រដ្ឋបាលខេត្តព្រះសីហនុ ព្រមានមិនលើកលែងដល់អ្នកប៉ះពាល់ដីសម្បត្តិរដ្ឋនៅកុ្រងកោះរ៉ុង
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ជំហយ៉ាងម៉ឺងម៉ាត់ថា នឹងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងដោយមិនលើកលែងចំពោះជនណា ដែលបានប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិរបស់រដ្ឋ លើដីនៅសង្កាត់កោះរ៉ុង និងកោះរ៉ុងសន្លឹម ក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី ២៩ខែមករា ដោយបញ្ជាក់ថា ដីស្របច្បាប់ដែលរដ្ឋ បានធ្វើប្រទានកម្មជាកម្មសិទ្ធិដល់ពលរដ្ឋរស់នៅអចិន្ត្រៃយ៍លើកោះរ៉ុង មានតែ ៦៣៧ក្បាលដីប៉ុណ្ណោះ ហើយ ៥៨៤ក្បាលដីទៀត ត្រូវចាត់ថាមិនស្របច្បាប់។
រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា នៅសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ក្នុងក្រុងកោះរ៉ុង មានក្បាលដីស្របច្បាប់ត្រឹមតែ ៦៣៧ក្បាលដី ឬ ស្មើនឹងទំហំ ៥២៨,៣៧ហិកតាប៉ុណ្ណោះ។ ក្បាលដីនេះ ត្រូវចាត់ទុកថា ស្របច្បាប់ ដោយសាររដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ចុះថ្ងៃទី ៤ខែមេសា ឆ្នាំ ២០១៨ សម្រេចកាត់ដីទំហំ ៥២៨,៣៧ហិកតា នេះ ចេញពីដីឯកជនរបស់រដ្ឋកំណត់ដោយអនុក្រឹត្យឆ្នាំ ២០០៨ ដើម្បីប្រទានកម្មជាកម្មសិទ្ធិដល់ពលរដ្ឋរស់នៅអចិន្ត្រៃយ៍នៅលើកោះរ៉ុង ចំនួន ២៩៨គ្រួសារ។
ដោយឡែកទីតាំងដី ចំនួន ៥៨៤ក្បាលដី គឺត្រូវបានចាត់ទុកថាមិនស្របច្បាប់ ដោយសារគណៈកម្មការរដ្ឋបាល បានសម្រេចមិនផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់ពលរដ្ឋទាំងនោះទេ ដោយសំអាងលើហេតុផលចំនួន៤។ ហេតុផលទាំង ៤ គឺដោយសារពលរដ្ឋចំនួន ៣៦០ក្បាលដី មិនមានអាសយដ្ឋានអចិន្ត្រៃយ៍លើកោះ។ ចំណែក ៧២ក្បាលដី គឺទីតាំងដីគ្មានទិន្ន័យ ខណៈ ១០៧ក្បាលដីទៀត ជាទីតាំងមានទំនាស់ និង ៤៥ក្បាលដី ជាទីតាំងដីពាក់ព័ន្ធនឹងគម្រោងព្រលានយន្តហោះ។
អភិបាលក្រុងកោះរ៉ុង បានប្រាប់វិទ្យុបារាំង នៅថ្ងៃអាទិត្យនេះថា ការចេញសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុពេលនេះ គឺដើម្បីជាការដាស់តឿនដល់ម្ចាស់ក្បាលដីចំនួន ៥៨៤ក្បាលដីមិនស្របច្បាប់នោះ ខណៈគេសង្កេតឃើញថា ពួកគាត់កំពុងមានសកម្មភាពទិញ លក់ដូរ ដែលផ្ទុយពីច្បាប់។ រដ្ឋបាលខេត្តព្រះសីហនុ អះអាងថាមិនទទួលស្គាល់លើការផ្ទេរសិទ្ធិ ការទិញ លក់ ជួល បញ្ចាំ ហ៉ីប៉ូតែក ប្រទានកម្មអច្ច័យទាន សន្តតិកម្ម និងសិទ្ធិទាំងឡាយ ដែលពាក់ព័ន្ធនឹងក្បាលដីទាំង ៥៨៤នេះទេ។
ការមិនទទួលស្គាល់នេះ នឹងធ្វើឡើងបើទោះបីជាម្ចាស់ក្បាលដីទាំង ៥៨៤នេះ មានឯកសារពាក់ព័ន្ធដូចជា លេងសម្គាល់ក្បាលដី លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី កិច្ចសន្យាទិញ លក់ដោយមានប្រថាប់ត្រាអាជ្ញាធរសង្កាត់ ឬ ប្រថាប់ត្រាមេធាវី ឬ កិច្ចសន្យាផ្ទេរសិទ្ធិដីធ្លីជាលក្ខណៈឯកជន និងគំនូសបង្ហាញទីតាំងដីក៏ដោយ។
បើតាមរដ្ឋបាលខេត្តព្រះសីហនុ ជនដែលដែលប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ឬ ជនណាដែលនៅក្រោយខ្នងនៃអំពើញុះញង់ បំផុសចលនាបង្កឲ្យមានភាពចលាចល នឹងត្រូវផ្តន្ទាទោស តាមច្បាប់ភូមិបាល ដែលមានការពិន័យជាប្រាក់ពី ៥លានរៀល ដល់ ៥០លានរៀល និងអាចជាប់ពន្ធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំទៀតផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ