កម្ពុជា-ភូមា

ទូតខ្មែរនិងវិស័យឯកជនអះអាងដូចគ្នាថា ប្រតិបត្តិការរបស់ខ្លួនមិនរងការរំខានពីចលនាបាតុកម្មនៅភូមាទេ

ស្ថានភាពក្រុមបាតុករនៅភូមា នាពេលបច្ចុប្បន្ន
ស្ថានភាពក្រុមបាតុករនៅភូមា នាពេលបច្ចុប្បន្ន AP - STR

ការងារ​ប្រចាំថ្ងៃ​របស់​មន្ត្រីទូត​ខ្មែរ​នៅ​ភូមា​ មិន​បាន​រង​ការ​រំខាន​ពី​ចលនា​បាតុកម្ម​នៅ​ទី​នោះ​ឡើយ​។ ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​អេស៊ីលីដា​នៅ​ភូមា​ ក៏​មិន​រង​ការ​រំខាន​ដែរ​ ទោះ​ជា​អាជ្ញាធរ​បិទ​​សេវា​អ៊ីនធ័រណិត​ទាំងស្រុង​ ដើម្បី​បង្អាក់​សន្ទុះ​បាតុកម្ម​របស់​​ប្រជាជន​ក៏ដោយ​។ ​យ៉ាង​ណា​ក៏​ដោយ ​ស្ថាប័ន​ទាំង​ពីរ​មិនទាន់​ធានាបាន​​ថា ភាព​ល្អ​ប្រសើរ​នេះ ​នឹង​បន្ត​រហូត​ដល់​ពេល​ណា​នៅ​ឡើយ​​។

ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១៧កុម្ភៈនេះ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា ការណ៍​ដែលការងារប្រចាំថ្ងៃរបស់មន្ត្រីទូតខ្មែរនៅភូមាមិនរងការរំខានពីចលនាបាតុកម្ម ដោយសារស្ថានទូតគោរពតាមបទបញ្ញត្តិផ្ទៃក្នុងរបស់ភូមា។ ដោយសារតែការងារប្រចាំថ្ងៃរបស់មន្ត្រីទូតមិនរងការរំខានបែបនេះហើយ ទើបរដ្ឋាភិបាលកម្ពុជាមិនមានគម្រោងក្នុងការហៅមន្ត្រីទូតប្រឡប់មកប្រទេសកំណើតបណ្ដោះអាសន្ន។ សម្រាប់កម្ពុជា ស្ថានភាពនៅភូមាមិនមានអ្វីគួរឲ្យបារម្មណ៍ពេកនោះទេ ព្រោះភូមាមិនមែនជាគោលដៅ​របស់​ពលរដ្ឋខ្មែរទូទៅមិនថា​ការសិក្សាឬបេសកម្មការងារឡើយ។

ចំណែកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេស៊ីលីដានៅភូមាក៏មិនមាន​រងការរំខានដោយប្រការណាមួយ​ដែរ គិតមកដល់ពេលនេះ។  ជាក់ស្ដែងពេលវេលា២ថ្ងៃនៃការកាត់ផ្ដា​ច់សេវាអ៊ីនធ័រណិតទាំងស្រុងនៅភូមា ការបញ្ជូនឯកសារនានារបស់អេស៊ីលីដាពី​ភូមា​មកកាន់អេស៊ីលីដានៅកម្ពុជានៅតែដំណើរការធម្មតា ដោយមិនមានភាពរអាក់រអួលអ្វីឡើយ។ ទោះជាគ្រប់យ៉ាងដំណើរការតាមធម្មតាតែលោក អ៊ិន ចាន់នី នាយកប្រតិបត្តិធនាគារអេស៊ីលីដាបង្ហាញក្ដីព្រួយបារម្ភ បើសិនជាស្ថានការណ៍នៅភូមាបន្តអូសបន្លាយដូច្នេះ។ ព្រួយបារម្ភដោយសារសហគ្រាសខ្នាតតូចនៅភូមា ក៏ត្រូវការស្ថិរភាពក្នុងការធ្វើអាជីវកម្មដែរ ព្រោះអេស៊ីលីដាជាអ្នកគាំ​ទ្រសហគ្រាសខ្នាតតូចនៅទីនោះ។

បើតាមលោក អ៊ីន ចាន់នី នៅចំពោះមុខស្ថានភាពបច្ចុប្បន្ន អេស៊ីលីដាគ្មានផែនការផ្អាកប្រតិបត្តិការផ្ដល់កម្ចីដល់ប្រជាជនភូមាឡើយ។ នៅភូមា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេស៊ីលីដាមានទុនសម្រាប់ធ្វើប្រតិបត្តិការកម្ចីប្រមាណជា៤០លានដុល្លារ។

សូមជម្រាបជូនថា គិតមកដល់ថ្ងៃទី១៧កុម្ភៈនេះស្ថានការណ៍វឹកវរ​នៅភូមា បាន​អូស​បន្លាយ​អស់​រយៈ​ពេលជាង​២​​សប្ដាហ៍ហើយ ក្រោយរដ្ឋប្រហារយោធានៅថ្ងៃទី០១កុម្ភៈ។ ក្រោយរដ្ឋប្រហារថ្ងៃទី០១កុម្ភៈ សកម្មភាពតវ៉ានិង​បាតុកម្ម​ជាច្រើនបានផ្ទុះឡើងនៅទូទាំង​ប្រទេស​ភូមា ដើម្បីទាមទារឲ្យដោះលែងលោកស្រី អ៊ុង សានស៊ូជី។  ជាការឆ្លើយតប​ចំពោះ​ចលនា​បាតុកម្ម​នេះ ក្រៅពី​បាន​ដាក់ពង្រាយ​កម្លាំងទាហានប្រដាប់​ដោយ​កាំភ្លើង អមដោយ​រថពាសដែក​ច្រូងច្រាង​នៅតាមទីក្រុងធំៗ ក្រុមកងទ័ពភូមាក៏បាន​បើក​ប្រតិបត្តិការចុះចាប់​មនុស្ស​ជាច្រើន ដើម្បី​សំដៅ​បំបាក់​មេចលនា​បំផុសបំផុល​បាតុកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI