និងវិ​ចិត្រ​សិល្បៈ បាន​ចាត់​ទុក​ថា ការ​សម្រេច​បញ្ជូន​ត្រឡប់​មក​វិញ​នូវ​រូប​ចម្លាក់​ទាំង​នេះ ស​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ទាមទារយក​មក​វិញ​នូវ​សម្បត្តិវប្បធម៌​ខ្មែរ​ដែល​បាន​បាត់បង់ ហើយ​ការ​បញ្ជូន​ត្រឡប់​មក​វិញ​នេះ គឺ​ជា​ព្រឹត្តិការណ៍ប្រវត្តិ​សាស្ត្រ​មួយ​សម្រាប់​ប្រជាជន​កម្ពុជា និង​ពិភពលោក។ ហើយថា ក្រសួង​នឹង​បន្ត​ធ្វើ​កិច្ច​ការងារ​នេះ ដើម្បី​ការពារ និង​ថែរក្សា​មរតក​វប្បធម៌​ខ្មែរ ដោយ​បន្ត​សហការ​ជាមួយ​ក្រុមគ្រួសារ​របស់​លោក ឌូគ្លាស ឡាចហ្វដ (Douglas Latchford) ក៏​ដូច​ជា​អ្នក​ប្រមូល​បុរាណ​វត្ថុ​ដ៏ទៃ​ទៀត​នៅ​ទូទាំង​ពិភព​លោក។

ចំណែកអ្នក​អង្គ​ម្ចាស់​ក្សត្រី នរោត្តម ចាន់ស៊ីតា ដែល​ជា​បុត្រី​របស់​សម្តេចរាជ​បុត្រី​ព្រះរៀម នរោត្តម បុប្ឆាទេវី ជានាដការី​របាំ​ព្រះរាជទ្រព្យខ្មែរ​ដ៏​ល្បីល្បាញ​ជា​អន្តរ​ជាតិ មាន​បន្ទូល​ដែរ​ថា អ្នក​អង្គ​ម្ចាស់​ក្សត្រី រីករាយ​ដែលទទួល​បាន​ដំណឹង​ថា វត្ថុ​បុរាណ​ខ្មែរ​ដ៏​អស្ចារ្យនេះ នឹង​វិល​ត្រលប់​មក​កម្ពុជា​វិញ ពី​ព្រោះ​រតន​សម្បត្តិ​ទាំងនេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះរាជា​ខ្មែរ ជា​ច្រើន​ជំនាន់​អស់​ជាង​៦០០​ឆ្នាំ​នៃ​អារ្យធម៌​អង្គរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI